(ភ្នំពេញ)៖ ដេីម្បីជួយសម្រាលការលំបាកផ្នែកជីវភាពរបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ជាពិសេសអ្នកដែលរស់នៅតំបន់ដាច់ស្រយាលនោះ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនចាស់ឥតទីពឹង អ្នកផ្ទុកមេរោគអេដស៍ កុមារកំព្រា ជនមានពិការភាព ស្ត្រីមេម៉ាយមានកូនច្រេីន និងជនទីទ័លក្រ សរុបចំនួន ២០១គ្រួសារ រស់នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ពិធីនេះ ប្រព្រឹត្តទៅក្រោមវត្តមានរបស់ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា ដែលធ្វេីឡេីង នៅទីតាំងចំនួន ៤កន្លែង គឺ ៖ ទីតាំងទី១ សម្រាប់ប្រជាពលរដ្ឋ ៦៧គ្រួសារ រស់នៅភូមិចំនួន ៣ នៃឃុំហោងសំណំ, ទីតាំងទី២ សម្រាប់ប្រជាពលរដ្ឋ ៤៤គ្រួសារ រស់នៅភូមិចំនួន៦ នៃឃុំហោងសំណំ, ទីតាំងទី៣ សម្រាប់ប្រជាពលរដ្ឋ ៤៣គ្រួសារ រស់នៅភូមិចំនួន ៤ នៃឃុំសង្កែសាទប, និងទីតាំងទី៤ សម្រាប់ប្រជាពលរដ្ឋ ៤៧គ្រួសារ រស់នៅភូមិចំនួន ៥ នៃឃុំសង្កែសាទប។
ក្នុងឱកាសជួបសំណេះសំណាលនោះ លោកស្រី អគ្គលេខាធិការរងទី ១ បាន ពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញេីសួរសុខទុក្ខ និងតែងតែ មានមនោសញ្ចេតនានឹករលឹក អាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបញ្ហា សុខភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។
លោកស្រី បានគូសបញ្ជាក់ថា «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែផ្តល់អនុសាសន៍ឱ្យមន្ត្រីក្រោមឱវាទចុះពិនិត្យស្ថានភាពជាក់ស្តែង ស្វែងរកប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលជាមុខសញ្ញាអាទិភាពរបស់កាកបាទក្រហមកម្ពុជា ដេីម្បីដោះស្រាយជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋដែលត្រូវការឱ្យជួយជាចាំបាច់ទាំងនោះ ដោយមិនទុកនរណាម្នាក់ចោលឡេីយ»។
ឆ្លៀតក្នុងឱកាសនេះ លោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគធនធានថវិកាប្រកបដោយទឹកចិត្តជ្រះថ្លាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដេីម្បីឱ្យកាកបាទក្រហមកម្ពុជា អាចចុះបំពេញប្រតិបត្តិការមនុស្សធម៌បានដូចនាពេលនេះ និងជាបន្តបន្ទាប់។
ថ្លែងក្នុងឱកាសនោះដែរ លោកស្រីបានពាំនាំនូវសារអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថែទាំសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ពិសាទឹកដាំឆ្អិនល្អ និងប្រុងប្រយ័ត្នចំពោះការកើនឡើងកំដៅខ្លាំងដោយសារការប្រែប្រួលអាកាសធាតុ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់យើង។ ជាមួយគ្នានេះ សូមប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ ឱ្យបានគ្រប់ៗគ្នា ព្រោះថាប្រសិទ្ធភាពនៃវ៉ាក់សាំង បានធ្វើឱ្យយើងអាចទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩បាន ហើយអាចបើកឱកាសឱ្យយើងស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។
ទន្ទឹមនឹងនេះ លោកស្រីបានគូសបញ្ជាក់ពី វិនាសកម្មនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនដែលធ្វើឱ្យបាត់បង់អ្វីៗគ្រប់បែបយ៉ាង ហេតុដូចនេះយើងត្រូវចូលរួមពង្រឹង ថែរក្សា និងការពារសុខសន្តិភាពនៅក្នុងប្រទេសយើង ដើម្បីការអភិវឌ្ឍ និងភាពសុខដុមរមនាក្នុងក្រុមគ្រួសារ។
បងប្អូនប្រជាពលរដ្ឋទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន ដែលតែងតែគិតគូរ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងសូមជូនពរសម្តេចទាំងទ្វេ មានសុខភាពល្អ ជន្មាយុយឺនយូរ ដេីម្បីផ្តល់ភាពកក់ក្តៅ និងដឹកនាំប្រទេសជាតិ ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍ ជានិច្ចនិរន្តរ៍ ។
សូមបញ្ជាក់ថា អំណោយ ដែល កាកបាទក្រហមកម្ពុជា បានទទួលពីសប្បុរសជនក្នុងឱកាសទិវា ៨ ឧសភា ត្រូវបានផ្តល់ ជូនដល់ គ្រួសារ នីមួយៗនូវ ៖ អង្ករ ២៥គីឡូក្រាម , មី ១កេស, ត្រីខ ១០កំប៉ុង , និងឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ១ឃីត និងថវិកា ២ម៉ឺនរៀល៕