(ស្ទឹងត្រែង)៖ គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (ហៅកាត់គណៈកម្មការទី១០) ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញជួបប្រជុំជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង ដឹកនាំដោយលោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងដោយមានការចូលរួមពីសំណាក់ក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអង្គភាពច្រកចេញចូលតែមួយ ដើម្បីឈ្វេងយល់អំពីៈ«ការយល់ដឹង និងការចូលរួមអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ វឌ្ឍនភាព និងបញ្ហាប្រឈមនានាក្នុងការអនុវត្តតួនាទីភារកិច្ចរបស់រដ្ឋបាលខេត្ត ក្នុងក្របខ័ណ្ឌនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងលទ្ធផលការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងការអភិវឌ្ឍមូលដ្ឋាន»

មានប្រសាសន៍បើកកិច្ចប្រជុំឱកាសនោះលោក ម៉ម ប៊ុននាង ប្រធានគណៈប្រតិភូគណៈកម្មការទី១០ ព្រឹទ្ធសភា បានជម្រាបជូនអំពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ព្រឹទ្ធសភា ព្រមទាំងដំណើរការនៃការបំពេញមុខងារស្នូលទាំងបីថាៈ ព្រឹទ្ធសភាជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិ។ លោកបន្តថា ព្រឹទ្ធសភាមានមុខងារស្នូលចំនួន៣ គឺមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារតំណាង។ មុខងារនីមួយៗអនុវត្តក្នុងពេលវេលាខុសៗគ្នា ដូចជានៅចន្លោះសម័យប្រជុំព្រឹទ្ធសភា ជាទូទៅគណៈកម្មការទាំង១០ របស់ព្រឹទ្ធសភា និងយន្តការផ្សេងទៀត នឹងចុះបំពេញមុខងារតាមដានការអនុវត្តច្បាប់ និងមុខងារជាតំណាង តាមរយៈការចុះជួបពិភាក្សាការងារជាមួយក្រសួង ស្ថាប័នតាមវិស័យជាសមត្ថកិច្ច និងចុះតាមបណ្តារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាពការងារ និងបញ្ហានានាទាក់ទងនឹងវិស័យជាសមត្ថកិច្ចរបស់ខ្លួន។ ជាក់ស្តែង គណៈប្រតិភូគណៈកម្មការទី១០ បាននិងកំពុងចុះបេសកកម្មនៅខេត្តស្ទឹងត្រែងនាពេលនេះ។

ក្នុងឱកាសនោះផងដែរ ប្រធានគណៈប្រតិភូបានផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដោយឆ្លុះបញ្ចាំងអំពីវិធានការបង្ការ ទប់ស្កាត់ និងការអនុវត្តច្បាប់បង្ក្រាបបទល្មើសពុករលួយ និងរំលោភអំណាច ព្រមទាំងផលប៉ះពាល់នានានៃអំពើពុករលួយដល់សេដ្ឋកិច្ច-សង្គម។ ទាក់ទងនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឯកឧត្តមប្រធាន បានគូសបញ្ជាក់ថា គឺជាកំណែទម្រង់ដ៏សំខាន់មួយនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។

ការធ្វើឱ្យប្រជាពលរដ្ឋចូលរួមធ្វើការសម្រេចចិត្តលើកិច្ចអភិវឌ្ឍមូលដ្ឋាន និងការឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងសមធម៌ គឺជាការចូលរួមចំណែកយ៉ាងសំខាន់របស់រដ្ឋបាលគ្រប់ជាន់ថ្នាក់ ក្នុងការលើកកម្ពស់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងលើកកម្ពស់ការគាំទ្រ និងការជឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះអាជ្ញាធរមូលដ្ឋាន។

