(កណ្ដាល)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលជួយស្រុកលើកដែក ខេត្តកណ្ដាល នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅក្នុងឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្ដកណ្ដាល។

ក្នុងឱកាសចុះសួរសុខទុក្ខ និងសំណេះសំណាល ខាងលើនេះ លោក ហេង រតនា បាននាំយកក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យព្រះកេតុមាលា មកចុះត្រួតពិនិត្យជំងឺជូនប្រជាពលរដ្ឋ ប្រមាណ៤០០នាក់ នៅក្នុងឃុំព្រែកទន្លាប់ ស្រុកលើកដែក ដោយឥតគិតថ្លៃផងដែរ។

ក្នុងឱកាសនោះ លោក ហេង រតនា ក៏បានស្ដាប់ និងប្រមូលនូវសំណូមពរ នៃក្ដីកង្វល់របស់ប្រជាពលរដ្ឋ ហើយភ្លាមៗនោះ លោកក៏បានដោះស្រាយជូនប្រជាពលរដ្ឋផងដែរ។

បន្ទាប់ពីបញ្ចប់ពិធីសំណាល និងត្រួតពិនិត្យជំងឺជូនប្រជាពលរដ្ឋ រួចមក លោក ហេង រតនា ក៏បានដឹកនាំក្រុមការងារ បន្ដជួបជាមួយសកម្មជន នៃគណបក្សប្រជាជនកម្ពុជា នៅក្នុងឃុំកំពង់ភ្នំ ស្រុកលើកដែក ដើម្បីរៀបចំត្រៀមបម្រុង ក្នុងយុទ្ធនាការបោះឆ្នោះជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នាពេលខាងមុខនេះ។

លោក ហេង រតនា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងសមាជិកគណបក្សគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងបែង ពលីគ្រប់បែបយ៉ាង និងគាំទ្រដល់សកម្មភាពនានា របស់គណបក្សនៅតាមមូលដ្ឋាន ក្នុងបុព្វហេតុដើម្បីឧត្តមប្រយោជន៍ជាតិមាតុភូមិ គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោក ហេង រតនា ក៏បានជំរុញឲ្យសមាជិកគណបក្សទាំងអស់ ត្រូវបន្តរៀបចំកម្លាំងស្នូលគណបក្ស បន្តចុះឲ្យដល់គ្រប់ទីកន្លែងក្នុងមូលដ្ឋាន ចុះគ្រប់តាមគ្រួសារបក្ស និងកែលំអរ រាល់សកម្មភាពអវិជ្ជមានដែលខ្លួនមាន។

លោក ហេង រតនា បានណែនាំឲ្យក្រុមការងារគណបក្ស ត្រូវបន្តប្តូរឥរិយាបទ បន្ទាបខ្លួន និងហ៊ានទទួល យកនូវការតិះទៀនទាំងឡាយពីប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសត្រូវបន្តកែលំអររាល់ទង្វើអវិជ្ជមាន និងយកចិត្តទុកដាក់បន្ថែមចំពោះទុក្ខធុរៈ របស់ប្រជាពលរដ្ឋ សមាជិកបក្ស និងក្រុមគ្រួសារបក្ស។

ទន្ទឹមគ្នានេះ លោក ហេង រតនា ក៏បានពង្រឹង និងជំរុញបន្ថែម អំពីចំនួនសមាជិកបក្ស ទាក់ទងនឹងរឿងអត្ដសញ្ញាបត្រ និងត្រូវពិនិត្យឈ្មោះបោះឆ្នោតនៅ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ផងដែរ៕