(ស្វាយរៀង)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ បានបន្ដដឹកនាំក្រុមការងារចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅតាមបណ្ដារោងចក្រ ស្ថិតក្នុងមូលដ្ឋានខេត្តស្វាយរៀង។
ទីតាំងដែលលោកស្រី ឱ វណ្ណឌីន ដឹកនាំក្រុមការងារចុះពិនិត្យនោះ មាននៅតំបន់សេដ្ឋកិច្ចពិសេស ឈីលូ និងតំបន់សេដ្ឋកិច្ចពិសេស មេនហាតតាន ស្ថិតក្នុងក្រុងបាវិត។ នៅតំបន់សេដ្ឋកិច្ចទាំង២នេះ មានកម្មករ កម្មការិនីជាច្រើននាក់ កំពុងតែនាំគ្នាសម្រុកមកចាក់វ៉ាក់សាំង ក្នុងនោះភាគច្រើនសុទ្ធតែដូសជំរុញ។
គួរជម្រាបថា លោកស្រី ឱ វណ្ណឌីន កំពុងតែមមាញឹកក្នុងការដឹកនាំបញ្ជាយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ នៅតាមបណ្ដារាជធានី-ខេត្ត ជាពិសេសការចាក់ជូនកម្មករ កម្មការិនី អាជីវករនៅតាមផ្សារ និងគ្រឹះស្ថានអប់រំផ្សេងៗ បន្ថែមពីការចាក់ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានសុខាភិបាល ដែលដំណើរការរៀងរាល់ថ្ងៃ។
ជាការកត់សម្គាល់ ពាក់ព័ន្ធការងារចាក់វ៉ាក់សាំងដូសជំរុញជូនកម្មករ កម្មការិនីនេះ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដល់អាទិភាពខ្ពស់ណាស់ សម្រាប់កម្មករ កម្មការិនី ក្នុងចំណោមអាទិភាពទាំង៣។ ការផ្ដល់អាទិភាពនេះ គឺសម្ដេចបានណែនាំឲ្យក្រុមការងារចាក់វ៉ាក់សាំង ពិសេសគណៈកម្មការចំពោះកិច្ច ត្រូវយកវ៉ាក់សាំងនេះចាក់ជូនកម្មករ កម្មការិនី ដល់ក្នុងរោងចក្រផ្ទាល់តែម្ដង។
បើតាមលោកស្រី ប្រធានគណៈកម្មការចំពោះកិច្ច ការយកវ៉ាក់សាំងដល់ក្នុងរោងចក្រនេះ គឺជាចលកមួយដ៏សំខាន់ក្នុងការរុញកំណើនអត្រាអ្នកចាក់វ៉ាក់សាំងដូសជំរុញ ឲ្យកាន់តែកើនឡើងខ្ពស់បន្ថែមទៀត។ លោកស្រីបានអះអាងថា តាមការសង្កេតមើលនៅពេលចុះពិនិត្យជាក់ស្ដែង កម្មករ កម្មការិនីភាគច្រើន បានចាក់ដូសទី៣រួចរាល់ ពោលនៅពេលនេះភាគច្រើនអ្នកដល់វេនត្រូវចាក់ដូសទី៤។
លោកស្រី ឱ វណ្ណឌីន បានបន្ថែមទៀតថា ក្រៅពីការយកចិត្តទុកដាក់គិតគូរដល់សុខមាលភាពកម្មករ កម្មការិនីហើយនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យរៀបចំចាក់វ៉ាក់សាំងនៅតាមទីផ្សារ និងគ្រឹះស្ថានសិក្សាអប់រំផ្សេងផងដែរ សំដៅធ្វើយ៉ាងណាឲ្យភាពស៉ាំសហគមន៍កាន់តែរឹងមាំបន្ថែមទៀត គ្រាដែលរាជរដ្ឋាភិបាលបានដកចេញនូវកាតព្វកិច្ចមួយចំនួន ពិសេសកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈ៕