(បន្ទាយមានជ័យ)៖ ពលករខ្មែរប្រុសស្រីចំនួន៨១នាក់ បានលួចឆ្លងដែនខុសច្បាប់ តាមច្រកររបៀង ដឹកនាំដោយមេខ្យល់ ដើម្បីទៅរកការងារធ្វើនៅឯប្រទេសថៃ តែត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួន និងបានបញ្ជូនមកកម្ពុជាវិញ ចំនួន៣០នាក់ ពីព្រោះតែគ្មានឯកសារធ្វើការនៅទីនោះ។
លោកប៊ុន សុខវិបុលកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវប្រទេសថៃ បានឲ្យភ្នាក់ងារ Fresh News នៅយប់ថ្ងៃទី១១ ខែឧសភានេះថា «ក្រោយពីមន្ត្រីយើងបានទទួលព័ត៌មានថា សមត្ថកិច្ចថៃធ្វើការឃាត់ខ្លួនពលករខ្មែរ ប្រុសស្រីចំនួន៨១នាក់ ខណះដែលពួកគេលួចឆ្លងដែនខុសច្បាប់ ចូលមកដីថៃតាមច្រករបៀង ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ទៅ ក្នុងស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ យើងបានចុះទៅសួរនាំ ដើម្បីជួយអន្តរាគមន៍»។
លោកបានបន្តថា ក្នុងចំណោមពលករទាំងអស់នោះ គឺមានពលករខ្លះ មានឯកសារស្នាក់នៅ ចំណែកពលករប្រុសស្រី៣០នាក់ ពុំមានឯកសារ ទើបគេបញ្ជូនមកកម្ពុជាវិញហើយ រីឯពលករខ្មែរនៅសល់ទៅធ្វើការងារ នៅក្នុងទឹកដីធម្មតាវិញដែរ។
តែទោះបីជាយ៉ាងណា គ្មានការអះអាងពីសមត្ថកិច្ច ខេត្តបន្ទាយមានជ័យ ថាតើពួកគេ ជាអ្នកស្រុកណាឡើយ៕