(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានថ្លែងអំណរគុណសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ក៏ដូចជាសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលបានផ្តល់ការសហការយ៉ាងល្អជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងក្រុមការងារក្រសួងសុខាភិបាលសម្រាប់ដំណើរការចាក់វ៉ាក់សាំង។
ការបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញនេះ គឺធ្វើឡើងក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលជូនដល់ប្រជាជនទាំងអស់ បានទទួលវ៉ាក់សាំងដូសជំរុញគ្រប់ៗគ្នា។ លោកស្រីក៏បានអំពាវនាវដល់ ប្រជាជនទាំងអស់ ត្រូវរួសរាន់ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឲ្យបានគ្រប់ៗគ្នាក្នុងគ្រាដែលរាជរដ្ឋាភិបាលបានសម្រេច ដកកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈ។
សូមបញ្ជាក់ថា ដើម្បីចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ ជូនប្រជាជន ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានប្រកាសដាក់ការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ ជាកាតព្វកិច្ចតម្រូវសម្រាប់ប្រជាជនទូទាំងប្រទេស ដើម្បីបង្កើតបាននូវភាពស៊ាំនៅក្នុងសហគមន៍ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដោយមានការសហការពីសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងសម្ព័ន្ធគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ ទី៣ និងទី៤ ជូនដល់ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ និង និស្សិត ទាំង២ទីតាំង (ទីតាំងទី១-ទួលស្លែង និង ទីតាំងទី២-ស្ពានអាកាសចោមចៅ)។
លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានគណៈប្រតិបត្តិសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន និងបានថ្លែងថា យុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញនេះ មិនមែនធ្វើឡើងត្រឹមតែនៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ប៉ុណ្ណោះទេ គឺនៅតាម បណ្តាសាកលវិទ្យាល័យចំនួន៣០ ដែលជាសមាជិកសមាគមនៅក្នុងរាជធានីភ្នំពេញ ហើយ សមាគមនឹងបន្តសហការរៀបចំ យុទ្ធនាការចាក់វ៉ាក់សាំងនេះបន្ថែមទៀត សម្រាប់គ្រឹះស្ថានចំណេះទូទៅជាសមាជិកសមាគមទាំងអស់ផងដែរ។
លោកបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រីវេជ្ជបណ្ឌិត ក៏ដូចជាក្រសួងសុខាភិបាល ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញនេះ ព្រមទាំងសម្ព័ន្ធគ្រូពេទ្យសហភាព សហព័ន្ធ យុវជនកម្ពុជា ដឹកនាំដោយលោកបណ្ឌិត ហេង សុខគង់ ជាប្រធាន បានអញ្ជើញចុះមកចាក់វ៉ាក់សាំងនាពេលនេះ។
ជាពិសេស លោកបណ្ឌិត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចតេជោ តែងតែគិតគូរ ខ្វល់ខ្វាយអំពីសុខទុក្ខរបស់ប្រជាជនកម្ពុជា និងផ្តល់អាទិភាព ក្នុងការចាក់វ៉ាក់សាំង កូវីដ-១៩ ជូនដល់ ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្ស-និស្សិតទាំងអស់ទូទាំងប្រទេស ដើម្បីមានភាពស៊ាំក្នុងវិស័យអប់រំ និងសូមគោរពថ្លែងអំណរគុណជ្រាលជ្រៅបំផុតផងដែរ ចំពោះសម្តេចតេជោ ដែល តែងតែគាំទ្រចំពោះសកម្មភាពរបស់សមាគមនាពេលកន្លងមក ដែលបានផ្តល់លទ្ធភាពឲ្យសមាជិកសមាគមទាំងអស់មានឱកាស បានចូលរួមអភិវឌ្ឍវិស័យអប់រំជាមួយរាជរដ្ឋាភិបាលកម្ពុជានៅគ្រប់កាលៈទេសៈ៕