អភិបាលខេត្តព្រៃវែង អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឲ្យបានគ្រប់ៗគ្នា
28-04-2022 12:58
(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានអំពាវអំនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា និងសូមបោះឆ្នោតជូនគណបក្សណាដែលនាំមកនូវសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ពិតប្រាកដ។
ការអំពាវនាវរបស់អភិបាលខេត្តព្រៃវែងបែបនេះ បានធ្វើឡើងនៅក្នុងពិធីបុណ្យឆ្លងសមិទ្ធផលនានា នៅវត្តឧត្តមសាគរ (ហៅវត្តព្រែកក្របៅ) នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ។
ពិធីនេះក៏មានការចូលរួមពីលោក ពេជ្រ ជីវ័ន តំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពាមជរ និងលោក សួន សុម៉ាលីន អភិបាលរងខេត្ត ព្រមទាំងនិមន្តចូលរួមពីព្រះធម្មវស្សា ជា វ៉ាន់នី ព្រះរាជាគណៈថ្នាក់ចត្វា ព្រះមេគុណខេត្តព្រៃវែង និងការចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំង៣ ប្រធានមន្ទីរអង្គភាពជំវិញខេត្ត ក្រុមប្រឹក្សាស្រុក អភិបាលស្រុក ព្រះចៅអធិការវត្តព្រែកក្របៅ តាជី យាយជី លោកគ្រូ អ្នកគ្រូ យុវជនកកបាទក្រហមកម្ពុជាស្រុក យុវជន ស.ស.យ.ក ស្រុក និងសិស្សានុសិស្សជាពិសេសពុកម៉ែបងប្អូន នៅឃុំព្រែកក្របៅផងដែរ។
អភិបាលខេត្តព្រៃវែង បានលើកឡើងថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី, កម្ពុជាបានខិតខំប្រឹងប្រែង រក្សាបាននូវសុខសន្តិភាពពេញលេញ ខាងនយោបាយ សន្តិសុខរឹងមាំ ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច សង្គមកិច្ច សាមគ្គី ឯកភាពជាតិ ការពង្រឹងលទ្ធិប្រជាធិបតេយ្យ ជាពិសេស លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានការរីកចម្រើន និយាយដោយឡែក ក្នុងពិធីសម្ពោធនាពេលនេះ ក៏បានបញ្ជាក់ពីសមិទ្ធផលថ្មីមួយទៀតសម្រាប់ជាចំណងដៃចំពោះព្រះសង្ឃ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ នៃស្រុកពាមជរយើង សម្រាប់បូជាគោរពប្រតិបត្តិតាមគន្លងព្រះពុទ្ធសាសនាផងដែរ៕