(ភ្នំពេញ)៖ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានធ្វើការបង្ក្រាបរថយន្តស៊េរីទំនើបអត់ពន្ធចំនួន៩គ្រឿង នៅទូទាំងប្រទេស ដែលសុទ្ធសឹងជ្រកក្រោមផ្លាកលេខក្លែងក្លាយ។
រថយន្តគ្មានពន្ធទាំង៩គ្រឿង ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាប់ឃាត់បានរួមមាន៖
១៖ រថយន្តម៉ាក LEXUS RX450H ពណ៌ស ចង្កូតឆ្វេង ស្លាកលេខ ភ្នំពេញ 2AP-0564 ឆ្នាំម៉ូដែល 2010
២៖ រថយន្តម៉ាក TOYOTA PRIUS ពណ៍ស ចង្កូតឆ្វេង ស្លាកលេខ ភ្នំពេញ 2AK-1759 ឆ្នាំម៉ូដែល2010
៣៖ រថយន្តម៉ាក LEXUS RX400H ពណ៌ស ចង្កូតឆ្វេង ស្លាកលេខ ភ្នំពេញ 2AT-6133 ឆ្នាំម៉ូដែល 2006
៤៖ រថយន្តម៉ាក LEXUS RX400H ពណ៌ស ចង្កូតឆ្វេង ស្លាកលេខ ភ្នំពេញ 2AZ-8202 ឆ្នាំម៉ូដែល 2007
៥៖ រថយន្តម៉ាក LEXUS GS300 ពណ៌ស ចង្កូតឆ្វេង ស្លាកលេខ ភ្នំពេញ 2AP-9298 ឆ្នាំម៉ូដែល 2005
៦៖ រថយន្តម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ចង្កូតឆ្វេង ឆ្នាំម៉ូដែល ២០១៥
៧៖ រថយន្តម៉ាក LEXUS LX570 ចង្កូត ឆ្វេង ព៌ណ ស ឆ្នាំ ម៉ូដែល 2008
៨៖ រថយន្តម៉ាក LEXUS RX400h ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល ២០០៦ និងទំហំស៊ីឡាំង ៣៣០០ CC
៩៖ រថយន្តម៉ាក LEXUS RX350 ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល ២០១១ និងទំហំស៊ីឡាំង ៣៥០០ CC
សូមជម្រាបថា ចាប់ពីខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអនុញ្ញាតឲ្យរថយន្តអត់ពន្ធចង្កួតឆ្វេង និងរថយន្តចង្កួតស្តាំ (កែចង្កួតរួចបង់ពន្ធ) អាចចូលបង់ពន្ធបាន ជាមួយការអនុគ្រោះពន្ធ-អាករ ១០ភាគរយ។ ក្នុងរយៈពេលអនុគ្រោះនេះ មានរថយន្តជាង៥ពាន់គ្រឿង បានចូលមកបង់ពន្ធ ដោយទទួលបានទឹកប្រាក់ពន្ធជិត៥០លានដុល្លារ។
បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តាមរយៈបណ្តាញព័ត៌មាន Fresh News ធ្លាប់បានអំពាវនាវដល់ម្ចាស់រថយន្តគ្មានពន្ធជ្រកក្រោមស្លាកលេខផ្សេងៗ សូមចូលមកបង់ពន្ធឲ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលាកំណត់ ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែមិនទទួលបានការអនុគ្រោះ១០%ដូចមុនឡើយ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា សម្រាប់រថយន្តចង្កូតឆ្វេង ម្ចាស់នៅតែអាចចូលមកបង់ពន្ធ បានរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែពុំទទួលបានការអនុគ្រោះពន្ធ ១០% ដូចមុនទៀតទេ។ សម្រាប់រថយន្តចង្កូតស្តាំ ម្ចាស់អាចមកតម្កល់ប្រាក់កក់ស្មើនឹងប្រាក់ពន្ធ-អាករដក១០% ហើយយករថយន្តរបស់ខ្លួន ទៅកែចង្កូតពីស្តាំមកឆ្វេង។ ឱសានវាទថ្ងៃបញ្ចប់យុទ្ធនាការប្រមូលពន្ធ និងអាករលើរថយន្តមានស្រាប់ក្នុងប្រទេស និងជ្រកក្រោមផ្លាកលេខផ្សេងៗ គឺថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ។
លោកបណ្ឌិតសង្កត់ធ្ងន់ថា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ យានយន្តគ្មានពន្ធ ដែលបានបង្ក្រាបនឹងតម្រូវឲ្យបង់ពន្ធ និងអាកររួមទាំងប្រាក់ពិន័យ តាមលិខិតបទដ្ឋានជាធរមាន។ ចំពោះរថយន្តចង្កូតស្តាំ ដែលជាប្រភេទរថយន្តហាមឃាត់នាំចូល ក្នុងករណីបង្ក្រាបបាននឹងត្រូវកំទេចចោល ឬដោះជាគ្រឿងបន្លាស់។ ជាមួយនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសហការជាមួយកម្លាំងសមត្ថកិច្ចចុះបង្ក្រាបដូចភ្លៀងរលឹមចំពោះរថយន្តអត់ពន្ធដែលចរាចរលើដងផ្លូវ៕