(ភ្នំពេញ)៖ រយៈពេល១ឆ្នាំ គឺនៅឆ្នាំ២០២១ ក្រុមប្រឹក្សាអ្នកច្បាប់បានចូលរួមពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្តផ្សេងទៀត និងឯកសារផ្សេងៗ សរុបចំនួន១៤២ នៅក្នុងកិច្ចប្រជុំចំនួន ៣៣៨លើក ដែលក្នុងនោះមានសេចក្ដីព្រាងច្បាប់ចំនួន២១ សេចក្ដីព្រាងព្រះរាជក្រឹត្យចំនួន៤ សេចក្ដីព្រាងអនុក្រឹត្យចំនួន៤៥ សេចក្ដីព្រាងសេចក្ដីសម្រេចចំនួន៥ និងឯកសារផ្សេងៗចំនួន៦៧។

នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារ សម្រាប់អនុវត្តឆ្នាំ២០២២ របស់ក្រុមប្រឹក្សាអ្នកច្បាប់ ដែលប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាព លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ព្រមទាំងមានការចូលរួមពីសំណាក់ទីប្រឹក្សា អនុប្រធាន សមាជិក និងជំនួយការក្រុមប្រឹក្សាអ្នកច្បាប់ ព្រមទាំងមន្ត្រីនៃអគ្គលេខាធិការដ្ឋាន នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នៅវិមានមិត្តភាព។

ក្រុមប្រឹក្សាអ្នកច្បាប់ ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៤ បាននឹងកំពុងដើរតួនាទីយ៉ាងសកម្ម ជាយន្តការអមទីស្តីការគណៈរដ្ឋមន្រ្តីក្នុងការសម្របសម្រួលការងារតាក់តែង និងក្នុងការពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជូនរាជរដ្ឋាភិបាល ដើម្បីរួមចំណែកដល់ការពង្រឹងនីតិរដ្ឋ ការធានានូវសន្តិសុខគតិយុត្តនិងសង្គតិភាពគតិយុត្ត ស្របតាមការវិវត្តនៃនយោបាយនិងសេដ្ឋកិច្ចសង្គមកម្ពុជា។

ជាមួយគ្នានេះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់បានរៀបចំសេចក្តីព្រាងព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ចំនួន១៩, រៀបចំបែបបទបញ្ជូនសេចក្តីព្រាងច្បាប់ទៅស្ថាប័ននីតិប្បញ្ញត្តិចំនួន២១, សម្របសម្រួលឱ្យមានតំណាង រាជរដ្ឋាភិបាលទៅការពារសេចក្តីព្រាងច្បាប់នៅស្ថាប័ននីតិប្បញ្ញត្តិចំនួន៥៣លើក, ប្រជុំជាមួយតំណាងក្រសួងស្ថាប័ននានាដើម្បីពិនិត្យនិងកែសម្រួលលើសេចក្ដីព្រាងសេចក្ដីថ្លែងហេតុរបស់រាជរដ្ឋាភិបាល គោរពជូនរដ្ឋសភាចំនួន២០លើក និងសម្របសម្រួលការងារសំណួរចម្លើយសភាចំនួន១០ករណីផងដែរ។

តាមរយៈសមិទ្ធផលការងារនេះបង្ហាញថា ក្រុមប្រឹក្សាអ្នកច្បាប់សម្រេចបានលទ្ធផលការងារជាច្រើនជូនរាជរដ្ឋាភិបាលលើទិដ្ឋភាពច្បាប់និងទិដ្ឋភាពពាក់ព័ន្ធផ្សេងៗទៀត។

ក្នុងគោលបំណងពង្រឹង ប្រសិទ្ធភាព កិត្យានុភាព សាមគ្គីភាព និងឯកភាពផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់ លោកកិតិ្តនីតិកោសលបណ្ឌិត បានណែនាំឱ្យក្រុមប្រឹក្សាអ្នកច្បាប់បន្តពង្រឹងសមត្ថភាពផ្ទាល់ខ្លួនបន្ថែមទៀត តាមរយៈការខិតខំស្រាវជ្រាវ និងអភិវឌ្ឍសមត្ថភាព និងចែករំលែកបទពិសោធន៍ដើម្បីបង្កើនការយល់ដឹងផ្នែកច្បាប់ឱ្យកាន់តែប្រសើរ ដើម្បីបន្តពង្រឹងគុណភាពនៃការផ្តល់យោបល់ រួមចំណែកដល់ការធានាការគោរពនិងរក្សាឱ្យបាននូវគោលការណ៍សង្គតិភាពនិងសន្តិសុខគតិយុត្ត សំដៅរក្សាបាននូវតម្លៃគតិយុត្តនិងការអនុវត្តយូរអង្វែង រួមចំណែកលើវិស័យយុត្តិធម៌ក្នុងដំណើរការពង្រឹងនីតិរដ្ឋ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល៕