(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ I.I.C។ ពិធីចែកសញ្ញាបត្រនេះ នឹងធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ ក្បែរវិមានឯករាជ្យ។ និស្សិតទទួលសញ្ញាបត្រមានចំនួន៨៦០នាក់។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេច៖
* ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការអភិវឌ្ឍន៍ប្រទេស បើគ្មានធនធានមនុស្សគឺមិនអាចទៅរួចនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងមិនប្រាកដថា កូនអ្នកកើតក្នុងត្រកូលអ្នកមាន មានអំណាចប្រាកដគ្រាន់បើនោះទេ មានកូនអ្នកក្រច្រើនមាន សមត្ថភាព តែត្រូវផ្តល់ឱកាសឲ្យពួកគេ។ ការផ្តល់ឱកាសនោះ គឺការរក្សាសន្តិភាព និងស្ថិរភាពនយោបាយរបស់ប្រទេស ដែលនេះគឺជារឿងសំខាន់ ណាស់ ដែលរាជរដ្ឋាភិបាលត្រូវរក្សាឲ្យបាន ទោះក្នុងតម្លៃណាក៏ដោយ។ អ្នកណាដែលបំផ្លាញសន្តិភាពរបស់ប្រទេស ត្រូវទទួលទណ្ឌកម្មពីច្បាប់។
* សម្តេចតេជោ ហ៊ុន សែន បានបន្តថា ឱកាសដំបូងបំផុត ដែលផ្តល់ឲ្យយុវជន គឺសន្តិភាព ដែលយើងបាត់បង់តាំងពីឆ្នាំ១៩៧០ ទម្រាំរកបានសន្តិភាពនេះ គឺលំបាកណាស់។ មិនអនុញ្ញាតមនុស្ស៤-៥នាក់ មកបំផ្លាញសន្តិភាពនោះជាដាច់ខាត។
*សម្តេចតេជោ ហ៊ុន សែន បង្គាប់ឱ្យរដ្ឋមន្រ្តីក្រសួងអប់រំ ជួយរៀបចំឱ្យក្រុមគ្រួសារនិស្សិតជ័យលាភីយ៉ាងតិច២នាក់ អាចចូលស្តាប់សារនាយករដ្ឋមន្រ្តី នៅក្នុងឱកាសចែកសញ្ញាបត្រលើកក្រោយ។ កុំឲ្យនៅរង់ចាំខាងក្រៅពិបាកណាស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែង មិនប្រាកដថា កូនអ្នកកើតក្នុងត្រកូលអ្នកមាន មានអំណាចប្រាកដគ្រាន់បើនោះទេ មានកូនអ្នកក្រច្រើនមានសមត្ថភាព តែត្រូវផ្តល់ឱកាសឲ្យពួកគេ។ ការផ្តល់ឱកាសនោះ គឺការរក្សាសន្តិភាព និងស្ថិរភាពនយោបាយរបស់ប្រទេស ដែលនេះគឺជារឿងសំខាន់ណាស់ ដែលរាជរដ្ឋាភិបាលត្រូវរក្សាឲ្យបាន ទោះក្នុងតម្លៃណាក៏ដោយ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ដើម្បីបានសន្តិភាពនេះ សម្តេចបានសម្រេចចិត្តចូលជម្រកខ្មែរក្រហមបើកការចរចា បើទោះបីមានការហាមឃាត់ពីម្តាយ និងអ៊ុំរបស់សម្តេចក៏ដោយ។ សម្តេចបានគិតថា បើសម្តេចចូលទៅហើយមានគ្រោះថ្នាក់ គ្រោះថ្នាក់តែសម្តេច តែបើរកចរចាបានវិញ គឺនាំនូវសុខសន្តិភាពជូនប្រជាពលរដ្ឋមួយប្រទេស។ សម្តេចបានបញ្ជាក់ថា ផ្តើមពីការចរចានេះ សុខសន្តិភាពបានកើតមាន ពាសពេញផ្ទៃប្រទេសចាប់តាំងពីឆ្នាំ១៩៩៨ មក ហើយបច្ចុប្បន្នពលរដ្ឋខ្មែរអាចធ្វើដំណើរទៅគ្រប់កន្លែងគ្មាននរណាហាមឃាត់នោះឡើយ។
* សម្តេចតេជោ បានប្រកាសថា សម្តេចប្តេជ្ញាមិនឲ្យយុវជនជំនាន់ថ្មីលំបាកដូចសម្តេច ដែលត្រូវឃ្លាតឆ្ងាយពីឪពុក-ម្តាយ ត្រឹមអាយុ១៣ឆ្នាំ ដើម្បីស្វែងរកវិជ្ជា។ ដូច្នេះដើម្បីធ្វើឲ្យយុវជនមិនឲ្យជួបផលលំបាកបែបនេះ សាលារៀនជាច្រើនត្រូវបានសាងសង់ទៅកៀកផ្ទះប្រជាពលរដ្ឋ ហើយគ្រូបង្រៀនជាច្រើនត្រូវបានបណ្តុះបណ្តាលដើម្បីផ្តល់ការអប់រំ។
* សម្តេចតេជោ ហ៊ុន សែន បានជំរុញក្រសួងសុខាភិបាល និងក្រសួងមុខងារសាធារណៈ រៀបចំដាក់គ្រូពេទ្យអ្នកគ្រូពេទ្យជាប់កិច្ចសន្យា បញ្ចូលទៅក្នុងក្របខណ្ឌរដ្ឋ។
