(ស្ទឹងត្រែង)៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ លោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួស ខែរ៉ាម៉ាឌន ជូនដល់សាសនិកឥស្លាមក្នុងខេត្តស្ទឹងត្រែង។ អំណោយទាំងនេះ ទទួលបានពីអង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា។

ក្នុងឱកាសនោះ លោក ណុះ ស្លេះ បានថ្លែងអំណរគុណដល់ អង្គការសម្ព័ន្ធពិភពឥស្លាម ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងផ្តល់ជំនួយជូនប្រជាពលរដ្ឋកម្ពុជាដែលមានភាពខ្វះខាត ដោយមិនប្រកាន់ជាតិសាសន៍។ លោកបានបន្តលើកឡើងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី បានធានាមកនូវសុខដុមរមនារវាងជាតិសាសន៍ និងសាសនានៅកម្ពុជា កម្ពុជាគ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ និងសាសនានោះទេ។

លើសពីនោះទៅទៀត រដ្ឋាភិបាលកម្ពុជា តែងតែចូលរួមដោះស្រាយរាល់ទុក្ខកង្វល់ និងតម្រូវការ ជូនដល់សហគមន៍ឥស្លាមកម្ពុជាផងដែរ។ មិនតែប៉ុណ្ណោះសហគមន៍ឥស្លាម ក៏ត្រូវបានរាជរដ្ឋាភិបាលផ្ដល់សិទ្ធិ និងបើកឲ្យទទួលជំនួយពីបរទេសដើម្បីអភិវឌ្ឍន៍សហគមន៍ឥស្លាមជារៀងរហូតមក។ ជាមួយគ្នានោះ លោកបានជំរុញដល់ប្រជាពលរដ្ឋទាំងអស់ឲ្យទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា ដើម្បីបន្តទទួលបានម្លប់សុខសន្តិភាព និងការអភិវឌ្ឍជាបន្តទៀត។

គួរជម្រាបថា អំណោយដែលទទួលបានពីអង្គការខាងលើសម្រាប់ចែកជូនប្រជាពលរដ្ឋ ក្នុងមួយគ្រួសាររួមមាន អង្ករ ២៥គីឡូក្រាម, មី ១០កញ្ចប់, ទឹកដោះគោ ២កំប៉ុង, ស្ករស ១គីឡូក្រាម និងល្មើ១គីឡូក្រាម៕