(ADB)៖ ប្រទេសកម្ពុជាដែលមានអតីតកាលគ្របដណ្តប់ដោយសង្គ្រាម និងភាពក្រីក្រនោះ ឥឡូវនេះបានក្លាយជាប្រទេស ដែលមានសេដ្ឋកិច្ច រីកចំរើនលឿនបំផុត នៅក្នុងតំបន់អាស៊ី។ ផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើងដល់ ៧ភាគរយ និងច្រើនជាងនេះចាប់តាំងពីឆ្នាំ២០១៣ ហើយលទ្ធផលបែបនេះនឹងបន្តទៅមុខរហូតដល់ឆ្នាំ ២០១៧ នេះបើតាមទស្សនវិស័យរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank) នៅក្នុងឆ្នាំ២០១៦ ចេញផ្សាយនៅថ្ងៃទី១០ ខែឧសភានេះ។
ប្រទេសកម្ពុជាកន្លងមក បានព្យាយាមធ្វើខ្លួនឲ្យក្លាយជារោងចក្រនៃតំបន់អាស៊ី ដើម្បីការអភិវឌ្ឍ សេដ្ឋកិច្ច ដែលជាការបង្កើននូវកម្លាំងពលកម្ម ដែលមានតម្លៃទាប ក្នុងការផលិតផលិតផលសម្រាប់នាំចេញ។ ស្របពេលដែលតម្លៃនៃពលកម្មបានកើនឡើងនៅប្រទេសចិន និងបណ្តាប្រទេសអាស៊ី មួយចំនួនទៀតនោះ ប្រទេសកម្ពុជាពិតណាស់ថា បាននិងកំពុងទាក់ទាញអ្នកវិនិយោគជាច្រើន។
នៅក្នុងសៀវភៅស្តីពីទស្សនវិស័យរបស់ ADB ប្រចាំឆ្នាំ ២០១៦ បានសរសេរថា «ការផ្តល់នូវកម្លាំងពលកម្មតម្លៃទាប និងបទពិសោធន៍តិចតួចដ៏ច្រើន របស់កម្ពុជា បានធ្វើការទាក់ទាញប្រកបដោយ ចីរភាពនូវការវិនិយោគដោយផ្ទាល់ពីបរទេស ទៅលើវិស័យកាត់ដេរសំលៀកបំពាក់ សម្រាប់ធ្វើការនាំចេញ»។
នៅទូទាំងតំបន់អាស៊ី ប្រជាជនរាប់រយលាននាក់ទៅហើយ បានរួចចាកផុតពីភាពក្រីក្រ ដោយសារតែការចូលការងារក្នុងសង្វាក់ផលិតកម្មដែលបាន អនុញ្ញាតឲ្យពួកគេ ស្វែងរកការអប់រំដ៏ប្រសើរជាងមុខ សម្រាប់កូនៗ ដែលអនាគតពួកគេនឹងប្រសើរឡើងដោយសារការសិក្សា។ ជាការពិតណាស់ ប្រទេសកម្ពុជាបានជួបនូវការប្រកួតប្រជែងនានាដ៏គួរឲ្យកត់សម្គាល់ ហើយប្រាកដណាស់កម្ពុជា កំពុងតែដើរទៅមុខយ៉ាងប្រសើរសម្រាប់ បែបបទខាងលើនេះ។
សូមបញ្ជាក់ថា កម្ពុជាធ្លាប់ជាប្រទេសមួយដែលពឹងផ្អែកលើវិស័យកសិកម្មដ៏ច្រើនលើសលប់ បានស្គាល់នូវភាពរីកចំរើនផ្នែកឧស្សាហកម្ម កើនឡើង ១១,៧ភាគរយកាលពីឆ្នាំ ២០១៥ ដែលប្រការនេះជាការជួយបង្កើនយ៉ាងខ្លាំង ដល់ប្រាក់ចំណូលក្នុងស្រុកសរុប (GDP)។ ការប្រកួតប្រជែង ផ្នែកសង្វាក់ផលិតកម្មរបស់កម្ពុជា ក៏កំពុងទទួលការប្រកួតប្រជែង ជាមួយបណ្តាប្រទេសក្នុងតំបន់ មួយចំនួនទៀតដែរ ជាពិសេសេគឺមីយ៉ាន់ម៉ាតែម្តង។
ដូច្នេះកម្ពុជាគួរតែពង្រីកវិសាលភាពសេដ្ឋកិច្ចរបស់ខ្លួនបន្ថែមទៀត ប្រសិនបើចង់ទទួលបានការរីកចំរើនក្នុងកម្រិតខ្ពស់មួយ ដូចដែលខ្លួនធ្លាប់សម្រេច បានយ៉ាងប្រសើរ ក្នុងបណ្តាឆ្នាំកន្លងមកនេះ។ នៅក្នុងការងារនេះរដ្ឋាភិបាល បានអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ដែលប្តេជ្ញាលើក កម្ពស់វិស័យនេះពីកម្រិតទាប ទៅកាន់កម្រិតខ្ពស់តាមរយៈសង្វាក់ផលិតកម្ម៕