(ត្បូងឃ្មុំ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ បានចាត់ឲ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី ដោយមានការចូលរួមពីថ្នាក់ដឹកនាំ-មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខ និងផ្តល់ស្បៀងអាហារ រួមជាមួយថវិកាចំនួន ១០លានរៀល ជូនគ្រួសារយុវជន ចាប រីម អាយុ ១៨ឆ្នាំ ដែលមានជំងឺបញ្ហាខួរក្បាល រស់នៅភូមិកន្ទួត ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
តាមការបញ្ជាក់របស់ម្តាយ យុវជន ចាប រីម គឺជាក្មេងដែលរៀនសូត្រពូកែ ឧស្សាហ៍ព្យាយាម និងមានជំនាញខាងលេងភ្លេងពិណពាទ្យ បានមានជំងឺនេះ (ខ្មែរយើងនិយមហៅថា ខុសគ្រូ) រយៈពេល៣ឆ្នាំមកហើយ ហើយកំពុងព្យាបាលតាមបែបគ្រូខ្មែរ ប៉ុន្តែមិនទាន់ជាសះស្បើយនៅឡើយទេ។
ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងក្តីអាណិតអាសូរចំពោះយុវជន ចាប រីម និងសូមលើកទឹកចិត្ត ឲ្យឪពុកម្តាយបន្តថែទាំកូនថែមទៀត បើទោះបីជាត្រូវប្រើមធ្យោបាយព្យាបាលបែបគ្រូខ្មែរ ឬត្រូវយកកូនទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យដែលមានគ្រូពេទ្យជំនាញក៏ដោយ ជាពិសេស ត្រូវថែទាំសុខភាព មានអនាម័យក្នុងការស់នៅ ហើយជូនពរឲ្យឆាប់បានជាសះស្បើយឡើងវិញ។
ក្រុមគ្រួសារយុវជន ចាប រីម បានសម្តែងនូវក្តីរំភើបក្តុកក្តួលឥតឧបមា និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរ និងលើកទឹកចិត្ត ឲ្យមានក្តីសង្ឃឹមតទៅមុខទៀត រួមជាមួយអំណោយមនុស្សធម៌ជួយសម្រាលការលំបាកមានដូចជា ថវិកាចំនួន ១០លានរៀល និងស្បៀងអាហារ សម្ភារប្រើប្រាស់មួយចំនួនទៀតផង។
បន្ទាប់ពីកម្មវិធីខាងលើនេះ ក្រុមការងារកាកបាទក្រហមកម្ពុជា ក៏បានបន្តដំណើរចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៦៧គ្រួសារ រស់នៅឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំផងដែរ។
ថ្លែងចំពោះមុខប្រជាពលរដ្ឋទាំងអស់ លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការគិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមជាមួយនឹងការផ្តាំផ្ញើ ឲ្យថែទាំសុខភាពផ្ទាល់ខ្លួន ឲ្យបានល្អ ពិសាទឹកដាំឆ្អិនល្អ និងប្រុងប្រយ័ត្នចំពោះការកើនឡើងកំដៅខ្លាំងដោយសារការប្រែប្រួលអាកាសធាតុ ដែលអាចធ្វើ ឲ្យប៉ះពាល់ដល់សុខភាពរបស់យើង។
ជាមួយគ្នានេះ សូមប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឲ្យបានគ្រប់ៗគ្នា ព្រោះថាប្រសិទ្ធភាពនៃវ៉ាក់សាំង បានធ្វើឲ្យយើងអាចទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩បាន ហើយអាចបើកឱកាសឲ្យយើងស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។
ទន្ទឹមនឹងនេះ លោកស្រី បានគូសបញ្ជាក់ពី វិនាសកម្មនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលធ្វើឲ្យបាត់បង់អ្វីៗគ្រប់បែបយ៉ាង ហេតុដូចនេះ យើងត្រូវចូលរួមពង្រឹង ថែរក្សា និងការពារសុខសន្តិភាពនៅក្នុងប្រទេសយើង ដើម្បីការអភិវឌ្ឍ និងភាពសុខដុមរមនាក្នុងក្រុមគ្រួសារ។
សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ១កញ្ចប់, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ និងថវិកា២ម៉ឺនរៀល៕