(ស៊ីដនី)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ម៉ាលខូម ធឺនប៊ូល (Malcolm Turnbull) បានចេញមុខ បដិសេធចំពោះការចោទប្រកាន់ថា រូបលោក បានប្រព្រឹត្តទង្វើខុសច្បាប់ បើទោះបីជាឈ្មោះរបស់ លោកមានសរសេរនៅក្នុងឯកសារសម្ងាត់ប៉ាណាម៉ា (Panama Papers) ដែលបាននិងកំពុងល្បី រន្ទឺពាសពេញពិភពលោកនោះក៏ដោយ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០១៦។
គួរបញ្ជាក់ថាលោក ធឺនប៊ូល គឺជាអតីតប្រធានក្រុមហ៊ុនមួយដែលរកស៊ីនៅរដ្ឋ New South Wales ហើយបានចុះបញ្ជីក្រុមហ៊ុនឈ្មោះ Star Mining NL កាលពីឆ្នាំ ១៩៩៣ ក្នុងប្រទេសអូស្ត្រាលី។ កាលណោះ ក្រុមហ៊ុនរបស់លោក បានសហការរកស៊ីរ៉ែមាសជាមួយ ក្រុមហ៊ុនបរទេសមួយមកពី Siberia ក្នុងរង្វង់ទឹកប្រាក់ជាង ១៥ ពាន់លានដុល្លារអាមេរិក។
យ៉ាងណាក៏ដោយនាយករដ្ឋមន្ត្រីរូបនេះ បានចេញមុខច្រានចោលថា វាជារឿងអតីតកាលសុទ្ធសាធ ហើយមិនមានការពាក់ព័ន្ធ ពេលលោកចូលលេងឆាកនយោបាយទៀតនោះទេ ដូច្នេះលោកមិនបាន ប្រព្រឹត្តទង្វើខុសច្បាប់ ដូចដែលមាននៅក្នុងឯកសារ សម្ងាត់ប៉ាណាម៉ា នោះឡើយ។ សម្រាប់លោក ធឺនប៊ូល នឹងចូលរួមយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្លោតក្នុងពេលឆាប់ៗនេះ ចំពោះមុខការ បោះឆ្នោតសកលដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែកក្កដា៕