(ភ្នំពេញ)៖ លោក រ័ត្ន វិរៈ អនុប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានលើកឡើងថា ប្រទេសកម្ពុជា បានធានានូវសុខសន្តិភាព ស្ថេរភាពនយោបាយពេញលេញ និងបានជោគជ័យទប់ស្កាត់មិនឲ្យកម្ពុជាធ្លាក់ក្នុងជ្រោះមរណៈនៃការរាលដាលនៃជំងឺកូវីដ១៩ បង្កើនស៊ាំនៅក្នុងសហគមន៍កាន់តែរឹងមាំ ដែលបានពង្រឹងបានការរីកចម្រើនសេដ្ឋកិច្ចសង្គមផងដែរ។

ការលើកឡើងបែបនេះរបស់លោក រ័ត្ន វិរៈ បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ាង សុផល្លែត សមាជិកគណៈកម្មារកណ្តាល និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តការងារប្រចាំខែមេសា និងលើកទិសដៅអនុវត្តបន្ត របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំនៅទីស្នាក់ការបក្សស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២។

ក្នុងឱកាសនោះ លោកបានជំរុញឲ្យក្រុមការងារទាំងអស់បង្កើនសកម្មភាពចុះគាំទ្រ ដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានភូមិ ឃុំពង្រឹងគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព បន្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ជំរុញឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជំរុញ ស្របតាមយុទ្ធសាស្រ្តរាជរដ្ឋាភិបាល និងយកចិត្តទុកដាក់លើផែនការយុទ្ធនាការ ដំណើការឃោសនាបោះឆ្នោតខាងមុខ។

សូមបញ្ចាក់ថា កិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តការងារប្រចាំខែមេសា និងលើកទិសដៅអនុវត្តបន្ត របស់ក្រុមការងារគណបក្សស្រុកអូររាំងឪ រៀបចំឡើងដោយមានការចូលរួមពីលោក លោកស្រី ជាអនុប្រធានគណៈអចិន្រ្តៃយ៍ សមាជិក សមាជិកា ក្រុមការងារគណៈបក្ស គណៈកម្មាធិការបក្សស្រុក គណៈបក្សមូលដ្ឋានឃុំទាំង៧ យុវជន និងតំណាងប្រធានក្រុមបក្សជាច្រើននាក់ និងបានស្តាប់នូវរបាយការណ៍ បញ្ហាប្រឈម ចំណុចខ្លាំង និងចំណុចខ្សោយរបស់គណៈកម្មាធិការបក្សស្រុក និងតំណាងគណៈបក្សមូលដ្ឋានផងដែរ៕