(កណ្តាល)៖ រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ បានសម្ពោធឲ្យប្រើប្រាស់ ផ្លូវបេតុងអាមេ១ខ្សែ ប្រវែង ២,០០០ ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ និងបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ១ខ្សែ ប្រវែង ១,០០០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ ស្ថិតក្នុងភូមិចុងកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ។

ពិធីកាត់ខ្សែបូ និងសម្ពោធនេះប្រព្រឹត្តទៅក្រោមវត្តមានលោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល មានវត្តមានចូលរួមផងដែរពីមន្ត្រីអ្នកមុខអ្នកការ និងប្រជាពលរដ្ឋរាប់រយនាក់ផងដែរ ។

ស្ថិតនៅក្នុងឱកាសនេះ លោកគង់ សោភ័ណ្ឌ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់រដ្ឋបាលក្រុងតាខ្មៅ ក្នុងការអនុវត្តតួនាទី ភារកិច្ច របស់ខ្លួនសម្រេចបានសមិទ្ធផលជាច្រើន រួមទាំងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការងារអភិវឌ្ឍ សេដ្ឋកិច្ច សង្គម ពិសេសការផ្ដល់សេវារដ្ឋបាល សេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។

លោកអភិបាលខេត្តបានបន្តថា ចំពោះផ្លូវមួយខ្សែនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅ ក្នុងធ្វើដំណើរជាប្រចាំថ្ងៃទៅមុខរបរការងាររៀងៗខ្លួន ក៏ដូចជាប្រជាកសិករនៅក្នុងតំបន់នេះងាយស្រួលក្នុងការដឹកកសិផលរបស់ខ្លួន យកទៅលក់នៅទីផ្សារផងដែរ ដែលវាបានជួយសម្រួលដល់ធ្វើដំណើរបានរហ័ស ងាយស្រួល និងចំណេញថវិកា ។

ក្នុងឱកាសនោះដែរលោកអភិបាលខេត្ត ក៏បានអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ សូមបន្តយកចិត្តទុកដាក់ការពារ នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាលឱ្យបានជាប់ជាប្រចាំ និងបន្តផ្សព្វផ្សាយឱ្យ ប្រជាពលរដ្ឋ ទៅចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ និងដូសទី៤ តាមកាលកំណត់ ។

លោកបានបន្តថា អាជ្ញាធរឃុំ សង្កាត់ ត្រូវជំរុញបំផុសចលនាប្រជាជន ចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានជាប់ជាប្រចាំ នៅគ្រប់មូលដ្ឋានដើម្បីបង្ការ, ទប់ស្កាត់ និង បង្ក្រាប បទល្មើសនានា នៅតាមមូលដ្ឋានរបស់ខ្លួន ដូចជា៖ សកម្មភាពលួច, ឆក់, ប្លន់, បទល្មើសគ្រឿង ញៀនខុសច្បាប់, ល្បែងស៊ីសងខុសច្បាប់, ការជួញដូរមនុស្ស និងសកម្មភាពក្មេងទំនើង ជាដើម ជាពិសេសយុវជន តូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ដោយត្រូវចងចាំជានិច្ចថា គ្រឿងញៀន ។

ក្នុងឱកានោះលោកបណ្ឌិត ម៉ៅ ភិរុណ បានថ្លែងថា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា បានធ្វើឲ្យប្រទេសមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយផ្លូវបេតុងអាមេដែលដាក់ឲ្យប្រើប្រាស់នាពេលនេះ និងបើកការដ្ឋានសាងសង់នាពេលនេះ គឺជាសមិទ្ធផលមួយថ្មីបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសម្រាប់ប្រើប្រាស់ ។

លោកប្រធានក្រុមប្រឹក្សាបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់សូមមេត្តានាំគ្នាចូលរួមថែរក្សាការពារ នូវរាល់សមិទ្ធិផលចាស់ថ្មីរបស់រាជរដ្ឋាភិបាល ដើម្បីប្រើប្រាស់បានយូរអង្វែងនិងជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយៗ ៕