(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ និង លោក ឌីមីតទ្រី ស្វេតកូវ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែឧសភ ឆ្នាំ២០១៦នេះ បានរួមគ្នាដាំដើមក្រវ៉ាន់ចំនួន ២ដើមនៅ មុខវិមានសន្តិភាព ដើម្បីអបអរសាទរ និងរំលឹកខួប ៦០ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី។
សូមបញ្ជាក់នៅរាត្រីថ្ងៃទី១១ ខែឧសភា ម្សិលមិញ កម្ពុជា-រុស្ស៊ី បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងនេះ ដោយមានការពិសារភោជនាហាររួមគ្នា អមដោយការប្រគំតន្រ្តី សម្តែងសិល្បៈ រួមជាមួយការចាក់បញ្ចាំងនូវឯកសារស្តីពីប្រវត្តិនៃទំនាក់ទំនងប្រទេសទាំងពីរផងដែរ។ ពិធីរំលឹកខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងនេះ ធ្វើឡើងនៅសណ្ឋាគារអ៉ីនធើខន ដោយមានការចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា រួមនិងមន្រ្តីស្ថានទូតរុស្ស៊ីជាច្រើនរូបទៀត។
ទាំងលោក ប្រាក់ សុខុន និង លោក ឌីមីតទ្រី ស្វេតកូវ បានមើលឃើញថា ទំនាក់ទំនងរយៈពេល ៦០ឆ្នាំ កន្លងមកនេះ ប្រជាជនកម្ពុជា និងរុស្ស៊ី ទទួលបាននូវមិត្ដភាព រឹងមាំ និងកិច្ចសហប្រតិបត្ដិការ ប្រកបដោយផ្លែផ្កាលើវិស័យជាច្រើន ចាប់តាំពីនយោបាយ និងសន្ដិសុខ ដល់សេដ្ឋកិច្ច និងអប់រំ រួមទាំងប្រព័ន្ធផ្សព្វផ្សាយរហូតដល់់វប្បធម៌។