(កំពង់ឆ្នាំង)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ប្រមាណជិត៣២៤នាក់ បានបន្តចុះពិនិត្យ និងព្យាបាលជូនដល់ប្រជាពលរដ្ឋចំនួន៦,៩២៧នាក់ ដោយឥតគិតថ្លៃ នៅអនុវិទ្យាល័យគ្រួស ឃុំរលាប្អៀរ ស្រុករលាប្អៀ និងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី រួមជាមួយនឹងការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ជាដូសមូលដ្ឋាន និងដូសជម្រុញជូនប្រជាពលរដ្ឋ។

ការចុះពិនិត្យ និងព្យាបាលជំងឺរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ធ្វើឡើងនាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ដឹកនាំដោយលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្មគ្រចិត្តលោក ហ៊ុន ម៉ានី តំណាងលោក ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បាននាំយកអំណោយដ៏ថ្លៃថ្លា ជាថ្នាំពេទ្យ ពិនិត្យ និងព្យាបាល ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងមានការផ្សព្វផ្សាយវិធីសាស្ត្រការពារជំងឺកូវីដ១៩ ជូនដល់ពលរដ្ឋ ដោយមានការសហការជាមួយលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោក វេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត និងជាអនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ខេត្តកំពង់ឆ្នាំង, លោកអភិបាលក្រុងកំពង់ឆ្នាំង, លោកអភិបាលស្រុករលាប្អៀ និងពិសេសមន្ទីរសុខាភិបាល មន្ទីរជុំវិញខេត្តកំពង់ឆ្នាំង សាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង។

ឱកាសនោះ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ជំនួសមុខឱ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តអភិបាលក្រុងស្រុកនិងប្រជាពលរដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី ទាំងអស់ ដែលបានចុះមកជួយព្យាបាលជំងឺប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ ឆ្នាំងដោយឥតគិតថ្លៃ ពិសេសដឹងគុណនិងអរគុណដល់លោក ហ៊ុន ម៉ានី ជាតំណាងរបស់រាស្ត្រ ដែលលោកបានយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋ ដែលកំពុងតែជួបការលំបាក ដោយមានជំងឺប្រចាំកាយរ៉ាំរ៉ៃជាយូរមកហើយនោះ។

ឱកាសនោះ លោកអភិបាលខេត្ត បន្តទៀតថា នៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដ៏កាចសាហាវប្រជាពលរដ្ឋកម្ពុជាពិតជាសំណាងណាស់ ដែលមានសម្ដេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស និងជាប្រទេសលេខ១ លើពិភពលោកដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ជូនប្រជាពលរដ្ឋបានច្រើនជាងគេ។ និងគិតមក ដល់ពេលនេះជំងឺកូវីដ-១៩ បានឆ្លងនៅក្នុងប្រទេសក្នុងមួយថ្ងៃៗតិចតួចតែប៉ុណ្ណោះ។

គួរជម្រាបថា ប្រជាពលរដ្ឋដែលបានមកពិនិត្យសុខភាពជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី ពួកគាត់ថាមិនដឹងជារកពាក្យអ្វីយកមកប្រៀបផ្ទឹមទៅនិងទង្វើរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបាននោះទេ មានតែលើកម្រាមដៃដប់ជូនពរ និងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី ដែលបានចុះមកពិនិត្យព្យាបាលដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ដោយបានចែកជូនថ្នាំសម្រាប់ព្យាបាលរោគ ដល់ប្រជាពលរដ្ឋដែលមានជំងឺប្រចាំកាយ រយៈពេល១ឆ្នាំដោយឥតគិតថ្លៃ។ សម្រាប់ការយកចិត្តទុកដាក់ដល់ជីវិតរបស់ពួកគាត់ខាងលើនេះ ពួកគាត់ពិតជាមិនអាចបំភ្លេចបានឡើយ ជាកិច្ចតបស្នងនូវទង្វើដ៏ល្អខាងលើនេះ ពួកគាត់សន្យថា និងបោះឆ្នោតជូនគណបក្សប្រជាជន តកូ តចៅរបស់ពួកគាត់ គ្រប់ៗអាណត្តិ។

