(មណ្ឌលគីរី-ក្រចេះ-ត្បូងឃ្មុំ)៖ បន្ទាប់ពីចំណាយពេល៤ថ្ងៃ ក្នុងដំណើរបំពេញបេសកកម្ម ត្រួតពិនិត្យព្រំដែន និងការស្ថាបនាផ្លូវគមនាគមន៍តំបន់ព្រំដែន នៅខេត្តស្ទឹងត្រែង ខេត្តរតនគិរីរួចមក លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន បានបន្តដឹកនាំក្រុមការងារចុះត្រួតពិនិត្យព្រំដែន សំណង់បង្គោលព្រំដែន និងផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រស្រុកអូររាំង ស្រុកកែវសីមា ខេត្តមណ្ឌលគិរី, ស្រុកស្នួល ខេត្តក្រចេះ និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៨-២៩ ខែមេសា ឆ្នាំ ២០២២ អមដំណើរដោយលោកស្រីបណ្ឌិត កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍, នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ អភិបាលរងខេត្តនិងស្ថាប័នពាក់ព័ន្ធ។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងឯកភាពទាំង៦ ដែលក្នុងរយៈកន្លងមកបានយកចិត្តទុកដាក់ពុះពារជម្នះនូវរាល់ឧបសគ្គ ដោយខិតខំប្រឹងប្រែងធ្វើការស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែន ដែលសម្រេចបានលទ្ធផលយ៉ាងច្រើន គួរជាទីមោទនៈ។

រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវនយោបាយកសាងព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ប្រកបដោយចីរភាព ដោយដើរទន្ទឹមនឹងការអនុវត្តគោលការណ៍កសាងខឿនការពារប្រទេស គឺជារបស់ប្រជាជនគ្រប់រូប។

ព្រមទាំងរួមចំណែកក្នុងការរៀបចំកិច្ចការសង្គម ការបើកច្រកទ្វារព្រំដែននានាជាបន្តបន្ទាប់ ការពង្រីកវិស័យកសិ-ឧស្សាហកម្ម ទេសចរណ៍បង្កើនផលិតផលប្រកបដោយសក្តានុពលពហុវិស័យ ជំរុញកំណើនសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាជន រួមចំណែកកសាងពង្រឹងខឿនការពារជាតិ ដោយផ្អែកលើប្រជាជនធ្វើជាមូលដ្ឋានគ្រឹះដ៏រឹងមាំ មិនចេះរីងស្ងួត និងធ្វើជាសាក្សីរស់ប្រកបដោយនិរន្តរភាព។

នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម ក៏បានណែនាំ និងក្រើនរំលឹកដល់មេបញ្ជាការ មេបញ្ជាការរង និងនាយទាហាន នាយទាហានរង ពលទាហាននៃកងឯកភាពទាំង៦ ត្រូវយកចិត្តទុកដាក់បន្តធ្វើការស្ថាបនាផ្លូវ និងរាល់សំណង់សិល្បការ្យឱ្យបានត្រឹមត្រូវតាមបទដ្ឋាន លក្ខណៈបច្ចេកទេស។

សមិទ្ធផលបង្គោលខណ្ឌសីមា និងផ្លូវខ្សែក្រវាត់ព្រំដែនដែលសម្រេចបានទាំងអស់នេះ សបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់អំពីកិច្ចខិតខំថែរក្សាសន្តិភាព ស្ថិរភាពយូរអង្វែង ឲ្យប្រជាជននៃប្រទេសទាំងពីររស់នៅបានសុខដុមរមនាជាមួយគ្នា និងមានជំនឿទុកចិត្តជាមួយគ្នា នៅតាមតំបន់ព្រំដែន ពិសេសការពារអធិបតេយ្យ បូរណភាពទឹកដីឱ្យបានគង់វង្ស ចីរកាលសម្រាប់មនុស្សជំនាន់ក្រោយ៕