(ព្រះវិហារ)៖ លោក ដុស ឌីន តំណាងក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបញ្ជាក់ឲ្យដឹង មានអតិថិជនជិត៤ម៉ឺននាក់ ទទួលបានសេវាមីក្រូហិរញ្ញវត្ថុ ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន១៣ កំពុងប្រតិបត្តិការ គិតជាទឹកប្រាក់ប្រមាណ១៣៦លានក្នុងឆ្នាំ២០២១។
ការលើកឡើងរបស់លោក ដុស ឌីន តំណាងក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបញ្ជាក់ឲ្យដឹង ក្នុងឱកាសចូលរួម ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ផ្សព្វផ្សាយជូនអ្នកពាក់ពន្ធ័នៅក្រុងព្រះវិហារ ខេត្តព្រះវិហារនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។
លោក ដុស ឌីន បានឲ្យដឹងថា «តាមរបាយការណ៍ស្ថានភាពប្រាក់កម្ចីនៅកម្ពុជាឆ្នាំ២០២១ របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានបង្ហាញថា ខេត្តព្រះវិហារមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន១៣ កំពុងផ្តល់សេវាមីក្រូហិរញ្ញវត្ថុ ដល់អតិថិជនក្នុងខេត្តព្រះវិហារចំនួន៣៩.៩៩៨នាក់ ជាមួយនឹងសមតុល្យឥណទានសរុបប្រមាណ១៣៦លានដុល្លារ ចំណែកឯអតិថិជនប្រាក់បញ្ញើមានចំនួនប្រមាណ៥៩.៦៩៤នាក់ និងមានសមតុល្យប្រាក់បញ្ញើសរុបចំនួន៧លានដុល្លារអាមេរិក»។
លោកបានបន្ដថា ចំពោះមុខនេះគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ក៏បានដាក់ទិសដៅរួមមួយ សម្រាប់អតិថិជនឲ្យទទួលបានជោគជ័យ និងបន្តប្រើប្រាស់សេវាហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាពដោយប្រកាន់យកគោលការណ៍រួម គឺភាពជោគជ័យរបស់អតិថិជន ទើបជាភាពជោគជ័យពិតប្រាកដរបស់គ្រឹះស្ថាន។
លោក ម៉ែន ភក្ដី ប្រធាននាយកដ្ឋានគ្រប់គ្រងទិន្នន័យ និងវិភាគម៉ាក្រូធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា បច្ចុប្បន្នវិស័យមីក្រូហិរញ្ញវត្ថុនៅតែដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក្នុងបរិបទនៃការរស់នៅតាមគន្លងប្រក្រតីភាពថ្មី។ ជាក់ស្ដែងក្នុងឆ្នាំ២០២១កន្លងទៅទោះបីប្រទេសកម្ពុជាជួបបញ្ហាជាសលកនៃ ការរីករាយដាលពីជម្ងឺកូវីដ១៩ ក៏វិស័យមីក្រូហិរញ្ញវត្ថុនៅរក្សាតួនាទីដ៏សំខាន់ ដោយការទទួលខុសត្រូវខ្ពស់បំផុត ដើម្បីរួមចំណែកស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
លោកបានបញ្ជាក់ថា «នៅបំណាច់ឆ្នាំ២០២១ ទំហំទ្រព្យសកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ ដែលបានប្រតិបត្តិការមាន៣៧,៣០ទ្រីលានរៀល ស្មើនឹង៩.១៦ ប៊ីលានដុល្លារអាមេរិក ក្នុងនោះប្រាក់កម្ចីសរុបមាន៣១,៩៦ទ្រីលានរៀល ស្មើនឹង ៧,៨៤ ប៊ីលានដុល្លារអាមេរិក ត្រូវបានផ្តល់ដល់អតិថិជនជាង១,៩៧លានគណនី និងគណនីប្រាក់បញ្ញើនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើមានចំនួនជាង២,៥៧លានគណនី មានទំហំប្រាក់បញ្ញើសរុបប្រមាណ១៦,៨៤ ទ្រីលានរៀល ស្មើនឹង៤,១៣ប៊ីលានដុល្លារ»។
លោកបានចាត់ទុកលទ្ធផលសម្រេចបាននេះ មកពីកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ក្រោមការគាំទ្រពេញទំហឹងពីរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងការចូលរួមសហការពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។
លោកបានបញ្ជាក់ថា បន្ថែមពីតួនាទីជាសារវ័ន្តរបស់ខ្លួន វិស័យមីក្រូហិរញ្ញវត្ថុក៏បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជាថែមទៀតផង តាមរយៈការកាត់បន្ថយគម្លាតនៃ ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ រវាងប្រជាជនក្នុងទីប្រជុំជន និងទីជនបទ ដើម្បីឲ្យមានលទ្ធភាពបំពេញតម្រូវការសេវាហិរញ្ញវត្ថុទាន់ពេលវេលា មានតម្លៃសមរម្យ និងមានកិច្ចគាំពារតាមផ្លូវច្បាប់ ចំពោះប្រជាជននៅតាមតំបន់ដាច់ស្រយាល ដែលពុំមានប្រតិបត្តិការធនាគារទៅដល់កន្លែង។
ទោះបីវិស័យមីក្រូហិរញ្ញវត្ថុកន្លងមក មានការរីកចម្រើនពិតមែនតែវិស័យនេះ នៅមានការប្រឈមមុខនឹងបញ្ហាចម្បងៗ មួយចំនួនចាំបាច់ត្រូវយកចិត្តទុកដាក់ដូចជា ការផ្ដល់ចំណេះដឹង ដល់ប្រជាជនជាអ្នកប្រើប្រាស់ប្រាក់កម្ចី ការជំរុញឲ្យមានការចូលរួមពី គ្រប់អ្នកពាក់ព័ន្ធ ការបន្តជួយផ្សព្វផ្សាយ និងអប់រំប្រជាជនឲ្យខ្ចីប្រាក់ពីគ្រឹះស្ថានស្រប់ច្បាប់ ព្រមទាំងប្រើប្រាស់ប្រាក់កម្ចីឲ្យចំគោលដៅ និងគោរពតាមកាតព្វកិច្ចសង។
តាមរយៈសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» លោកសង្ឃឹមថា នឹងជួយឲ្យប្រជាជនអ្នកប្រើប្រាស់ប្រាក់កម្ចីទាំងអស់រួចផុតពី ការរងគ្រោះនៃការជាប់បំណុលវ័ណ្ឌក និងពីការកេងប្រវ័ញ្ចនានាពីក្រុមឈ្មួញក្រៅប្រពន្ធ័ទៀតផង។
សូមបញ្ជាក់ថា សិក្ខាសាលារៀបចំឡើងមានគោលបំណងផ្សព្វផ្សាយ ពីសារៈសំខាន់ និងផលប្រយោជន៍នៃវិស័យមីក្រូហិរញ្ញវត្ថុ និងប្រាក់រៀល ជារូបិយវត្ថុជាតិ តួនាទីភារកិច្ចរបស់ធនាគារជាតិនៃកម្ពុជា និងចំណេះដឹងនៃការប្រើប្រាស់សេវាហិរញ្ញវត្ថុ កាតព្វកិច្ច និងការទទួលខុសត្រូវ របស់អាជ្ញារមូលដ្ឋាន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និង ការផ្តល់ជាវេទិការសាធារៈជូន ដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងការលើកឡើងជាសំណួរ និងសំណូមពរពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុ៕