(ភ្នំពេញ)៖ បងប្អូនខ្មែរឥស្លាម១០០គ្រួសារ នៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលកំពុងជួបការខ្វះខាតក្នុងរដូវបុណ្យស្រាយបួស ខែរ៉ាម៉ាឌន នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានទទួលអំណោយ ក្នុងការសម្រួលដល់ជីវភាពមួយចំនួនពីលោកស្រី ម៉ាណ ណាវី អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងលោកស្រី ម៉ាណ ចិន្តា ក្រុមការងារចុះជួយខណ្ឌ-សង្កាត់ និងលោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ។
ការចែកអំណោយក្នុងរដូវបុណ្យស្រាយបួស ខែរ៉ាម៉ាឌន ជូនដល់បងប្អូនខ្មែរឥស្លាម កំពុងជួបការខ្វះខាតនេះ បានធ្វើឡើងក្នុងគោលបំណងដើម្បីផ្សាភ្ជាប់មិត្តភាព និងពង្រឹងទំនាក់ទំនងឲ្យកាន់តែខ្លាំងបន្ថែមទៀត រវាងថ្នាក់ដឹកនាំឥស្លាម និងបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម ដែលបានធានាមកនូវសុខដុមរមនាជាតិសាសន៍ និងសាសនានៅកម្ពុជា គ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ និងសាសនានោះទេ ក្រោមដំបូលសន្តិភាព នៃការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៕