(ភ្នំពេញ)៖ ក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រសួងការពារជាតិ កំពុងនឹងចេញប្រតិបត្តិការយ៉ាងសកម្មក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញជូនដល់កម្មករ កម្មការិនី ដើម្បីឱ្យពួកគេទទួលបានកងការពារសុខភាពកាន់តែខ្លាំងពីការរាតត្បាតជំងឺកូវីដ១៩។ ដើម្បីឱ្យកម្មករ កម្មការិនីទទួលបានវ៉ាក់សាំង ហើយមិនប៉ះពាល់ដល់ការងារនោះ ក្រុមការងារចាក់វ៉ាក់សាំង របស់ក្រសួងការពារជាតិ សហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អាជ្ញាធរមូលដ្ឋាន និងថៅកែរោងចក្រ សហគ្រាស នាំវ៉ាក់សាំងចុះទៅចាក់ដល់ក្នុងរោងចក្រតែម្តង។
ការចាក់វ៉ាក់សាំងដូសជំរុញជូនដល់កម្មករ កម្មការិនី ក៏ដូចជាប្រជាពលរដ្ឋទូទៅនេះ គឺជាកិច្ចការដ៏អាទិភាពមួយសម្រាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីធានាឱ្យពលរដ្ឋគ្រប់គ្រងមានឃឿនការពារសុខភាពពីជំងឺកូវីដ១៩ និងធានាបានភាពសាំុកាន់តែរឹងមាំនៅក្នុងសង្គមកម្ពុជា។ កាលពីថ្ងៃទី១២ ខែមេសា កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ឱ្យបង្កើនការចាក់ដូសជំរុញជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសនៅតាមរោងចក្រសហគ្រាស បន្ទាប់ពីបានពិនិត្យឃើញថា ការចាក់ដូសជំរុញទី៣ និងទី៤ សម្រេចបានក្នុងចំនួនមួយតិចតួច។
ក្នុងដំណើរចុះពិនិត្យការចាក់វ៉ាក់សាំងដូសជំរុញនៅតាមរោងចក្រក្នុងខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ ក្រសួងការពារជាតិ បានឱ្យដឹងថា ក្រោយទទួលបានបទបញ្ជារបស់សម្តេចតេជោ, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចាត់ចែងឱ្យពង្រាយក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ ប្រមាណ ៣,៤៨៤នាក់ ក្នុងមានក្រុមគ្រូពេទ្យ ១០៦ក្រុម ចុះប្រតិបត្តិការចាក់វ៉ាក់សាំងនៅតាមរោងចក្រ សហគ្រាសនានា។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា ក្នុងប្រតិបត្តិការរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមការងារចាក់វ៉ាក់សាំងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងដូសជំរុញជូនកម្មករ កម្មការិនី បានជាង ១៣ម៉ឺននាក់ហើយ។
បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ការចាក់មិនសូវជួបបញ្ហានោះទេ តែអ្វីដែលជាបញ្ហា គឺអ្នកចាក់ មិនសូវភ្ញាក់រលឹកមកចាក់ដូចពេលជំងឺកូវីដ១៩ រាតត្បាតខ្លាំងនោះឡើយ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់យ៉ាងដូច្នេះ «ការចាក់នេះមិនមានបញ្ហាទេ ឱ្យតែមានមនុស្សមកចាក់ ខ្លាចតែអត់មានមនុស្សមកចាក់ទេ។ ឥឡូវវាខុសកាលពីដំបូង។ កាលដំបូងដោយសារការរាតត្បាតជំងឺកូវីដ១៩ មនុស្សភ័យខ្លាច មនុស្សរត់រកវ៉ាក់សាំង។ ទោះបីយើងចាក់នៅទីណា ក៏មនុស្សស្វះស្វែងទៅរកចាក់វ៉ាក់សាំងហ្នឹងដែរ មានន័យថាមនុស្សដើររកវ៉ាក់សាំងចាក់។ ដល់ឥឡូវវាខុសគ្នា ត្រង់ថា ប្រជាពលរដ្ឋខ្លះបានវ៉ាក់សាំងដូសទី១ ទី២ គាត់គិតថាគ្រប់គ្រាន់ គាប់ជួនស្ថានភាពឆ្លងធ្លាក់ចុះទៀត គាត់បានផ្តេកផ្តួលតាមស្ថានភាពហ្នឹង មិនមកចាក់។ ឥឡូវស្ថានភាពនេះ ត្រូវយកវ៉ាក់សាំងទៅដើររកមនុស្សចាក់ ខុសពីពេលមុនមនុស្សដើររកវ៉ាក់សាំងចាក់ ឥឡូវយកវ៉ាក់សាំងទៅដើររកមនុស្សចាក់»។
បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ប្រធានប្រតិបត្តិចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ ក្រសួងការពារជាតិ ដែលជាអ្នកគ្រប់គ្រងដោយផ្ទាល់លើការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានឱ្យដឹងថា ព្រោះតែប្រជាពលរដ្ឋ កម្មករ កម្មការិនី មិនសូវភ្ញាក់រលឹកក្នុងការមករកវ៉ាក់សាំងនេះហើយ ទើបសម្តេចពិជ័យសេនា ទៀ បាញ់ ឱ្យក្រុមការងារចល័តទៅដល់រោងចក្រតែម្តង មិនបោះទីតាំងនៅមួយកន្លែងដូចពីពេលមុននោះឡើយ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់យ៉ាងដូច្នេះ «ហេតុនេះហើយបានជាសម្តេចពិជ័យសេនា លោកផ្តល់អនុសាសន៍ និងដាក់បទបញ្ជាឱ្យកងទ័ពទាំងអស់ហ្នឹង ត្រូវតែចល័ត មិនអាចរៀបចំទីតាំងចាក់នៅតែមួយកន្លែងដូចមុនទេ។ ឥឡូវអត់ទេ ចាក់ចប់រោងចក្រនេះព្រឹក ល្ងាចទៅរោងចក្រផ្សេង ចាក់ចប់ទីប្រជុំជននេះ ត្រូវចល័តទៅទីប្រជុំជនផ្សេង។ អ៊ីចឹងយើងចល័ត អត់នៅមួយកន្លែងទេ ហើយយើងសហការជាមួយក្រសួងការងារ ជាមួយអាជ្ញាធរដែនដី យើងធ្វើតាមស្ថានភាពជាក់ស្តែង»។
លោក ងុយ រិទ្ធ អនុរដ្ឋលេខាធិការ និងជានាយករងខុទ្ទកាល័យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅទូទាំងប្រទេសមានរោងចក្រប្រមាណ ១,០៨០រោងចក្រ ហើយមានកម្មករ កម្មការិនី ប្រមាណ ៨៥ម៉ឺននាក់ ដែលស្ថិតក្នុងផែនការសម្រាប់ការចាក់ដូសជំរុញ។
លោកបានឱ្យដឹងថា កម្មករ កម្មការិនី ដែលបានចាក់ដូសជំរុញ ដូសទី៣ មានជាង ៧០ម៉ឺននាក់ នៅសល់តែ ១៤ម៉ឺននាក់ទៀតប៉ុណ្ណោះ។ ដោយឡែកកម្មករ កម្មការិនី ដែលមិនទាន់បានចាក់ដូសជំរុញ ដូសទី៤ មានរហូតដល់ទៅប្រមាណ ៨០នាក់ទៀត។
លោក ងុយ រិទ្ធ បានអះអាងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានខិតខំសហការជាមួយថៅកែរោងចក្រ និងអាជ្ញាធរមូលដ្ឋាន ដើម្បីសម្របសម្រួលពេលវេលាឱ្យក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ ចាក់ដូសជំរុញឱ្យបានលឿន ហើយលៃលកមិនឱ្យប៉ះពាល់ដល់ច្រវ៉ាក់ផលិតកម្មនៅតាមរោងចក្រផងដែរ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានអះអាងថា ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ នឹងប្រឹងប្រែងយកចិត្តទុកចាក់ដូសជំរុញជូនកម្មករ កម្មារិនី ឱ្យបានគ្រប់គ្នា ដើម្បីធានាភាពសាំុក្នុងរោងចក្រ តាមអនុសាសន៍របស់សម្តេចតេជោ។ លោកក៏បានអំពាវនាវដល់កម្មករ កម្មការិនី ចូលរួមសហការទទួលយកវ៉ាក់សាំងដូសជំរុញ ដើម្បីទទួលបានឃឿនការពារសុខភាពពីជំងឺកូវីដ១៩ កាន់តែរឹងមាំ៕