(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា បច្ចុប្បន្ននេះ ខេត្តកំពង់ស្ពឺ កំពុងតែជួបបញ្ហាកង្វះកម្លាំងពលកម្មជាង១ម៉ឺននាក់ ដើម្បីបំពេញតម្រូវការសកម្មភាពការងាររបស់បណ្តាលរោងចក្រ សហគ្រាស ដែលកំពុងបន្តកើនឡើងជាលំដាប់ ក្រោមដំបូលសុខសន្តិភាព។

ការឱ្យដឹងបែបនេះរបស់លោកអភិបាលខេត្ត បានធ្វើឡើងក្នុងឱកាសលោកដឹកនាំក្រុមការងារចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិក ដែលកំពុងធ្វើការក្នុងរោងចក្រ មីងហ្វៃ ស្ថិតក្នុងស្រុកសំរោងទង នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ ក្នុងឱកាសទិវាពលកម្មអន្តរជាតិខួបទី១៣៦។

ថ្លែងទៅកាន់ក្រុមកម្មករ និយោជិត លោក វ៉ី សំណាង បានគូសបញ្ជាក់ថា បច្ចុប្បន្នខេត្តកំពង់ស្ពឺ កំពុងមានការរីកដុះដាលលើវិស័យរោងចក្រ សហគ្រាស តាមរយៈការកៀរគរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ អ្នករកស៊ីតូចធំបានដាក់ទុនដើម្បី រកស៊ីក្នុងខេត្តនេះដោយផ្អែកលើភាពអំណោយផលនិងសក្តានុពល។ បច្ចុប្បន្នខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាសសរុបចំនួន ៣៣៤កន្លែង ដែលមានកម្មករ-កម្មាការិនី និយោជិតសរុប ១៤៤,៧៩៧នាក់ ស្រី ១០៦,៩៨២នាក់ ក្នុងនោះវាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើងមានចំនួន ១៥១កន្លែង មានកម្មករសរុប១៣៩,៦៧៨នាក់ ស្រី១០៥,០០១នាក់។

លោក វ៉ី សំណាង បានបន្ថែមថា «បច្ចុប្បន្នមានរោងចក្រ សហគ្រាសជាច្រើនកន្លែងទៀត ដែលបាននឹងកំពុងសាងសង់ និងមានរោងចក្រខ្លះបានបើកទ្វារ ដើម្បីជ្រើសរើសកម្មករឱ្យចូលបម្រើការងារ ដែលតម្រូវការកម្មកររហូត មកទល់ពេលនេះនៅខ្វះប្រមាណជាង ១ម៉ឺននាក់ទៀត ហើយចំនួននេះ និងអាចមានកែប្រែច្រើនជាងទៀត ខណៈដែលរោងចក្រ និងសហគ្រាសផ្សេងៗទៀតបើកទ្វារបន្តបន្ទាប់»

អភិបាលខេត្តរូបនេះ បានបន្តថា ដោយលក្ខណនេះហើយទើបរដ្ឋបាលខេត្តក៏ដូចថ្នាក់ខេត្ត មន្ទីរមានការបារម្ភរកកម្មករមកធ្វើការឱ្យរោងចក្រមិនបាន។ ជាមួយគ្នានោះដែរ អភិបាលខេត្តកំពង់ស្ពឺ ក៏បានអំពាវទៅកម្មករនិយោជិត ដែលមានបងប្អូនបានបញ្ចប់ការសិក្សា ឬឈប់សិក្សា ហើយចង់រកការងារធ្វើសូមឱ្យមកធ្វើការនៅខេត្តកំពង់ស្ពឺ ដោយទាក់ទងមកមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីទទួលបានឱកាសការងារនៅក្នុងខេត្តនេះ៕