(បាត់ដំបង)៖ អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី និងក្រុមគ្រួសារ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ បានរៀបចំពិធីបុណ្យបច្ច័យបួន និងចម្រើនអាយុវឌ្ឍនៈមង្គលគោរពជូនលោកអ្នកមានគុណ ក្នុងឱកាសពិធីជួបជុំមហាគ្រួសារនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ហើយក្នុងពិធីដ៏មហោឡារិកនេះ អ្នកឧកញ៉ាក៏បានរៀបចំពិធីរាប់បាត្រដល់ព្រះសង្ឃ ១២៥អង្គផងដែរ។
ដោយសារមានកូនចិត្តជាអ្នកសប្បុរសតាំងពីក្មេង អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី រួមទាំងក្រុមគ្រួសារបានឆ្លៀតក្នុងឱកាសនេះ រៀបចំអំណោយសប្បុរសធម៌ជាគ្រឿងឧបភោគបរិភោគ ដល់ពលរដ្ឋមានជីវភាពខ្វះខាតចំនួនជាង ៦០០គ្រួសារ។
អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានបញ្ជាក់ឱ្យដឹងថា កម្មវិធីមួយនេះទាំងមូល បានចំណាយប្រាក់អស់ប្រមាណជាង ៣ម៉ឺនដុល្លារ។
ទន្ទឹមនឹងការរៀបចំពិធីនេះដែរ អ្នកឧកញ៉ាក៏សូមឆ្លៀតឱកាសអំពាវនាវដល់បណ្តាអ្នកមានលទ្ធភាពផ្សេងៗឱ្យជួយចែករំលែកដល់ពលរដ្ឋក្រីក្រ និងរួមដៃគ្នាអភិវឌ្ឍតាមភូមិស្រុកនានាទូទាំងប្រទេសតាមលទ្ធភាព ដើម្បីជាផ្នែកមួយជួយកាត់បន្ថយភាពក្រីក្រក្នុងសង្គម។
សូមជម្រាបថា ជារៀងរាល់ឆ្នាំរយៈពេលជាង២០ឆ្នាំមកនេះ អ្នកឧកញ៉ាដែលពលរដ្ឋកម្ពុជាជាច្រើនស្គាល់តាមរយៈការផ្តល់ដំបូន្មានដ៏មុតស្រួចទាំងផ្នែកសុខភាព និងការអប់រំ តែងតែដឹកនាំមូលនិធិម៉េងលីជេ.គួច របស់លោកចុះទៅតាមខេត្តនានាទូទាំងប្រទេស យកអំណោយចែកជូនដល់អ្នកក្រីក្រ ក៏ដូចជារួមចំណែកក្នុងសង្គមជួយកសាងទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រ ទុកសម្រាប់បម្រើជាប្រយោជន៍ដល់ពលរដ្ឋទូទៅផងដែរ។ បើគិតមកទល់ពេលនេះមូលនិធិម៉េងលីជេ.គួចរបស់អ្នកឧកញ៉ា បានចំណាយប្រាក់ខ្ទង់លានដុល្លារហើយ ក្នុងការជួយដល់ពលរដ្ឋក្រីក្រ និងការកសាងនានានៅតាមបណ្តាខេត្តជាច្រើនក្នុងប្រទេសកម្ពុជា៕