(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ បានបន្ដចុះពិនិត្យដំណើរការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ នៅតាមគ្រឹះស្ថានសិក្សាក្នុងរាជធានីភ្នំពេញ សម្ដៅជំរុញការចាក់វ៉ាក់សាំងដូសជំរុញ ឲ្យកាន់តែមានវឌ្ឍន៍ភាពល្អប្រសើរបន្ថែមទៀត។

គ្រឹះស្ថានសិក្សាដែលលោកស្រី ឱ វណ្ណឌីន ចុះពិនិត្យនោះរួមមាន វិទ្យាស្ថានវ៉ាន់ដា និងសាកលវិទ្យាល័យ ប៊ែលធី អន្ដរជាតិ។ ទីតាំងទាំងពីរនេះ កំពុងតែមមាញឹកក្នុងការចាក់ជូននិស្សិត និងគ្រូៗ ព្រមទាំងថ្នាក់ដឹកនាំសាលា ដោយមានការចូលរួមពីសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។

លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា ដោយគោរពតាមអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា គណៈកម្មការចំពោះកិច្ច បានបង្កើនសកម្មភាពចាក់វ៉ាក់សាំង នៅតាមគ្រឹះស្ថានសិក្សាផ្សេងៗជាបន្ដបន្ទាប់ ដោយមានការសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាច្រើននាក់។

លោកស្រី ឱ វណ្ណឌីន បានបង្ហាញនូវក្ដីរំពឹងថា តាមរយៈយន្ដការនេះ សន្ទុះនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាពិសេសដូសជំរុញនឹងមានកំណើនខ្លាំងជាងពេលមុន។ លោកស្រី ក៏បានជំរុញក្រុមការងារ ត្រូវខិតខំប្រឹងប្រែងបន្ដទៀត ដើម្បីបង្កើនភាពស៉ាំសហគមន៍កាន់តែរឹងមាំ គ្រាដែលរាជរដ្ឋាភិបាលដកចេញនូវកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈ។

បើតាមលោកស្រី ឱ វណ្ណឌីន គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបញ្ជូនក្រុមចាក់វ៉ាក់សាំងកូវីដ-១៩បន្ថែម ដើម្បីបង្កើនល្បឿនចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ទាំងដូសទី៣ និង ដូសទី៤) ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី តាមរោងចក្រ ក្រៅប្រព័ន្ធ សិស្ស និសិ្សត អ្នកលក់ដូរតាមទីផ្សារ នៅតាមបណ្ដារាជធានី-ខេត្តផងដែរ។

ជាមួយគ្នានេះ លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ អគ្គនាយកប៊ែលធីគ្រុប និងប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ក៏បានបង្ហាញពីការស្វាគមន៍ ក្នុងការសហការជាមួយគណៈកម្មការចំពោះកិច្ច ដើម្បីផ្ដល់ទីតាំងសម្រាប់ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩នេះ នៅតាមគ្រឹះស្ថានសិក្សា ជាពិសេសនៅសាលាប៊ែលធីតែម្ដង។

លោកបណ្ឌិត លី ឆេង បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន និងថា យុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញនេះ មិនមែនធ្វើឡើងត្រឹមតែនៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ប៉ុណ្ណោះទេ គឺនៅតាមបណ្តាសាកលវិទ្យាល័យចំនួន៣០ ដែលជាសមាជិកសមាគមនៅក្នុងរាជធានីភ្នំពេញ ហើយសមាគមនឹងបន្តសហការរៀបចំ យុទ្ធនាការចាក់វ៉ាក់សាំងនេះបន្ថែមទៀត សម្រាប់គ្រឹះស្ថានចំណេះទូទៅ ជាសមាជិកសមាគមទាំងអស់ផងដែរ។

លោកបណ្ឌិតក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រីវេជ្ជបណ្ឌិត ក៏ដូចជាក្រសួងសុខាភិបាល ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញនេះ ព្រមទាំងសម្ព័ន្ធគ្រូពេទ្យសហភាព សហព័ន្ធ យុវជនកម្ពុជា ដឹកនាំដោយលោកបណ្ឌិត ហេង សុខគង់ ជាប្រធាន បានអញ្ជើញចុះមកចាក់វ៉ាក់សាំងនាពេលនេះ។

ជាពិសេសលោកបណ្ឌិត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្តេចតេជោ តែងតែគិតគូរខ្វល់ខ្វាយអំពីសុខទុក្ខរបស់ប្រជាជនកម្ពុជា និងផ្តល់អាទិភាព ក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្ស-និស្សិតទាំងអស់ទូទាំងប្រទេស ដើម្បីមានភាពស៊ាំក្នុងវិស័យអប់រំ និងសូមគោរពថ្លែងអំណរគុណជ្រាលជ្រៅបំផុតផងដែរ ចំពោះ សម្តេចតេជោ ដែលតែងតែគាំទ្រចំពោះសកម្មភាពរបស់សមាគមនាពេលកន្លងមក ដែលបានផ្តល់លទ្ធភាពឲ្យសមាជិកសមាគមទាំងអស់មានឱកាស បានចូលរួមអភិវឌ្ឍវិស័យអប់រំជាមួយរាជរដ្ឋាភិបាលនៅគ្រប់កាលៈទេសៈ៕

សូមស្ដាប់បទសម្ភាសរបស់លោកស្រី ឱ វណ្ណឌីន និងលោក លី ឆេង៖