(ភ្នំពេញ)៖ តាមមន្ត្រីជាន់ខ្ពស់របស់ក្រសួងបរិស្ថានបានប្រាប់ Fresh News ឱ្យដឹងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នេះថា ក្រសួងបរិស្ថាន បានបញ្ជូនសំណើសុំចុះបញ្ជីដីរដ្ឋលើតំបន់ការពារធម្មជាតិ ដែលមានស្រាប់ និងទើបបង្កើតថ្មីសរុប៤១តំបន់ ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន ទៅកាន់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។
សំណើសុំចុះបញ្ជីដីរដ្ឋនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើអនុក្រឹត្យ ស្តីពីការបង្កើតតំបន់ការពារធម្មជាតិចំនួន១៨តំបន់ ដែលបានផ្ទេរមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យស្ថិតមកក្រោមការគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន។
បច្ចុប្បន្នក្រសួងបរិស្ថាន មានតំបន់ការពារធម្មជាតិសរុបចំនួន៤១តំបន់ រួមបញ្ចូលទាំងតំបន់ការពារធម្មជាតិ ដែលមានស្រាប់ និងទើបបង្កើតថ្មីមានផ្ទៃដី សរុបជាង៥,៨៧លានហិកតា៕