(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ លោកស្រី វី សាឌី ទីប្រឹក្សាក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ តំណាងនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានអញ្ជើញជាអធិបតី ក្នុងពីធីសម្ពោធដាក់ឲ្យប្រើប្រាស់អាគារផ្ទះបាយ និងសមិទ្ធផលនានា ដែលបានជួសជុលក្នុងមន្ទីរពេទ្យបង្អែកពារាំង។
អគារផ្ទះបាយ និងសមិទ្ធផលទាំងអស់នេះ គឺជាអំណោយរបស់សមាគមន៍និកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ តាមរយៈនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
ថ្លែងក្នុងឱកាសនោះ លោកស្រី វី សាឌី បាននាំំនូវសេចក្តីនឹករលឹក សាកសួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជូនចំពោះប្រជាពលរដ្ឋ មន្ត្រីរាជការ នៃមន្ទីរសុខាភិបាលស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព គណៈអភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុកដែលមានវត្តមាននៅក្នុងអង្គពិធី។
លោកស្រី វី សាឌី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមដែលមានជួយឧបត្ថម្ភ តាមរយៈការជួសជុលឡើងវិញនូវអាគារ ផ្ទះបាយ និងសមិទ្ធិផលនានានៅក្នុងមន្ទីពេទ្យបង្អែកនាពេលនេះ។
បន្ថែមពីនេះ លោកស្រីក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ តាំងពីដូសមូលដ្ឋាន រហូតដល់ដូសជំរុញថែមទៀតផង។ កត្ដាទាំងអស់នេះហើយ បានធ្វើឲ្យកម្ពុជាមានឱកាសបើកដំណើរសេដ្ឋកិច្ចឡើងវិញ ហើយថ្មីៗ នេះសម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសពីការដកនូវកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈថែមទៀតផង៕