(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ លោក សាន់ សារ៉ន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួស ខែរ៉ាម៉ាឌន ជូនដល់សាសនិកឥស្លាមចំនួន៣៥៥គ្រួសារ មកពីក្រុងច្បារមន ស្រុកសំរោងទង និងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
អំណោយទាំងនេះ ទទួលបានពី អង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា។ ពិធីនេះត្រូវបានប្រព្រឹត្តទៅនៅវិហារឥស្លាមក្នុងក្រុងច្បារមន ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក កង សុវណ្ណារ៉ូ អភិបាលរងខេត្ត តំណាងលោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ, រដ្ឋលេខាធិការមកពីបណ្តាក្រសួង, លោកអ៊ីមុំាខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរ។
លោក កង សុវណ្ណារ៉ូ បានសម្តែងនូវក្តីសោមនស្សរីករាយ ជាមួយនិងការថ្លែងអំណរគុណដល់ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដែលបានខិតខំស្វែងរកជំនួយឧបត្ថម្ភជូនសាសនិកឥស្លាម សម្រាប់ខែរ៉ាម៉ាឌននេះ។ លោកបន្តថា កម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយរដ្ឋមន្ត្រី បានធ្វើឲ្យមានសុខដុមបនីយកម្មជាតិសាសន៍ និងសាសនា។ ពលរដ្ឋគ្រប់ជាតិសាសន៍ នៅកម្ពុជា សុទ្ធតែទទួលបាននូវសិទ្ធិសេរីភាព សន្តិភាព និងការអភិវឌ្ឍន៍រីកចំរើនដូចៗគ្នា។
លោក សាន់ សារ៉ន បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក អូស្មាន ហាស្សាន់ ដោយក្តីគោរពរាប់អាន និងនឹករលឹកជាទីបំផុត។ លោកបន្តថា រដ្ឋាភិបាលកម្ពុជា តែងតែចូលរួមដោះស្រាយរាល់ទុក្ខកង្វល់ និងតម្រូវការ ជូនដល់សហគមន៍ឥស្លាមកម្ពុជាផងដែរ។ មិនតែប៉ុណ្ណោះសហគមន៍ឥស្លាម ក៏ត្រូវបានរាជរដ្ឋាភិបាលផ្ដល់សិទ្ធិ និងបើកឲ្យទទួលជំនួយពីបរទេស ដើម្បីអភិវឌ្ឍន៍សហគមន៍ឥស្លាមជារៀងរហូតមក។
លោករដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០កន្លងទៅ សហគមន៍ឥស្លាមទទួលបានជំនួយតាមរយៈអង្គការ សមាគមនានា ព្រមទាំងសប្បុរសជនទាំងក្នុង និងក្រៅស្រុក រហូតដល់ចំនួន ៤៦,២៥២កញ្ចប់ ដែលបានបែងចែកទៅដល់ ៤២,៩៦០គ្រួសារ សរុបជាថវិកា៧២៨,៤៩៤ដុល្លារ, រួមទាំងគោគួរបាន ចំនួន៦,៩២០ក្បាល និងពពែចំនួន១,៧៤០ក្បាល ដែលសរុបជាថវិកា៣,៣៧៨,៤២១ដុល្លារ។
ដោយឡែក សម្រាប់ឆ្នាំ២០២១ ជំនួយដល់សហគមន៍ឥស្លាមកម្ពុជាកើនឡើងដល់ ៧៤,៩២១កញ្ចប់ ដែលបានបែងចែកទៅដល់ ៧៣,១៩២គ្រួសារ សរុបជាថវិកា ១,៣៨៤,៦៣៩ដុល្លារ, រួមទាំងគោគួរបាន ចំនួន៨,២១០ក្បាល និងពពែ ចំនួន១,៨២៥ក្បាល ដែលសរុបជាថវិកាចំនួន ៤,៤៥៦,២៩៨ដុល្លារ។
ជាមួយគ្នានេះ លោកបានជំរុញដល់ប្រជាពលរដ្ឋទាំងអស់ឲ្យទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា ដើម្បីបន្តទទួលបានម្លប់សុខសន្តិភាព និងការអភិវឌ្ឍជាបន្តទៀត។
គួរជម្រាបផងដែរថា អំណោយដែលទទួលបានពីអង្គការខាងលើសម្រាប់ចែកជូន ប្រជាពលរដ្ឋក្នុងកម្មវិធីនេះរួមមាន អង្ករ ៤,៤ តោន, មី ៣៥ កេស, ទឹកដោះគោខាប់ ១៤ កេស, ស្ករស ៣៥២គីឡូក្រាម និងល្មើ ១៧៦គីឡូក្រាម៕