(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក លន់ លឹមថៃ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ បានដឹកនាំកម្លាំងអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចរាប់សិបនាក់ទាំងនគរបាល អាវុធហត្ថ និងយោធា បើកយុទ្ធនាការ ចុះទៅជួយរុះរើ រៀបចំ និងជួសជុលឡើងវិញនូវផ្ទះប្រជាពលរដ្ឋ ជាច្រើនរយខ្នង ដែលត្រូវខ្យល់កន្ត្រាក់បោកបក់ បណ្តាលឲ្យដួលរលំ និងបើងដំបូលខូចខាតនៅស្រុកបាធាយ និងស្រុកស្ទឹងត្រង់កាលពីម្សិលមិញ។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានបញ្ជាក់ថា «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា​ ជាក់ស្តែង នៅព្រឹកព្រលឹមថ្ងៃនេះអភិបាលខេត្ត លោក លន់ លឹមថៃ និងជាប្រធានកាកបាទក្រហមខេត្តកំពង់ចាម រួមដំណើរដោយ លោកអភិបាលស្រុកបាធាយ ចុះជួយ រុះរើផ្ទះរបស់ប្រជាពលរដ្ឋ ត្រូវខ្យល់កន្ត្រាក់បណ្តាលឲ្យរលំផ្ទះ និងរបើកដំបូលផ្ទះរបស់ប្រជាពលរដ្ឋចំនួន៤៩២ខ្នង នៅឃុំសណ្តែក ឃុំត្រប់ ឃុំតាំងក្រសាំង និងឃុំទំនប់»

លោកឧត្តមសេនីយ៍ស្នងការ បានបន្តទៀតថា សម្រាប់យុទ្ធនាការខាងលើនេះ កងកម្លាំងអន្តរាគមន៍ពិសេស របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំនួន១២៥នាក់ ក៏បានចុះជួយរៀបចំផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះទាំងបួន ឃុំខាងលើ និងបានត្រៀមកម្លាំង១ចំនួនធំទៀត សម្រាប់ចុះជួយនៅតាមតំបន់ផ្សេងៗទៀត ពេលត្រូវការជាចាំបាច់។

ជាមួយគ្នានេះកម្លាំងនគរបាលរបស់លោក ក៏បានបែងចែកក្រុមចុះទៅជួយការងារនេះ នៅស្រុកស្ទឹងត្រង់ផងដែរ។

កាលពីម្សិលមិញ គ្រោះធម្មជាតិ ភ្លៀងលាយខ្យល់កន្រ្តាក់ នៅទឹកដីស្រុកបាធាយ និងស្រុកស្ទឹងត្រង់ បានបំផ្លាញ និងប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ចំនួន៥៥៦ខ្នង ហើយបណ្តាលឲ្យរបួសស្រ្តីម្នាក់ រហូតធ្លាយពោះវៀនចេញមកក្រៅ មើលទៅឡើងញាក់សាច់ដោយសារផ្ទះរលំលើ និងរបួសស្រាល៣នាក់។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «នៅស្រុុកបាធាយ មានភ្លៀង និងខ្យល់កន្ត្រាក់បណ្តាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋសរុប៤៩២ខ្នង ក្នុងនោះដួលរាដល់ដី៣៤ខ្នង ធ្ងន់ធ្ងរ៩៣ខ្នង និង ស្រាល៣៦៥ ខ្នង»

ដោយឡែកស្រុកស្ទឹងត្រង់វិញ ក៏មានករណីភ្លៀងខ្យល់កន្រ្តាក់បានធ្វើឲ្យដួលរលំផ្ទះចំនួន៦៤ខ្នង របួសធ្ងន់១ (ស្រី) របួសស្រាល៣នាក់ ភូមិចំនួន៦ ក្នុងឃុំដងក្តារ៕