(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានទទួលបដិសណ្ឋារកិច្ចជាផ្លូវការ នាយឧត្តមសេនីយ៍ យ៉ាម៉ាហ្សាគី កូជី អគ្គសេនាធិការចម្រុះ កងស្វ័យការពារជប៉ុន នៅអគ្គបញ្ជាការដ្ឋាន នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ។
នៅក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានសម្តែងការស្វាគមន៍ចំពោះ នាយឧត្តមសេនីយ៍ យ៉ាម៉ាហ្សាគី កូជី និងសហការី ដែលបានមកទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ បំរើផលប្រយោជន៍ដល់កងទ័ពប្រទេសទាំងពីរ ក៏ដូចបម្រើសន្តិសុខក្នុងតំបន់ និងពិភពលោក។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានជម្រាបជូនពីស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជាបានធូរស្រាល និងអាចគ្រប់គ្រងបាន ដែលកត្តានេះ នាយឧត្តមសេនីយ៍បញ្ជាក់ថា មិនមែនជាការចៃដន្យនោះទេ គឺដោយសារការសម្រេចចិត្តដ៏ត្រឹមត្រូវ ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការដាក់ចេញយុទ្ធសាស្ត្របង្ការ ទប់ស្កាត់បានទាន់ពេលវេលា។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីចំណងទាក់ទងពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន ដែលមានតាំងពីសតវត្សទី១៧ និងទំនាក់ទំនាក់ការទូតមានតាំងពីឆ្នាំ១៩៥៣ ហើយជប៉ុនបានចូលរួមនៅក្នុងដំណើរការ បញ្ចប់សង្រ្គាមរ៊ាំរ៉ៃ ការចូលរួមកសាងសន្តិភាព និងការជួយកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅកម្ពុជា។
ពាក់ព័ន្ធលើវិស័យយោធា នាយឧត្ដមសេនីយ៍អគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់កងស្វ័យការពារជប៉ុន ដែលបានរួមចំណែកអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទ តាមរយៈការទទួលយកសិក្ខាកាមយោធាកម្ពុជា ទៅបណ្តុះបណ្តាលលើជំនាញផ្សេងៗ និងបានស្នើដល់ភាគីជប៉ុនគាំទ្រឲ្យមានទស្សនកិច្ចរបស់នាយទាហានវ័យក្មេង ជួយកសាងធនធានមនុស្ស ផ្តល់សម្ភារៈបរិក្ខារយោធា ក៏ដូចជាជួយលើវិស័យសង្រ្គោះគ្រោះមហន្តរាយ និងបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ ជាពិសេស ការដោះមីន និងគ្រាប់មិនទាន់ផ្ទុះ។
នាយឧត្តមសេនីយ៍ សង្ឃឹមថា ទៅថ្ងៃអនាគតកងទ័ពប្រទេសទាំងពីរនឹងនៅតែបន្តកិច្ចសហការជិតស្និទ្ធ ក្នុងការផ្លាស់ប្តូរព័ត៌មាន និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់កម្រិត គ្រប់ប្រភេទទ័ព ជាពិសេសកងទ័ពជើងគោក ប្រទេសទាំងពីរ។
ក្នុងកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ យ៉ាម៉ាហ្សាគី កូជី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានមកកម្ពុជាសារជាថ្មី ដើម្បីពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងភាពជាដៃគូយុទ្ធសាស្ត្រ។
នាយឧត្ដមសេនីយ៍ យ៉ាម៉ាហ្សាគី កូជី បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ប្រកបដោយជោគជ័យ ដោយឯកឧត្តមបានចាត់ទុកថា កម្ពុជាជាប្រទេសដែលមានការគ្រប់គ្រងបានខ្ពស់ជាងគេនៅលើពិភពលោក។
នាយឧត្ដមសេនីយ៍ ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងកងយោធពលខេមរភូមិន្ទ ដែលបានអនុញ្ញាតឱ្យនាវាយោធាជប៉ុនបានចូលចតនៅកំពង់ផែខេត្តព្រះសីហនុកាលពីខែមិនា ឆ្នាំ២០២២ ហើយថានេះជាកាយវិការនៃការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ។
នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ទៅថ្ងៃអនាគត ជប៉ុនរីករាយនឹងបន្តជួយដល់កម្ពុជាលើផ្នែកបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ ជួយលើវិស័យសង្គ្រោះគ្រោះមហន្តរាយ ក៏ដូចជាការបណ្ដុះបណ្ដាលធនធានមនុស្ស៕