(ភ្នំពេញ)៖ លោកបណ្ឌិត ណៅ ធួក រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា ក្នុងមួយឆ្នាំៗ មានកូនត្រី និងពងត្រី ប្រហែលជាង២០០ពាន់លានកូន បានហូរមកចូលទន្លេមេគង្គក្រោម និងទន្លេសាប ដែលធ្វើឲ្យប្រទេសកម្ពុជាសំបូរត្រី។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត ណៅ ធួក អញ្ជើញចូលរួមក្នុងកម្មវិធី «រាត្រីនៃការរុករក៖ អាថ៌កំបាំងនៃអន្លង់ទឹកជ្រៅ» ដែលរៀបចំធ្វើឡើង នាសណ្ឋាគារ Raffles Hotel in Phnom Penh នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ។

លោកបណ្ឌិត ណៅ ធួក បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងមួយឆ្នាំៗ មានកូនត្រី និងពងត្រី ប្រហែលជាង២០០ពាន់លានកូន បានហូរមកចូលទន្លេមេគង្គក្រោម និងទន្លេសាប ដែលធ្វើឲ្យប្រទេសកម្ពុជាសំបូរត្រី ថ្វីត្បិតតែត្រីទាំងអស់នោះ ងាប់អស់ប្រហែលជា៩៦ភាគរយ ក៏នៅតែមានចំនួនច្រើន»។

លោកបណ្ឌិត ណៅ ធួក បានគូសបញ្ជាក់ថា ការវិវត្ដរបស់ត្រីទាំងនេះ បង្ហាញអំពីសារៈសំខាន់ដ៏ចាំបាច់បំផុត ដែលត្រូវតែមានទន្លេដ៏មានសុវត្ថិភាព ដែលមានការទាក់ទងគ្នាទៅវិញទៅមក ជាពិសេសគឺចរន្ដទន្លេមេគង់, ទន្លេសាប និងទន្លេចំនួន៣ថែមទៀត រួមមាន៖ ទន្លេសេកុង, ទន្លេសេសាន្ទ និងទន្លេស្រែពក។

លើសពីនោះទៀត មន្ដ្រីជានខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរូបនេះ ក៏បានស្នើឲ្យត្រូវខិតខំថែរក្សាធ្វើយ៉ាងណា ឲ្យទន្លេទាំងអស់នោះ នៅតែមានសុវត្ថិភាព សម្រាប់ត្រីធ្វើដំណើរផងដែរ។

ជាក់ស្ដែង ក្នុងសប្តាហ៍នេះ ចាប់ពីថ្ងៃទី២៣ ដល់២៧ ខែមេសា ក្រុមអ្នករុករកក្រោមទឹកដ៏ល្បីល្បាញមួយក្រុម បានចុះទៅក្នុងទឹកជម្រៅរហូតដល់ ២៥០ ហ្វីត (ប្រហែល៧៥ម៉ែត្រ) ក្រោមផ្ទៃទឹកទន្លេមេគង្គក្នុងប្រទេសកម្ពុជា។

ទីជម្រកដែលមានជម្រៅដ៏ជ្រៅនេះ គឺជាតំបន់សំខាន់ នៃពពួកមច្ឆជាតិ និងការចិញ្ចឹមជីវិត ហើយប្រហែលអាចជាជម្រកចុងក្រោយ នៃត្រីទឹកសាបដែលមានទំហំធំបំផុត របស់ពិភពលោក។

តំបន់ដែលអ្នកវិទ្យាសាស្ត្រ ត្រូវធ្វើការស្រាវជ្រាវផ្តោតលើ គឺស្ថិតនៅផ្នែកខាងក្រោម នៃតំបន់ដីសើមរ៉ាមសា ដែលមានសារៈសំខាន់ជាអន្តរជាតិ។

តំបន់នេះ គ្របដណ្ដប់ដោយព្រៃលិចទឹក ផ្ទាំងថ្ម កោះខ្សាច់ បណ្តាញខ្សែទឹកចាក់ស្រេះ អន្លង់ជ្រៅៗ និងថ្មប៉ប្រះទឹក និងទឹកហូរ។ តំបន់នេះ ក៏ជាជម្រករបស់ត្រីទន្លេមេគង្គ ជាង១,០០០ប្រភេទ ដែលរួមមាន ប៉ាវ៉ាមុខពីរ ត្រីក្របី និងប្រាធំ ដែលធ្លាប់ជាអាហារចម្បងក្នុងប្រទេសកម្ពុជា។

ក្រុមអ្នកស្រាវជ្រាវជឿថា តំបន់ទាំងនេះមានសារៈសំខាន់ជាទីជម្រករបស់ត្រីនៅរដូវប្រាំង និងជាតំបន់ពងកូនសំខាន់ៗ ហើយក៏ប្រហែលជាជម្រកចុងក្រោយ របស់ប្រភេទត្រីយក្សដែលជិតផុតពូជផងដែរ។ វាជាតំបន់ដែលត្រូវបានទទួលស្គាល់ថាជាតំបន់ពិសេស និងត្រូវបានការពារដោយសហគមន៍មូលដ្ឋាន៕