ក្នុងឱកាសនោះ លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានឡើងថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូគណៈកម្មការទី១០ ព្រឹទ្ធសភា ដែលបានអញ្ជើញមកបំពេញបេសកកម្មក្នុងទឹកដីខេត្តស្ទឹងត្រែង ដើម្បីឈ្វេងយល់នូវវឌ្ឍនភាពការងាររដ្ឋបាលខេត្តស្ទឹងត្រែង ពិសេសការប្រតិបត្តិច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ការងារផ្សេងៗទៀតក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់គណៈកម្មការទី១០ ព្រឹទ្ធសភា។ លោកបានជម្រាបជូនគណៈប្រតិភូអំពីទីតាំងភូមិសាស្ត្រ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ ការងារសង្គម និងការកសាងហេដ្ឋារចនាសម្ព័ន្ធ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការអភិវឌ្ឍមូលដ្ឋាន និងការអនុវត្តគោលនយោយបាភូមិ ឃុំ សង្កាត់មានសុវត្តិភាព។

លោក ស្វាយ សំអ៊ាង បានបញ្ជាក់ថា រដ្ឋបាលខេត្តស្ទឹងត្រែងបានយកចិត្តទុកដាក់អនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ ដោយបានសហការ និងចូលរួមចំណែកផ្សព្វផ្សាយខ្លឹមសារច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងលើកទឹកចិត្តឱ្យគ្រប់អង្គភាពបង្កើតឱ្យមានប្រអប់គណនេយ្យភាព និងពាក្យស្លោកទាក់ទងនឹងការប្រឆាំងអំពើពុករលួយ និងមធ្យោបាយទំនាក់ទំនងទៅសមត្ថកិច្ច ក្នុងករណីជួបប្រទះនឹងអំពើពុករលួយ។

ទាក់ទងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រដ្ឋបាលខេត្តបានចាត់ទុកការផ្តល់សេវាសាធារណៈជាអាទិភាព ដោយបានបង្កើតបាននូវអង្គភាពច្រកចេញចូលតែមួយនៅថ្នាក់ខេត្ត និងការិយាល័យច្រកចេញចូលតែមួយនៅថ្នាក់ក្រុង ស្រុក សំដៅបង្ខិតការផ្តល់សេវាសាធារណៈឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ ឆ្លើយតបតម្រូវការប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព បរិយាប័ន្ន និងសមធម៌សង្គម។

បន្ទាប់ពីបានស្តាប់របាយការណ៍ និងពិភាក្សាលើរបៀបវារៈនីមួយៗរួចមក ឯកឧត្តម ម៉ម ប៊ុននាង បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តស្ទឹងត្រែង ដែលបានបំពេញតួនាទីដឹកនាំ សម្របសម្រួលកិច្ចដំណើរការការងារទូទៅ សម្រេចបានសមិទ្ធផលគួរឱ្យកត់សំគាល់ ពិសេសការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហ-មជ្ឈការ និងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យបានជោគជ័យជាបន្តបន្ទាប់។

លោក ម៉ម ប៊ុននាង បានអំពាវនាវដល់រដ្ឋបាលខេត្ត និងរដ្ឋបាលគ្រប់ជាន់ថា្នក់ ក៏ដូចជាមន្ទីរ អង្គភាព ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ក្នុងការប្រុទ្ធប្រឆាំងអំពើពុករលួយ ការរំលោភអំណាច និងត្រូវចូលរួមអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យជោគជ័យតាមការរំពឹងទុក សំដៅចូលរួមចំណែកក្នុងការលើកម្ពស់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋគ្រប់រូបឱ្យមានភាពកាន់តែប្រសើរឡើង។

បន្ទាប់មក នៅរសៀលថ្ងៃដដែលនោះដែរ គណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង បានអញ្ជើញជួបប្រជុំជាមួយនឹងរដ្ឋបាលក្រុងស្ទឹងត្រែង ដឹកនាំដោយលោក សាយ កុសល អភិបាលនៃគណៈអភិបាលក្រុង ដើម្បីឈ្វេងយល់អំពីការចាត់តាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសវុត្ថិភាព និងការអភិវឌ្ឍមូលដ្ឋាន ស្ថិតនៅសាលាក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង៕