(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំ ជាមួយតំណាងដៃគូអភិវឌ្ឍន៍ រួមមានមូលនិធិរូបិយវត្ថុ អន្តរជាតិ (IMF), ធនាគារពិភពលោក (WB) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីពិភាក្សាតាមដានវាយតម្លៃ បរិការសេដ្ឋកិច្ច នៅលើពិភពលោក ក៏ដូចស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា។

លោក វង្សី វិស្សុត បានថ្លែងថា កិច្ចប្រជុំនេះ គឺជាវេទិកាសម្រាប់ភាគីកម្ពុជា ធ្វើការផ្លាស់ប្តូរយោបល់ និងជាស្តាប់នូវមតិ របស់អ្នកជំនាញ ការជាន់ខ្ពស់ របស់ស្ថាប័នអន្តរជាតិ ដើម្បីប្រមូលធាតុចូលអំពីស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា និងហានិភ័យម៉ាក្រូសេដ្ឋកិច្ចចម្បងៗ នៃសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន, អតិផរណាសកល, គោលនយោបាយរឹតបន្តឹងរូបិយវត្ថុ, ការថមថយសេដ្ឋកិច្ចប្រទេសចិន, ការរអាក់រអួលខ្សែ ច្រវាក់ផ្គត់ផ្គង់ និងការបន្តអូសបន្លាយជំងឺកូវីដ-១៩ លើកំណើនសេដ្ឋកិច្ចកម្ពុជា សម្រាប់រៀបចំក្របខណ្ឌ ម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសារធារណៈ នាពេលខាងមុខ ហើយជាពិសេស សម្រាប់ការកំណត់អាទិភាព ខាងផ្នែកវិធានការ និងគោលនយោបាយឆ្លើយតប ទៅនឹងហានិភ័យ និងការប៉ះទង្គិចនានា សំដៅកាត់បន្ថយនូវសម្ពាធ នៃហានិភ័យខាងលើ ក៏ដូចជាធានាឱ្យបាន នូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងព្រមទាំងជំរុញសន្ទុះ នៃការងើបឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជាផងដែរ។

ផ្អែកតាមការវាយតម្លៃបឋមចុងក្រោយ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២២ ត្រូវបានព្យាករណ៍ថានឹងបន្តងើបឡើង ដែលជំរុញដោយកំណើន សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក រួមមាន៖ ផលិតកម្ម សេវាកម្ម និង ការប្រើប្រាស់ទូទៅ ដែលបណ្តាល មកពីអត្រា ចាក់វ៉ាក់សាំងខ្ពស់ ទូទាំងប្រទេស ដែលអនុញ្ញាត ឱ្យសកម្មភាពសង្គម-សេដ្ឋកិច្ចបើកឡើងវិញពេញលេញ។

ទោះជាយ៉ាងនេះក្តី ការងើបឡើងវិញ នៃកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០២២ រំពឹងថានឹងកើនឡើងក្នុងអត្រាប្រមាណ ៥,២% ទៅ ៥,៤% ទាបជាងការព្យាករ នាដើមឆ្នាំ២០២២ គឺ ៥,៦% ដោយសារ ផលប៉ះពាល់ នៃកំណើនអតិផរណា ដែលបង្កឡើង ដោយសង្រ្គាម រវាងរុស្ស៊ី និងអ៊ុយក្រែន, ការថមថយកំណើន សេដ្ឋកិច្ច នៃប្រទេសចិន និងការបន្តរឹតបន្តឹងច្រកព្រំដែន របស់ប្រទេសចិន ដែលបាននិងកំពុងបន្ថែមភាព មិនប្រាកដប្រជាដល់រំហូរវិនិយោគ និងមូលធនបរទេស មកកម្ពុជា។

ជារួម ដៃគូអភិវឌ្ឍន៍បានបង្ហាញ នូវជំហរយល់ស្របលើលទ្ធផល នៃការវាយតម្លៃឡើងវិញ នៃកំណើនសេដ្ឋកិច្ចកម្ពុជា និងបានលើកឡើងពីហានិភ័យនានា ដែលបាននិងកំពុង បន្តកើតមានឡើង ព្រមទាំងផ្តល់អនុសាសន៍ល្អៗ អំពីវិធានការគោលនយោបាយ ដើម្បីបន្តចលនការកំណើន ក៏ដូចជាបន្ថយទំងន់ ផលប៉ះពាល់ជាអវិជ្ជមាន ដល់សង្គមនិងជីវភាពរបស់ប្រជាជន។

ជាទីបញ្ចប់ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ បានថ្លែង អំណរគុណ សម្រាប់ការគាំទ្រ និងកិច្ច សហប្រតិបត្តិការល្អ ពីដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលតែងតែជួយជ្រោមជ្រែង និងគាំទ្រទាំងផ្នែកបច្ចេកទេស និងធនធាន ដល់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ, លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក៍បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការផ្តោតអាទិភាព គោលនយោបាយក្នុងរយៈពេលខ្លី និងមធ្យម ពាក់ព័ន្ធនឹងការទាក់ទាញ ការវិនិយោគ ជាពិសេសទៅវិស័យ ដែលអាចរួមចំណែក ក្នុងការបង្កើតការងារ, ការទាញផលប្រយោជន៍ ឱ្យបានជាអតិបរមា នៃកំណើនថ្លៃ ផលិតផលកសិកម្ម, ការធ្វើឱ្យមានស្ថិរភាពថ្លៃទំនិញលើទីផ្សារ, ការកាត់បន្ថយចំណាយ ឡូជីស្ទីក និងការអភិវឌ្ឍ ជំនាញ ជាដើម ដោយអនុលោម តាមអភិក្រម “3Rs” នៃ “ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារនិងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លង ប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣”៕