(កណ្ដាល)៖ លោក នុត វុត្ថា ប្រធានសាខាពន្ធដាខេត្តកណ្ដាល បានថ្លែងថា ការលើកឡើងចំពោះការបង់ប្រាក់លើសការកំណត់ដោយរដ្ឋ វាមិនអាចទៅរួចឡើយ ដ្បិតមានតារាងដាក់តម្លៃជាសាធារណ:នៅក្នុងសាខាពន្ធដាខេត្តកណ្ដាល ដើម្បីឲ្យប្រជាពលរដ្ឋដឹងគ្រប់ៗគ្នាពីតម្លៃនៃការបង់ពន្ធនៅតាមតំបន់នីមួយៗ និងប្រភេទនៃអចលទ្រព្យរបស់ខ្លួន ហើយថាការបង់ប្រាក់លើសការកំណត់ គឺអាស្រ័យដោយអ្នករត់ការប៉ុណ្ណោះ គេទាមទារលើស ឬខ្វះ ខាងសាខាពន្ធដារពុំមានការទទួលខុសត្រូវទេ។ លោកថា អ្នកបង់ពន្ធគួរមកបង់ពន្ធដោយខ្លួនឯង តែបើទៅពឹងពាក់អ្នករត់ការ ដូច្នេះគេយកតម្លៃលើសចំនួនណានោះ គ្មានជាប់ពាក់ព័ន្ធនឹងសាខាពន្ធដារខេត្តនោះឡើយ។

លោក នុត វុត្ថា បានថ្លែងបកស្រាយយ៉ាងដូច្នេះប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាល នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ក្រោយមានការផ្សព្វផ្សាយព័ត៌មានមួយចំនួន ដោយចោទប្រកាន់មកាន់មន្ត្រីសាខាពន្ធដារខេត្តកណ្ដាល យកលុយលើសកំណត់ដោយរដ្ឋ។

លោកថ្លែងបន្តថា «ការបង់ពន្ធ គឺធ្វើទៅតាមភាពត្រឹមត្រូវ កំណត់យ៉ាងច្បាស់លាស់ពីតម្លៃនៃការបង់ពន្ធដែលបានបិទប្រកាសនៅលើក្ដារខៀនក្នុងបរិវេណការិយាល័យដាក់ឯកសារពង់ពន្ធដែលអនុញ្ញាតឲ្យពលរដ្ឋបានឃើញយ៉ាងច្បាស់ លាស់ពីការកំណត់នៃថវិការចំពោះការបង់ពន្ធ»

លោកថា «រីឯការលើកឡើងថា បើមិនបានបង់លុយក្រោមតុជូនមន្ត្រីទេ នោះឯកសារនឹងត្រូវតម្កល់ទុកចោល នោះមិនមែនជាការពិតឡើយ ដ្បិតខាងអគ្គនាយកដ្ឋានពន្ធដារ បានបង្កើតប្រព័ន្ធត្រេកឃឺង (Tracking System) ដែលអាចឆែកដឹងថាឯកសារចេញពីណាដល់ណាតាម ប្រព័ន្ធឃ្យូអខូដ (QR Code) ពោលគឺអ្នកជាប់ពន្ធក៏អាចស្កេនដឹងតាមរយៈទូរស័ព្ទដៃ ពុំអាចភូតកុហកបានឡើយ។ អគ្គនាយកដ្ឋានបានធ្វើការងារលើរឿងនេះច្បាស់លាស់ណាស់ ដើម្បីការពារកុំឲ្យមានការបង្កើតបញ្ហាដល់អ្នកមកបង់ពន្ធ និងបង្កើតនូវភាពសុក្រិតត្រឹមត្រូវរបស់មន្ត្រីផងដែរ»

បើតាមប្រធានពន្ធដាររូបនេះ ពិសេសទៀតនោះ ថវិកាដែលត្រូវបង់ពន្ធ សាខាពន្ធដារជាអ្នកចេញវិកយបត្រជូនម្ចាស់អចលនទ្រព្យជាអ្នកទៅបង់ពន្ធដោយខ្លួនឯងនៅឯធនាគារ មិនមែនបង់លុយនៅសាខាពន្ធដារឡើយ ហើយទើបយកវិក័យបត្រដែលបង់ពន្ធនៅធនាគាររួចមកដាក់នៅសាខាពន្ធដារវិញ ដើម្បីពន្ធដាបញ្ចប់នីតិវិធីជូនពលរដ្ឋ។ ដូច្នេះគ្មានឡើយអំពើពុករលួយនៅសាខាពន្ធដារ ប៉ុន្តែបើសិនជាពឹងអ្នករត់ការនោះគេយកលើសតម្លៃកំណត់ ដោយរដ្ឋ វាគ្មានជាប់ពាក់ព័ន្ធនឹងសាខាពន្ធដាទេ និងសូមជម្រាបដល់សាធារណជនមេត្តាជ្រាបពីចំណុចសំខាន់នេះ។

ជាមួយគ្នានេះលោក នុត វុត្ថា ក៏បានសំណូមពរដល់បណ្តាញផ្សព្វផ្សាយ គួរផ្សាយព័ត៌មានលើវិជ្ជាជីវ: និងសួរនាំឲ្យបានត្រឹមត្រូវ ក្នុងទិសដៅជួយដល់សង្គមជាតិ និងរួមគ្នាកសាងប្រទេសជាតិឲ្យរីកចំរើនទៅមុខថែមទៀត ជាពិសេសចូលរួមចំណែកបង្កើនពន្ធជូនរដ្ឋ៕