(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយដែលបានមកពីសប្បុរសជន នៃប្រទេសគុយវ៉ែត តាមរយៈសមាគមប្រភពល្អកម្ពុជាសហការជាមួយ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ជូនប្រជាពលរដ្ឋចំនួន២០០គ្រួសារ។

ពិធីនេះ ធ្វើឡើងនៅបរិវេណវិហារឥស្លាមគីឡូម៉ែត្រលេខ៩ ក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ដោយមានការចូលរួមពី សមាជិករដ្ឋសភាជាតិ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សារាជរដ្ឋាភិបាល គណៈអុីមាំ ភូឈួយ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណដល់សមាគមប្រភពល្អកម្ពុជា ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងផ្តល់ជំនួយជូនប្រជាពលរដ្ឋកម្ពុជាដែលមានភាពខ្វះខាត ដោយមិនប្រកាន់ជាតិសាសន៍ និងសាសនានោះឡើយ។ ទេសរដ្ឋមន្ត្រី បានបន្តលើកឡើងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានធានាមកនូវសុខដុមរមនារវាងជាតិសាសន៍ និងសាសនានៅកម្ពុជា កម្ពុជាគ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ និងសាសនានោះទេ។

លើសពីនោះទៅទៀត រដ្ឋាភិបាលកម្ពុជា តែងតែចូលរួមដោះស្រាយរាល់ទុក្ខកង្វល់ និងតម្រូវការ ជូនដល់សហគមន៍ឥស្លាមកម្ពុជាផងដែរ។ មិនតែប៉ុណ្ណោះសហគមន៍ឥស្លាម ក៏ត្រូវបានរាជរដ្ឋាភិបាលផ្ដល់សិទ្ធិ និងបើកឲ្យទទួលជំនួយពីបរទេសដើម្បីអភិវឌ្ឍសហគមន៍ឥស្លាមជារៀងរហូតមក។ ជាមួយគ្នានេះ ទេសរដ្ឋមន្ត្រី ក៏បានជំរុញដល់ប្រជាពលរដ្ឋឲ្យទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ដូស និងបន្តខិតខំថែរក្សាការពារជំងឺកូវីដ១៩ទាំងអស់គ្នា ជាពិសេសបន្តអនុវត្ត តាមការកំណត់របស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។

គួរជម្រាបថា អំណោយដែលទទួលបានពីសមាគមខាងលើ សម្រាប់មួយគ្រួសាររួមមាន៖ អង្ករ ២៥គីឡូក្រាម, ប្រេងឆា ១លីត្រ, ស្ករស២គីឡូក្រាម, ទឹកដោះគោ ២កំប៉ុង, ផ្លែល្មេី ១គីឡូក្រាម, អំបិល ១គីឡូក្រាម និងទឹកត្រី១ដប៕