(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប្រាប់ទៅប្រធានប្រតិភូនៃមូលនិធិ Biodiversity Landscape Fund (BLF) ថាការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចសហគមន៍ គឺជាកូនសោក្នុងការអភិរក្សជីវៈចម្រុះប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
ការគូសបញ្ជាក់បែបនេះរបស់លោក សាយ សំអាល់ បានធ្វើឡើងក្នុងឱកាសលោកបានជួបពិភាក្សាការងារជាមួយលោកស្រី Timsin Ballard ប្រធានប្រតិភូនៃមូលនិធិ Biodiversity Landscape Fund (BLF) របស់ចក្រភពអង់គ្លេស ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការអនុវត្តគម្រោងក្រោមមូលនិធិ BLF នៅប្រទេសកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នាទីស្ដីការក្រសួងបរិស្ថាន។
លោកស្រី Timsin Ballard បានបញ្ជាក់នៅក្នុងជំនួបនេះថា មូលនិធិ BLF ផ្ដោតអាទិភាពលើការងារចំនួន៣ គឺការកាត់បន្ថយភាពក្រីក្រ ការអភិរក្សជីវៈចម្រុះ និងការប្រែប្រួលអាកាសធាតុ។
លោករដ្ឋមន្ត្រីបរិស្ថាន បានបន្តថា សម្រាប់កម្ពុជា អាទិភាពអភិវឌ្ឍន៍ រួមមានការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍដោយចីរភាព ការពង្រឹងអភិបាលកិច្ច និងការពង្រីកច្រកពាណិជ្ជកម្ម ហើយកម្ពុជាស្វាគមន៍ចំពោះការពង្រីក កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មជាមួយចក្រភពអង់គ្លេស ជាពិសេសការនាំចេញផលិតផលសហគមន៍មូលដ្ឋាន ដូចជា៖ អង្ករ (blueberry rice) ស្វាយចន្ទី និងចេក ការលក់ឥណទានកាបូន និងការវិនិយោគលើប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ និងការអភិវឌ្ឍទេសចរណ៍។ ល្គឹកណាប្រជាសហគមន៍មូលដ្ឋាននៅតែប្រឈមនឹងភាពក្រីក្រ យើងមិនអាចនិយាយអំពីកិច្ចការអភិរក្សបានឡើយ។
លោកស្រី Timsin Ballard បានបញ្ជាក់ជូនលោករដ្ឋមន្ត្រីថា អាទិភាពអភិវឌ្ឍន៍ទាំងនេះឆ្លើយតបយ៉ាងវិជ្ជមានទៅនឹងគោលដៅ និងគោលបំណងរបស់មូលនិធិ BLF ហើយលោកស្រីនឹងជំរុញឱ្យមានការចុះអនុស្សរណៈ នៃការយោគយល់រវាងចក្រភពអង់គ្លេស និងកម្ពុជា ដោយមានក្រសួងបរិស្ថានជាស្ថាប័នបង្គោល ក្នុងការអនុវត្តគម្រោងក្រោមមូលនិធិនេះ៕