(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Song Tao រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន តាមប្រព័ន្ធអ៊ីនធើណែត (VTC) ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ រវាងគណបក្សប្រជានកម្ពុជា និងបក្សកុម្មុយនីស្តចិននៅក្នុងបរិបទថ្មី ព្រមទាំងការពង្រឹងតួនាទីរបស់យុវជន នៅក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដែលកម្ពុជានិងចិន សម្រេចបាន និងកំពុងបន្តពូនជ្រុំសំដៅកសាង «សហគមន៍ជោគវាសនារួម» ក្រោមការដឹកនាំប្រកប ដោយចក្ខុវិស័យ និងភាពប៉ិនប្រសព្វរបស់គណបក្ស និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់បក្សកុម្មុយនីស្ត និងរដ្ឋាភិបាលចិន ដែលបានផ្តល់ជំនួយវ៉ាក់សាំង និងសម្ភារៈបរិក្ខាវេជ្ជសាស្រ្ត ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា។ ភាគីទាំងពីរបានប្តេជ្ញា ជំរុញការផ្លាស់ប្តូរយុវជននៃប្រទេសទាំងពីរ ដើម្បីជួយបណ្ដុះបណ្ដាលសមត្ថភាពយុវជន តាមរយៈការផ្ដល់អាហាររូបករណ៍ និងកម្មវិធីបណ្ដុះបណ្ដាលផ្សេងៗទៀត សំដៅលើកកម្ពស់តួនាទី និងការចូលរួមរបស់យុវជនបន្តវេន ក្នុងការចូលរួមចំណែកពង្រឹង កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនឱ្យកាន់តែរឹងមាំបន្ថែមទៀត នេះបើតាមប្រភពព័ត៌មានពីគណបក្សប្រជាជនកម្ពុជា (CPP)។

ក្នុងជំនួបនោះដែរ លោក Song Tao បានណែនាំអំពីសកលភាវូបនីយកម្ម ដែលលើកឡើង ដោយ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើការបន្តទំនាក់ទំនងមិត្តភាពជាប្រពៃណី រវាងចិន និងកម្ពុជា ការពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ និងការលើកកម្ពស់ការកសាងសហគមន៍មួយ អនាគតរួមគ្នារវាងចិន និងកម្ពុជា នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ៕

អត្ថបទដោយ៖ វិទ្យុមិត្តភាពកម្ពុជាចិន