ការពិគ្រោះជំងឺរួមមាន៖ជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺកម្រងនោម អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយះខ្យល់ដង្ហើម វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍(វិភាគឈាម) វះកាត់តូចនិងព្យាបាលរបួស …។ល។

ជាមួយគ្នានោះដែរ លោក លេង ផាលី បានដឹងថា «ក្នុងរយៈពេល១០ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ២៨ មេសា ឆ្នាំ២០២២) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានសរុបចំនួន ៦,៧៧៩នាក់ (ប្រាំមួយពាន់ប្រាំពីរមួយរយចិតសិបប្រាំបួននាក់) ក្នុងនោះស្ត្រីមានចំនួន ៣,៦៩៦នាក់ (បីពាន់ប្រាំមួយរយកៅសិបប្រាំមួយនាក់) បានចុះអប់រំផ្សព្វផ្សាយបង្កាកូវីដ-១៩ យុទ្ធនាការចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សង្រ្គោះបឋម និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃមាន៖ ក្នុងខេត្តកំពង់ឆ្នាំង ចំនួន០៧ លើក សរុបមានប្រជាពលរដ្ឋចូលរួមចំនួន ១២,៧៥៨នាក់(មួយម៉ឺនពីរពាន់ប្រាំពីររយហាសិបប្រាំបីនាក់) ក្នុងនោះស្រ្តីមានចំនួន៨,១០២នាក់ (ប្រាំបីពាន់មួយរយពីរនាក់)»

ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្មគ្រចិត្តលោក ហ៊ុន ម៉ានី តំណាងលោក ហ៊ុន ម៉ានី បានបន្តទៀតថា នៅក្នុង២៥ រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន៥៧៧លើក មានប្រជាពលរដ្ឋចូលរួមចំនួន ៧,៩៣៣,៩២១នាក់ (ប្រាំពីរលានកៅសិបបីម៉ឺនបីពាន់ ប្រាំបួនរយម្ភៃមួយនាក់) ក្នុងនោះស្ត្រីមានចំនួន ៤,២៥១,៦៤៨នាក់ (បួនលានម្ភៃប្រាំម៉ឺនមួយពាន់ប្រាំមួយរយសែសិបប្រាំបីនាក់) ស្មើនឹង១ភាគ២នៃប្រជាជនសរុបទូទាំងប្រទេសចំនួន១៥,៥៥២,២២១នាក់ (ដប់ប្រាំលានហាសិបប្រាំម៉ឺនពីរពាន់ពីររយម្ភៃមួយនាក់) ដោយសហការជាមួយ អាជ្ញាធរនៃបណ្តារាជធានី-ខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី-ខេត្ត សាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។

បើតាមរបាយការណ៍ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះទៅពិនិត្យ និងព្យាបាល ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ នៅថ្ងៃនេះបានបង្ហាញឲ្យឃើញថា៖ ជំងឺកុមារចំនួន៖ ៩៧នាក់, ជំងឺស្ត្រីចំនួន៖១០៣នាក់, ជំងឺផ្លូវចិត្តចំនួន៖៧៨នាក់, ជំងឺឬសដូងបាតចំនួន៖៨៩នាក់, ជំងឺសន្លាក់ឆ្អឺងចំនួន៖ ១៣៦នាក់, ជំងឺផ្លូវដង្ហើមចំនួន៖៨៦នាក់, ជំងឺទឹកនោមផ្អែមចំនួន៖ ៣៦៥នាក់, អេកូសាស្ត្រចំនួន៖១២៩នាក់, វាស់ និងពិគ្រោះជំងឺបេះដូងចំនួន៖១៨៩នាក់, ជំងឺត្រចៀក និងបំពង់ក៖ ៦៧នាក់, ជំងឺវះកាត់តូចចំនួន៖៤៩នាក់, វិភាគឈាម៖២៩៣នាក់, ជំងឺទូទៅចំនួន៖៤៤០៨នាក់ និងផ្នែកប្រព័ន្ធប្រសាទ និងបំបាត់ការឈឺចុកចាប់ចំនួន៖ ៣៩នាក់, សង្គ្រោះបឋមចំនួន៖២០៦នាក់, ជំងឺភ្នែក៖៤៣១ និង សុខភាពមាត់ធ្មេញ៦២៕