(ភ្នំពេញ)៖ អធិការនគរបាលខណ្ឌមានជ័យ លោក តេង សីុណូ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលជំនាញរបស់លោក បាននាំជនដៃដល់ ដែលសម្លាប់ជនរងគ្រោះប្លន់យកម៉ូតូ ទៅបង្ហាញ និងចង្អុលទីតាំងកើតហេតុ ស្ថិតនៅចំណុចព្រៃក្រាស់វាលបឹងចារ៉ាច ផ្លូវ៦០ម៉ែត្រព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ដែលបានកើតឡើងកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ ហើយសពជនរងគ្រោះនៅសល់តែលលាក្បាល និងឆ្អឹងតែប៉ុណ្ណោះ ត្រូវបានអ្នកបង់សំណាញ់ប្រទះឃើញ។
លោក តេង សីុណូ បានរៀបរាប់ពីអំពើឃាតកម្មសម្លាប់ជនរងគ្រោះយ៉ាងដូច្នេះ កាលពីវេលាម៉ោង ៨យប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចព្រៃក្រាស់វាលបឹងចារ៉ាច ផ្លូវ៦០ម៉ែត្រព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីឃាតកម្មគិតទុកជាមុន កើតឡើង ០១លើក ស្លៀកពាក់ស៊ីវិល។
ជនសង្ស័យឈ្មោះយឺន មាន ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ ជាងធ្វើពិដានផ្ទះ ស្នាក់នៅ ផ្ទះជួល ផ្លូវ លំ ភូមិក្តីតាកុយ សង្កាត់ វាលស្បូវ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ដោយឡែកជនរងគ្រោះឈ្មោះជឿន សារុំ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ ជាងធ្វើពិដានផ្ទះ ស្នាក់នៅ ផ្ទះជួល ផ្លូវ លំ ភូមិ ដើមចាន់ សង្កាត់ ច្បារអំពៅទី២ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ (ស្លាប់)។
សម្ភារបាត់បង់៖ ម៉ូតូ ០១គ្រឿង ម៉ាក ហ្ស៊ូមមឺអ៊ិច (zoomer X) ពណ៌ ទឹកប្រាក់ សេរី២០១៦ ស្លាកលេខ គ្មាន ទូស័ព្ទ ០១គ្រឿង ម៉ាក អាយហ្វូនហ្វ័រ។
សម្ភារបន្សល់ទុកនៅនិងកន្លែងកើតហេតុ៖ នាឡិកាដៃ០១គ្រឿងមានស្នាមឆេះ, ក្បាលខ្សែក្រវ៉ាត់០១ មានស្នាមឆេះ, កាបូបដៃមួយបំណែកមានស្នាមឆេះ ។
ដំណើររឿង៖ កាលពីថ្ងៃទី០៧-០៥-២០១៦ វេលាម៉ោង១៤៖០០នាទី ឈ្មោះជុំ អៀម បានមកបង់សំណាញ់ នៅវាលបឹង (ចំណុចកើតហេតុ) ក៏បានដុតព្រៃដែលនៅក្បែរនោះលេងបណ្តាលអោយឆេះរួចក៏ត្រលប់ទៅផ្ទះ លុះមកដល់ថ្ងៃទី០៨-០៥-២០១៦ វេលាម៉ោង ៧ម៉៣០នាទី ឈ្មោះជុំ អៀម បានត្រឡប់មកបង់សំណាញ់រកត្រីម្តងទៀត ស្រាប់តែប្រទះឃើញនៅកន្លែងព្រៃ ដែលដុតនេះមានសាកសពម្នាក់ ត្រូវភ្លើងឆេះនៅលស់តែគ្រោងឆ្អឹង ក៏មករាយការណ៍ប្រាប់សមត្ថកិច្ច ពេលនោះសមត្ថកិច្ច បានចុះទៅពិនិត្យឃើញសាកសពឆេះនៅតែឆ្អឹងមួយចំនួន សាច់មួយចំនួន នឹងមានភាពហើមរលួយ បន្ទាប់ពីពិនិត្យរួចសមត្ថកិច្ចយើង បានប្រមូលយកបំណែកសាកសព ដែលនៅសល់យកទៅបូជា នៅវត្តចាក់អង្រែក្រោម។
លុះមកដល់ថ្ងៃទី០៩-០៥-២០១៦ វេលាម៉ោង ១១ម៉ ០០នាទី មានឈ្មោះ ពេជ្រ រដ្ឋា ភេទ ស្រី អាយុ ២០ឆ្នាំ បានមកពិនិត្យលើវត្ថុតាង ដែលបន្សល់ទុកនៅលើសាកសព រួចក៏អះអាងថាវត្ថុតាង ដែលរកឃើញនេះគឺពិតជារបស់ជនរងគ្រោះឈ្មោះ ជឿន សារុំ (ត្រូវជាប្អូនជីដូនមួយ) ដែលបានបាត់ខ្លួនចេញពីផ្ទះនៅថ្ងៃទី០២-០៥-២០១៦ វេលាម៉ោង១៧៖០០នាទី ដោយជនរងគ្រោះយកម៉ូតូ០១គ្រឿង ម៉ាកហ្ស៊ូមមឺអ៊ិច (zoomer X) ទៅឌុបឈ្មោះ យឺន មាន (ជាអ្នកនៅស្រុកជាមួយគ្នា) ដោយមានការប្រើប្រាស់សម្ភារដូចខាងលើ យកទៅជាមួយលុះមកដល់ម៉ោង២០៖២៥នាទី កំលាំងនគរបាលខណ្ឌមានជ័យ សហការជាមួយកំលាំងប៉ុស្តិ៍បារាយណ៍ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ បានចុះឃាត់ជនសង្ស័យម្នាក់ ឈ្មោះ យឺន មាន កំពុងលាក់ខ្លួននៅផ្ទះភូមិខ្យាបឹងវែង ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម យកមកធ្វើការសាកសួរ ទើបជនសង្ស័យឈ្មោះ យឺន មាន បានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះឈ្មោះ ជឿន សារុំ យកទ្រព្យសម្បត្តិកាលពីថ្ងៃទី០២-០៥-២០១៦ វេលាម៉ោង២០៖០០នាទីនៅចំណុចវាលបឹងចារ៉ាច ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ប្រាកដមែន៕