(តាកែវ)៖ លោក ជិន គឹមស្រេង ត្រូវបានប្រកាសតែងតាំងជាប្រធានសាខាពន្ធដារខេត្តតាកែវ ជំនួសលោក ងួន សុវណ្ណ ដែលត្រូវទទួលភារកិច្ចថ្មីជាប្រធានសាខាពន្ធដារខេត្តកណ្តាល។ ពិធីប្រកាសបានធ្វើឡើង នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោកបណ្ឌិត កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយដ្ឋានពន្ធដារ។

ថ្លែងនៅក្នុងពិធីតែងតាំងនោះលោក កែន សម្បត្តិ បានឲ្យដឹងថា ការប្រកាសនិងផ្ទេរមុខតំណែង ប្រធានសាខាពន្ធដារនេះ គឺមិនមែនជាការប្រកាសដកតំណែងនរណាម្នាក់នោះទេ តែជាយន្តការក្នុងការផ្លាស់ប្តូរ របស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការពង្រឹងលើការប្រមូលចំណូលពន្ធជូនរដ្ឋ។
លោកអគ្គនាយករងពន្ធដារបានបន្តថា «មកទល់ពេលនេះបងប្អូនប្រជាពលរដ្ឋរបស់យើង មានការយល់ដឹងច្រើនពីច្បាប់ពន្ធដារ ធ្វើឲ្យការប្រមូលចំណូលពន្ធរបស់យើងនៅតែមានសន្ទុះខ្លាំង ហើយលើសផែនការជាប់ជាប្រចាំ ហើយកត្តាដែលធ្វើឲ្យការប្រមូលចំណូលពន្ធមានការកើនឡើងជាប្រចាំ គឺបណ្តាលមកពីសន្តិភាពនយោបាយ ការគោរពសិទ្ធិមនុស្ស សន្តិសុខ និងសន្តិភាពក្នុងប្រទេស ធ្វើឲ្យអ្នកវិនិយោគក្រៅប្រទេសនិងក្នុងប្រទេស មានការចូលរួមបណ្ដាក់ទុនវិនិយោគ បង្កើតឲ្យប្រជាពលរដ្ឋយើងមានការងារធ្វើច្រើន តម្រូវឲ្យការប្រមូលចំណូលពន្ធចូលរដ្ឋមានការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំជាលំដាប់»
នៅក្នុងកាសនោះលោក ជិន គឹមស្រេង បានប្តេជ្ញាចិត្តថា លោកនឹងបន្តពង្រឹងការប្រមូលចំណូលពន្ធចូលរដ្ឋឲ្យកាន់តែមានការរីកចម្រើនទៅមុខ ជាពិសេសនឹងបន្តចុះផ្សព្វផ្សាយដល់ការយល់ដឹងពីច្បាប់នៃកាតព្វកិច្ចពន្ធ ជូនដល់ប្រជាពលរដ្ឋ ដើម្បីឲ្យការប្រមូលចំណូលពន្ធ ស្របទៅតាមគោលការរបស់អគ្គនាយកដ្ឋានពន្ធដារ៕