* ឆ្លើយតបការលើកឡើងរបស់សាកលវិទ្យាធិការ IIC លើកឡើងថា បណ្តុះបណ្តាលធនធានមនុស្ស ដើម្បីជួយប្រទេសឲ្យអភិវឌ្ឍន៍ដូចបណ្តាប្រទេសរីកចម្រើននៅលើពិភពលោកនោះ សម្តេចតេជោ បានដាក់ជាសំណួរថា តើប្រទេសណា ដែលយើងនាំគ្នាត្រូវប្រឹងឲ្យបានដូចនោះ ព្រោះប្រទេសអ្នកមានខ្លះ ប្រើអំណាចកៀបសង្កត់ប្រទេសដទៃ។ សម្តេចបានបញ្ជាក់ថា ព្រោះតែនៅលើពិភពលោកនេះ ប្រទេសលើពិភពលោកមិនមានស្តង់ដាតែមួយនេះហើយ ទើបសម្តេចកម្រប្រើពាក្យថា អភិវឌ្ឍឲ្យរីកចម្រើនឲ្យបណ្តារីកចម្រើនានានៅលើពិភពលោក។
* សម្តេចតេជោ ហ៊ុន សែន សរសើរកូនប្រុសច្បងរបស់សម្តេច គឺលោក ហ៊ុន ម៉ាណែត ថា នៅតែមានកាយសប្បទារឹងមាំ និងបញ្ញាស្មារតីខ្លាំងពូកែ បើទោះបីកើតក្នុងរបបខ្មែរក្រហម គ្មានអាហារបំប៉ន និងសារធាតុចិញ្ចឹមគ្រប់គ្រាន់ក្តី។ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចតែងតែព្រួយបារម្ភក្លាយលោក ហ៊ុន ម៉ាណែត មិនអាចរៀនពូកែដូចកូនៗកើតនៅរាជធានីភ្នំពេញ តែទីបំផុត លោក ហ៊ុន ម៉ាណែត ប្រឡងចូលសាលាយោធា West Point របស់អាមេរិក។
* សម្តេចតេជោ ក៏បានរំលឹកពីប្រវត្តិជូរចត់ និងអាណោចអាធ័មក្នុងជីវិតរបស់សម្តេចនៅក្នុងរបបខ្មែរ និងក្រោយរំដោះ ហើយក៏បានរំលឹកដល់ការលើកឡើងរបស់ក្រុមបក្សប្រឆាំង ដែលបានមូលបង្កាច់ថា កូនរបស់សម្តេច គឺលោក ហ៊ុន ម៉ាណែត មិនមែនជាកូនរបស់សម្តេច និងភរិយាសម្តេចជាកូនមេដឹកនាំវៀតណាម។ សម្តេចបានរំលឹកថា លោក ហ៊ុន ម៉ាណែត ធ្លាប់បានទាមទារឲ្យសម្តេចធ្វើការពិនិត្យ DNA ដើម្បីដាក់លក្ខខណ្ឌជាមួយបក្សប្រឆាំងថា បើ DNA ដូចគ្នា ឲ្យបក្សប្រឆាំងដកខ្លួនពីឆាកនយោបាយ ហើយបើ DNA មិនដូចគ្នាខាងសម្តេច ក៏ដកខ្លួនពីឆាកនយោបាយផងដែរ។ តែត្រូវសម្តេចបញ្ជាក់ថា កុំឲ្យខ្វល់ជាមួយសម្តីអត់ប្រយោជន៍របស់បក្សប្រឆាំង។ សម្តេចតេជោ បានហៅការលើកឡើងនេះ គឺជាការប្រមាថធំបំផុត។ សម្តេចបញ្ជាក់ថា បើគ្មានការកែតម្រូវណាមួយទេ កុំគិតថា យកដៃរបស់សម្តេចទៅចុះហត្ថលេខាអ្វីមួយ ពោលដំណើរការច្បាប់ គឺនៅតែដំណើរការដដែល។
* ពាក់ព័ន្ធនឹងការចុះផ្សាយខុសពីប្រសាសន៍ដើមសម្តេច របស់កាសែត Cambodia Daily, សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សុំកុំឲ្យកាសែត Cambodia Daily ចុះផ្សាយខុសទៀត ឬកុំផ្សាយព័ត៌មានសម្តេចតែម្តងរឹតតែល្អ។ ដោយសម្តេចបានបញ្ជាក់ថា កាសែតបានផ្សាយចំណងជើងខុស នឹងសំដីរបស់សម្តេច ត្រូវមើលនិងស្តាប់ឲ្យច្បាស់សិនមុននឹងសរសេរចុះផ្សាយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចក៏បានតាមដានទស្សនាការប្រឡងចម្រៀង «The Voice Cambodia» ផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថា កម្មវិធី «The Voice Cambodia» ជាកម្មវិធីកើតឡើងក្នុងដំណាក់កាលសម្តេចដឹកនាំ ដូច្នេះសម្តេចត្រូវតែទស្សនា និងស្វែងយល់ វាមិនមែនជាកម្មវិធីកើតឡើងក្នុងដំណាក់កាលដឹកនាំរបស់បក្សប្រឆាំងនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង ៨៖៥៥នាទី៕