(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា កីឡាមានស្តង់ដារដូចគ្នាគ្រប់ប្រទេស ចំណែកនយោបាយ និងលទ្ធិប្រជាធិបតេយ្យ នៅលើពិភពលោក មិនមានស្តង់ដារដូចគ្នានោះទេ។
ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល និងផ្តល់អនុសាសន៍មួយចំនួន ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលពួកគេចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម នៅព្រឹកកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២នេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «នៅលើពិភពលោកនេះ មានតែវិស័យកីឡាទេដែល ស្តង់ដាររួម កុំនិយាយស្តង់ដារអន្តរជាតិលើលទ្ធិប្រជាធិបតេយ្យ លើសិទ្ធិមនុស្ស លើបញ្ហានេះបញ្ហានោះ គ្មានទេ»។
សម្តេចបានចាត់ទុកថាចំណុចនេះ ធ្វើឱ្យយើងគោរពនូវតួនាទីកីឡា គឺស្តង់ដារអន្តរជាតិ ដែលមាននៅក្នុងវិស័យនេះ។ ប៉ុន្តែស្តង់ដារលើបញ្ហានយោបាយ ការគ្រប់គ្រង ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស អត់មានស្តង់ដារអន្តរជាតិនោះទេ។
សម្តេចបានលើកឡើងស្តែងៗ នៅសហរដ្ឋអាមេរិក មានប្រជាជនគាំទ្រត្រឹម៤០ភាគរយ ឬក្រោម៤០ភាគរយ គឺអាចធ្វើប្រធានាធិបតេយ្យបានហើយ ដោយសារតែមានអ្នកទៅបោះឆ្នោតត្រឹម ៦០ភាគរយ ឬ៧០ភាគរយប៉ុណ្ណោះ។ ចំណែកនៅបារាំងវិញ បើមិនមានសន្លឹកឆ្នោតលើសពី៥០ភាគរយទេ គឺមិនអាចធ្វើប្រធានាធិបតេយ្យបានទេ។
សម្តេចបានបន្ថែមថា ប្រជាធិបតេយ្យដំណើរការមិនដូចគ្នាទេពីប្រទេសមួយទៅប្រទេសមួយ ប៉ុន្តែគេហៅប្រភេទប្រជាធិបតេយ្យដូចគ្នា។ សម្តេចបានបន្ថែមថា ប្រទេសខ្លះប្រកាន់របបប្រធានាធិបតីប្រទេសប្រទេសខ្លះប្រកាន់យករបបសភា ហើយទោះបីជាជារបបប្រធានាធិបតី ឬសភាក៏ដោយ ក៏ហៅថាប្រជាធិបតេយ្យ ប៉ុន្តែស្តង់ដារមិនដូចគ្នានោះទេ។
សម្តេចបានបន្តថា នៅអាស៊ានរបបប្រធានាធិបតីមានដូចជា គឺហ្វីលីពីន និងឥណ្ឌូនេស៊ី ដែលអំណាចនៅលើប្រធានាធិបតី។ កូរ៉េខាងត្បូង ក៏ជារបបប្រធានាធិបតីដែរ តែមាននាយករដ្ឋមន្រ្តី តែនាយករដ្ឋមន្រ្តីអំណាចតិច អំណាចលើប្រធានាធិបតី។ ងាកមកសិង្ហបុរី ម៉ាឡេស៊ី ថៃ កម្ពុជា របបសភា ដែលអំណាចនៅនឹងនាយករដ្ឋមន្រ្តី។ ឥណ្ឌា អំណាចនៅនាយករដ្ឋមន្រ្តី មានប្រធានាធិបតី ប៉ុន្តែជានិមិត្តរូប៕