(ភ្នំពេញ)៖ នៅក្នុងវគ្គសិក្សាខ្លី កាលពីចុងសប្តាហ៍មុននេះ លោក ម៉ារ រិទ្ធ ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC) បានបង្ហាញពីទ្រឹស្ដីខ្លះៗដល់សិក្ខាកាមលើការសរសេរបទវិភាគ។
បទវិភាគគឺជាប្រភេទអត្ថបទស៊ីសម្រៅ និងលម្អិតខ្លាំង ក្នុងវិស័យព័ត៌មាន ដែលមានតែអ្នកព័ត៌មានជើងចាស់ និងមានបទពិសោធន៍លើព័ត៌មានជ្រៅជ្រះប៉ុណ្ណោះ ដែលអាចសរសេរ និងវិភាគបានល្អ និងប្រកបដោយវិជ្ជាជីវៈ។
អាស្រ័យហេតុនេះដើម្បីជាពុទ្ធិដល់សិក្ខាកាម ដែលចង់ប្រឡូកវិស័យព័ត៌មានស៊ីជម្រៅ លោក ម៉ារ យ៉ារិទ្ធ ក៏បានផ្ដល់ទ្រឹស្ដីនៃការសរសេរបទវិភាគដូចតទៅ៖
ដើម្បីវិភាគ និងទាញទិន្នន័យបានល្អគឺ
១៖ Descriptive Analysis (ទិន្នន័យពិពណ៌នា)៖ តើមានរឿងអ្វីកើតឡើង? និយាយចេញមកដោយ សង្ខេបនូវអ្វីៗ ដែលកើតឡើង និងការជាប់ពាក់ព័ន្ធ។
២៖ Diagnostic Analysis (ទិន្នន័យបញ្ជាក់រកលក្ខណៈវិនិច្ឆ័យ)៖ តើរឿងនោះបានកើតឡើងដោយសារហេតុអ្វី?
ឧទាហរណ៍៖ ដើម្បីជំងឺ ឬហេតុការណ៍ដែលបានកើតឡើង មានមេរោគ ឬមេខ្លោង ជាប់ពាក់ព័ន្ធមកពីណា? គឺត្រូវការរកហេតុផលដោយការ សួរដេញដោលប្រកបដោយភាពប៉ិនប្រសប់ នោះយើងនឹងអាចស្វែរកចម្លើយពិត។
៣៖ Predictive Analysis (ទិន្នន័យព្យាករណ៍វិភាគ)៖ ការព្យាករណ៍រកមើលថា តើហេតុការណ៍នោះនឹងអាចប៉ះពាល់ អ្វីដល់អនាគត។ ត្រូវប្រើប្រាស់បច្ចេកទេស ស្វែងរកទិន្នន័យដែលមានលក្ខណៈស៊ីជម្រៅ, ការប្រើប្រាស់អ្វីដែល យើងក្តាប់បាន និងយកភាពវៃឆ្លាតនិងបទពិសោធន៍នានា ដើម្បីការព្យាករណ៍មួយ ដែលមានលក្ខណៈស៊ីជម្រៅ។ តើរឿងនោះនឹងអាចទៅជាយ៉ាងណាទៀត?
៤៖ Prescriptive Analysis (ទិន្នន័យវិភាគដាក់ចេញនូវវិធានការ)៖ នេះជាការវិភាគទិន្នន័យនៃ កិច្ចការសំខាន់ចុងក្រោយ បន្ទាប់ពីទទួលបាននូវទិន្នន័យធ្វើពិពណ៌នា ទិន្នន័យ បញ្ជាក់អំពីលក្ខណៈវិនិច្ឆ័យ និងទិន្នន័យវិភាគបែបព្យាករណ៍រួចមក។ ការវិភាគចុងក្រោយនៃវិធានការណ៍ ដែលត្រូវធ្វើ គឺជាកិច្ចការ ដែលត្រូវដើរជាមួយគ្នានឹងទិន្នន័យព្យាករណ៍វិភាគ។
ឧទាហរណ៍៖ បើយើងដឹងរឿងដែលទាក់ទងទាំងអស់ហើយ យើងដឹងថាតើជំងឺនោះបណ្តាលមកពីមេរោគអ្វី និងយើងបានធ្វើ ការព្យាករណ៍ទុកជាមុននូវហេតុការណ៍ ដែលអាចធ្វើឲ្យប៉ះពាល់ដល់គោលដៅដែល យើងការពារ, ដូច្នេះតើវិធីទប់ទល់វិញនោះ គឺជាអ្វី? យើងត្រូវវិភាគលទ្ធផលសម្រេចចុងក្រោយដោយខ្លួនឯង តាមលក្ខណៈធ្វើការវិនិច្ឆ័យជាបន្តបន្ទាប់រួចមកហើយនោះ។
ខាងលើនេះ គ្រាន់តែជាទ្រឹស្ដីនៃការសរសេរបទវិភាគតែប៉ុណ្ណោះ ចំណែកខ្លឹមសារពន្យល់លម្អិត គឺមានតែនៅក្នុងថ្នាក់សិក្សាតែប៉ុណ្ណោះ។ ថ្នាក់សិក្សាខ្លីពីការសរសេរព័ត៌មានវគ្គ២ នៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News រយៈពេល៣ខែ ជិតដល់ថ្ងៃបញ្ចប់ហើយ។ ខណៈវគ្គសិក្សាថ្មី មជ្ឈមណ្ឌលនឹងបើកទទួលពាក្យនៅក្នុងពេលឆាប់ៗខាងមុខនេះ។
សម្រាប់សិក្ខាកាម ដែលបញ្ចប់ការសិក្សា នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាពីមជ្ឈមណ្ឌលផ្ទាល់ ព្រមជាមួយការទទួលស្គាល់ពីអង្គភាពព័ត៌មាន Fresh News ផងដែរ។ សម្រាប់សិក្ខាកាមឆ្នើម នឹងទទួលបានឱកាសហ្វឹកហាត់ការងារជាមួយអង្គភាពព័ត៌មាន Fresh News ថែមទៀតផង។
មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (Fresh News Training Center) ហៅកាត់ថា«FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News។ «FTC» ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មានក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។
FTC មានលោក ម៉ារ យ៉ារិទ្ធ ជាប្រធាន ដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជិត៤០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក៕
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
១៖ លោក ពេជ្រ ប៊ុនសាយ អគ្គនាយករងអង្គភាពព័ត៌មាន Fresh News និងជាអនុប្រធានប្រចាំការ FTC ទូរស័ព្ទ និង Telegram លេខ៖ 089 960 090
២៖ កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈ តាមរយៈលេខទូរស័ព្ទ ឬ Telegram ៖ 092 322 334