(គូឡាឡាំពួរ)៖ អំឡុងពេលមួយខែទៅហើយ បន្ទាប់ពីបំណែកចំនួនពីរបន្ទះ ត្រូវបានបញ្ជូនពី អូស្ត្រាលីមកកាន់ប្រទេសម៉ាឡេស៊ីនោះ ឥឡូវនេះអាជ្ញាធរបានសន្មត់ជាផ្លូវការថា វាពិតជាមកពី ជើងហោះហើរ MH370 ដែលបានបាត់ដំណឹងទៅជាង ពីរឆ្នាំនោះប្រាកដមែន។ នេះបើតាមការ ចេញផ្សាយមុននេះបន្តិច ដោយ Channel News Asia នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០១៦។
បំណែកខាងលើនេះត្រូវបានរកឃើញនៅ កោះមួយស្ថិតនៅតំបន់អាហ្វ្រិកខាងត្បូង ក្នុងសមុទ្រ ឥណ្ឌា ដែលពីមុនដំបូងឡើយ ក្រុមជំនាញអូស្ត្រាលីបានយកទៅធ្វើការត្រួតពិនិត្យជាមុន ហើយក៏បានអះអាងថា បំណែកទាំងនោះពិតជាបានមកពីយន្តហោះ Boeing 777 នោះមែន ប៉ុន្តែគេត្រូវបញ្ជូនទៅកាន់ម្ចាស់កម្មសិទ្ធិគឺម៉ាឡេស៊ី ដើម្បីធ្វើការត្រួតពិនិត្យ បន្តកាលពីខែមុន។
ទីបំផុតនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក Liow Tiong Lai រដ្ឋមន្ត្រីដឹកជញ្ជូនរបស់ប្រទេសម៉ាឡេស៊ី បានបើកសន្និសីទសារព័ត៌មានមួយ ដោយលោកបានអះអាងច្បាស់ៗថា បំណែកដែលត្រូវបានរកឃើញ និង ត្រួតពិនិត្យកន្លងមកនេះ «ពិតប្រាកដណាស់» ថាជារបស់ MH370។
គួរបញ្ជាក់ថាបំណែកទាំងពីរដែលត្រូវបានរកឃើញនោះ គឺមួយជាបន្ទះដែលគ្របម៉ាស៊ីន មានស្លាក សញ្ញា Rolls-Royce និងមួយទៀតគឺជាបំណែកដែលស្ថិតនៅក្នុងយន្តហោះ ជាប់នឹងកន្លែងរបស់ក្រុមអ្នកបម្រើការងារលើនោះ។ ការរកឃើញនេះ គឺជាពន្លឺថ្មីបំផុត ដើម្បីអនុញ្ញាតឲ្យក្រុមរុករក បន្តការស្វែងរកនៅហ្នឹងកន្លែងដែលពួកគេសង្ស័យបន្តទៀត៕