(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ បានគូសបញ្ជាក់ថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ជាការដ្ឋានយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍរយៈពេលវែង ក្នុងការទ្រទ្រង់ កំណើនសេដ្ឋកិច្ច, រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសមធម៌សង្គម។
ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក វង្សី វិស្សុត ជាប្រធានគណៈកម្មាធិការដឹកនាំធ្វើវិសោធនកម្ម ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី និងបទដ្ឋាន គតិយុត្តិពាក់ព័ន្ធ អញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី នៅសណ្ឋាគាសូហ្វីថែលភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ។
លោក វង្សី វិស្សុត បានបញ្ជាក់យ៉ាងដូច្នេះថា «ការកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ជាការដ្ឋានយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍរយៈពេលវែង តាមរយៈការកសាងប្រព័ន្ធ ហិរញ្ញវត្ថុសាធារណៈមួយ ដែលមានភាពឆ្លើយតប ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងចីរភាព ក្នុងការបែងចែក និងប្រើប្រាស់ធនធាន សាធារណៈ ក៏ដូចជាការទ្រទ្រង់ កំណើនសេដ្ឋកិច្ច, រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសមធម៌សង្គម»។
លោក វង្សី វិស្សុត ក្នុងនាមប្រធានគណៈកម្មាធិការដឹកនាំធ្វើវិសោធនកម្ម ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី បានលើកឡើងថា សេចក្តីព្រាងច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មីនេះ មានលក្ខណៈជាក្របខណ្ឌគតិយុត្តគោល សម្រាប់គ្រប់គ្រងថវិកាព័ត៌មានសមិទ្ធកម្ម ដែលជាធាតុផ្សំដ៏សំខាន់ នៃគណនេយ្យសមិទ្ធកម្ម ក៏ដូចជាការងារផ្សេងទៀត ពាក់ព័ន្ធនឹងហិរញ្ញវត្ថុសាធារណៈ ក្នុងយុគសម័យទំនើប។
លោកបន្ដថា នៅក្នុងកិច្ចដំណើរការ នៃការកសាងសេចក្តីព្រាងច្បាប់នេះ, មានការសិក្សាគ្រប់ជ្រុងជ្រោយ ដោយដកស្រង់នូវមេរៀន បទពិសោធន៍ និងឧត្តមានុវត្តជាអន្តរជាតិ ពីប្រទេសជាច្រើន ដូចជាបារាំង ថៃ ម៉ាឡស៊ីជាដើម ហើយច្របាច់បញ្ចូលទៅនឹងប្រព័ន្ធ និងបទពិសោធន៍នៃការអនុវត្តជាក់ស្តែងរបស់កម្ពុជា ដើម្បីធ្វើឲ្យសេចក្តីព្រាងនេះ មានលក្ខណៈរស់រវើក អាចឆ្លើយតបទៅបរិការណ៍របស់កម្ពុជាផង និងពិភពលោកផង។
បន្ថែមពីនោះទៀត លោក វង្សី វិស្សុត បានគូសបញ្ជាក់ថា ដើម្បីធ្វើឲ្យសេចក្តីព្រាងច្បាប់គោលដ៏មានសារៈសំខាន់នេះ កាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡា, មានភាពបត់បែន និងងាយស្រួលក្នុងការអនុវត្ត ស្របតាមបរិការណ៍កម្ពុជាសម្រាប់រយៈពេលវែងទៅមុខ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលា ពិគ្រោះយោបល់នេះឡើង ដើម្បីប្រមូលធាតុចូល និងមតិយោបល់បន្ថែម។
លោក វង្សី វិស្សុត បានបន្តទៀតថា ការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ ក៏នឹងរួមចំណែកក្នុងការកសាងភាពធន់របស់កម្ពុជា ក្នុងការទប់ទល់នឹងវិបត្តិផ្សេងៗ ដែលតែងតែកើតឡើងជារើយៗនៅថ្ងៃអនាគត។ ក្នុងខណៈដែលបច្ចុប្បន្ន, ពិភពលោក ក៏ដូចជាកម្ពុជា បាននិងកំពុងឆ្លងកាត់ក្នុងបរិការណ៍ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ បានឆ្លុះបញ្ចាំងអំពីភាពបន្ទាន់ និងចាំបាច់នៃការរៀបចំប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដែលមានភាពរឹងមាំ និងភាពធន់កាន់តែខ្ពស់។
ក្នុងនាមជាប្រធានគណៈកម្មាធិការ ដឹកនាំការធ្វើវិសោធនកម្មច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ, លោក វង្សី វិស្សុត បានអះអាងថា សេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មីនេះ ជាការធ្វើទំនើបកម្មឈានទៅរកឧត្តមានុវត្តន៍ជាអន្តរជាតិ និងត្រូវបានរៀបចំកាត់តែងឡើង ស្របតាមទិសដៅកម្មវិធី កែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា៕