(ភ្នំពេញ)៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ បានចុះអនុស្សរណៈនៃ ការយោគយល់ ជាអង្គការភីពផលអ៉ីននីត នៅកម្ពុជា ដើម្បីបន្តអនុវត្តប្រព័ន្ធប្រកាសឱ្យដឹងមុន «១២៩៤» ភាពធន់ទៅនឹងទឹកជំនន់ និងការឆ្លើយតបសង្រ្គោះបន្ទាន់ទៅនឹងគ្រោះមហន្តរាយ នៅកម្ពុជា ដែលមានសុពលភាពរយៈពេល៣ឆ្នាំ បន្តទៀត។

ពិធីចុះអនុស្សរណៈនៃការយោគយល់នេះបានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត ហង្ស សាមឿន ជាទីប្រឹក្សាសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គ.ជ.គ.ម និងលោក លូកាស ឡូបេក (Lukas Laube) នាយកប្រចាំប្រទេសនៃអង្គការភីពផលអ៉ីននីត នៅកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់អគ្គលេខាធិការរង, ទីប្រឹក្សា គ.ជ.គ.ម និងមន្រ្តីអង្គការ ភីពផលអ៉ីននីតមួយចំនួន។

គោលបំណងការចុះអនុស្សរណៈនៃការយោគយល់នេះ គឺដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធរវាង គ.ជ.គ.ម និងអង្គការភីពផលអ៉ីននីត នៅកម្ពុជា ក្នុងការបន្តអនុវត្តប្រព័ន្ធប្រកាសឱ្យដឹងមុន «១២៩៤» ភាពធន់ទៅនឹងទឹកជំនន់ និងការឆ្លើយតបសង្រ្គោះបន្ទាន់ទៅនឹងគ្រោះមហន្តរាយនៅកម្ពុជា។ អនុស្សរណៈនៃការយោគយល់នេះនឹងមានសុពលភាពសម្រាប់រយៈពេល ៣ឆ្នាំបន្ត ដោយគិតចាប់ពីកាលបរិច្ឆេទនៃការចុះហត្ថលេខាតទៅ។

ក្នុងនាមទេសរដ្ឋមន្រ្តី គន់ គីម, លោកបណ្ឌិត ហង្ស សាមឿន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការភីពផលអ៉ីននីត នៅកម្ពុជា ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយ គ.ជ.គ.ម. ចាប់ពីឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន ក្នុងនោះប្រព័ន្ធប្រកាសឱ្យដឹងមុន «១២៩៤» ត្រូវបានពង្រីកនៅទូទាំងប្រទេស និងបានទទួលស្គាល់ថាជារបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកបណ្ឌិត ហង្ស សាមឿន បានកត់សម្គាល់ដោយសេចក្តីពេញចិត្តថាអង្គការភីពផលអ៉ីននីត នៅកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់ជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចាប់តាំងពីឆ្នាំ២០០៩ រហូតដល់ ឆ្នាំ២០២២។ ជាមួយគ្នានេះដែរ អង្គការភីពផលអ៉ីននីត នៅកម្ពុជា ក៏បានចុះអនុស្សរណៈនៃការយោគយល់ជាមួយ គ.ជ.គ.ម. ចាប់តាំងពីឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន។

លោកបណ្ឌិត ក៏បានជំរុញលើកទឹកចិត្តដល់អង្គការភីពផលអ៉ីននីត នៅកម្ពុជា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែសកម្ម និងជិតស្និទ្ធបន្ថែមទៀតជាមួយ គ.ជ.គ.ម. លើការរៀបចំផែនការសកម្មភាព សម្រាប់អនុវត្តគម្រោងពិគ្រោះយោបល់, សិក្ខាសាលា, ការបណ្ដុះបណ្ដាល និងសកម្មភាពនានារួមគ្នា៕