(កំពង់ចាម)៖ ដោយក្តីអាណិតអាសូរជាពន់ពេកនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២នេះ បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយមន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនអ្នកស្រី សៀង ផល្លី អាយុ៥៥ឆ្នាំ ជាស្ត្រីពិការទុរគតឥតទីពឹង រស់នៅភូមិតាង៉ាល ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខក្តីអាណិតអាសូរចំពោះអ្នកស្រី សៀង ផល្លី និងសូមលើកទឹកចិត្តឱ្យខិតខំថែទាំសុខភាព ឱ្យបានល្អ ជៀសផុតពីជំងឺនានា ដើម្បីបន្តក្តីសង្ឃឹមរស់នៅតទៅមុខទៀតឱ្យបានសមរម្យ។
ជាកិច្ចឆ្លើយតប អ្នកស្រី សៀង ផល្លី ក៏បានសម្តែងនូវក្តីរំភើបក្តុកក្តួល ឥតឧបមា និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរ និងលើកទឹកចិត្តឱ្យមានក្តីសង្ឃឹមតទៅមុខទៀត រួមជាមួយអំណោយមនុស្សធម៌ជួយសម្រាលការលំបាក រួមមានស្បៀងអាហារ សម្ភារប្រើប្រាស់ និងថវិកាទៀតផង។
បន្ទាប់ពីកម្មវិធីខាងលើនេះ លោកស្រីអគ្គលេខាធិការរងទី១ និងសហការី ក៏បានបន្តដំណើរចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ដល់ចាស់ឥតទីពឹងចំនួន ១២គ្រួសារ ដែលរស់នៅក្បែរនោះផងដែរ។
ថ្លែងក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការគិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមជាមួយនឹងការ ផ្តាំផ្ញើឱ្យថែទាំសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ពិសាទឹកដាំឆ្អិនល្អ និងប្រុងប្រយ័ត្នចំពោះការកើនឡើងកំដៅខ្លាំងដោយសារការប្រែប្រួលអាកាសធាតុ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់យើង។
ជាមួយគ្នានេះ សូមប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឱ្យបានគ្រប់ៗគ្នា ព្រោះថាប្រសិទ្ធភាពនៃវ៉ាក់សាំង បានធ្វើឱ្យយើងអាចទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩បាន ហើយអាចបើកឱកាសឱ្យយើងស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។
ទន្ទឹមនឹងនេះ លោកស្រីបានគូសបញ្ជាក់ពី វិនាសកម្មនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលធ្វើឱ្យបាត់បង់អ្វីៗគ្រប់បែបយ៉ាង ហេតុដូចនេះយើងត្រូវចូលរួមពង្រឹង ថែរក្សា និងការពារសុខសន្តិភាពនៅក្នុងប្រទេសយើង ដើម្បីការអភិវឌ្ឍ និងភាពសុខដុមរមនាក្នុងក្រុមគ្រួសារ។
សូមបញ្ជាក់ថា គ្រួសារលោកយាយលោកតាទាំង ១២គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ១កញ្ចប់, ទឹកត្រី ១យួរ, ទឹកស៊ីអុីវ ១យួរ និងថវិកា ២ម៉ឺនរៀល៕