(កណ្តាល)៖ ក្រោមការសម្របសម្រួលពីឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកណ្តាល និងជាប្រធានអតីតយុទ្ធជន (ស.អ.ក) ខេត្តកណ្តាល និងលោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ នៅទីបំផុតអតីតយុទ្ធជនលោក ចៅ សុខវាសនា និងប្រពន្ធ ស៊ឹម សឿន រស់នៅភូមិទួលក្របៅឃុំគគីរ បានទទួលយល់ព្រមទទួលដី និងផ្ទះរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅឯខេត្តឧត្តរមានជ័យ។
លោក គង់ ឆេង មេឃុំគគីរ បានឲ្យថា «ដីដែលឈ្មោះ ចៅ សុខវាសនា បានបង្ហោះឃ្លីបវីឌីអូនេះ តាមពិតដីនេះមិនមែនជាដីគាត់ទេ វាជាដីរបស់ម្តាយក្មេករបស់គាត់។ ក្រោយសម្របសម្រួលរួចមក ពួកគាត់ព្រមទទួលយកដីដែលសម្តេចតេជោ ហ៊ុន សែន បានផ្តល់ឱ្យសម្រាប់អតីតយុទ្ធជនពិការ»។
ជាមួយគ្នានេះ លោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ ក៏បានផ្តល់ថវិកាចំនួន ២០លានរៀល និង២០០ដុល្លារដល់គ្រួសារលោក ចៅ សុខវាសនា និងប្រពន្ធសម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារបន្ថែមទៀតផងដែរ នៅពេលទៅតាំងទីលំនៅថ្មី។
ជាការឆ្លើយតប ក្រុមគ្រួសារលោក ចៅ សុខវាសនា បានសូមគោរពថ្លែងអំណរគុណសមេ្តចតេជោ ហ៊ុន សែន និងសមេ្តចកិត្តិព្រឹទ្ធបណ្ឌិត និងសូមជូនពរសម្តេចទាំងទ្វេ ព្រមទាំងក្រុមគ្រួសារទាំងអស់ឱ្យមានសុខភាពល្អ និងទទួលបានជោគជ័យបន្តទៀតសម្រាប់ដឹកនាំប្រទេសជាតិកាន់តែរីកចំរើន។
សូមបញ្ជាក់ថា លោក ចៅ សុខវាសនា អតីតយុទ្ធជនម្នាក់ និងក្រុមគ្រួសារ រស់នៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលកាលពីពេលថ្មីៗនេះ លោកបានផ្សាយថា គេរំលោភយកដីរបស់គាត់ ប៉ុន្តែក្រោយមានការផ្សព្វផ្សាយភ្លាម ខាងអាជ្ញាធរ និងថ្នាក់ដឹកនាំអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល បានចេញមកបំភ្លឺ និងបញ្ជាក់ពីសារបានដំណើររឿងនេះវិញផងដែរ។
នៅក្រោយការបោះឆ្នោតឃុំសង្កាត់ សមាគមអតីតយុទ្ធជនខេត្តកណ្តាល នឹងជួយដឹកជញ្ជូនគាត់ និងក្រុមគ្រួសារឲ្យទៅរស់នៅផ្ទះ និងដីបង្ករបង្កើនផលថ្មីនៅខេត្តឧត្តរមានជ័យ៕