(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ បានប្រកាសឧបត្ថម្ភប្រតិភូ និងកីឡាករ កីឡាការិនី ចូលរួមប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម ចំនួន៥៦០នាក់ ក្នុងម្នាក់ៗ បានថវិកាចំនួន៥០០ដុល្លារ។
ការប្រកាសបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍មួយចំនួន ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលពួកគេចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម នាព្រឹកថ្ងៃទី២៨ ខែមេសានេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់ប្រតិភូកីឡា និងកីឡាករ កីឡាការិនី ដែលចេញទៅប្រកួតស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ៥៦០នាក់ ក្នុងម្នាក់ៗថវិកាជូន៥០០ដុល្លារសហរដ្ឋអាមេរិក»។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យទាក់ទង ជាមួយក្រុមហ៊ុនហោះហើរ ដើម្បីយកយន្តហោះជាលក្ខណៈពិសេស សម្រាប់ដឹកប្រតិភូកីឡាករកម្ពុជា ទៅប្រទេសវៀតណាមតែម្ដង ជៀសវាងការរើសរុះ នាំឲ្យពិបាកដល់កីឡាករ-កីឡាករិនី ដែលត្រូវប្រកួត។
បើតាមលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេចរណ៍ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានប្រតិភូកីឡាកម្ពុជា ចូលរួមប្រកួតកីឡា SEA Games លើកទី៣១ បានឲ្យដឹងថា ការប្រកួត SEA Games លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម បានរៀបចំប្រភេទកីឡាចំនួន៤០ប្រភេទ និង៥២៦វិញ្ញាសាប្រកួត។
ប្រទេសដែលបានចុះឈ្មោះ ចូលរួមប្រកួតជាសមាជិកសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍មានចំនួន ១១ប្រទេស រួមមាន៖ វៀតណាម, កម្ពុជា, ឡាវ, ប៊ុយណេ, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, សិង្ហបុរី, ហ្វីលីពីន, ថៃ, មីយ៉ាន់ម៉ា និងទីម័រខាងកើត ដែលមានចំនួនកីឡាករ-កីឡាការិនីសរុប ៧១១៥នាក់ និងអ្នកស្ម័គ្រចិត្តបម្រើការងាររៀបចំប្រកួត ៣,០០០នាក់។ ចំពោះការស្នាក់នៅហូបចុក ម្ចាស់ផ្ទះរៀបចំនៅតាមសណ្ឋាគារ បែងចែកតាមប្រភេទកីឡា។
លោករដ្ឋមន្ត្រី បានឲ្យដឹងថា កីឡាករ កីឡាការិនី និងអត្តពលិករបស់កម្ពុជា ដែលត្រូវបានរៀបចំជ្រើសរើសដោយក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិលើស្មារតីតម្លាភាព និងកម្រិតគុណផលកីឡាខ្ពស់ជាងគេ មានសរុប ៥៦០នាក់។ ក្នុងនោះថ្នាក់ដឹកនាំ និងមន្ត្រីកីឡាចំនួន ៤៥នាក់, កីឡាករ-កីឡាការិនីចំនួន ៣៦៣នាក់, គ្រូបង្វឹក-គ្រូជំនួយចំនួន ៩៣នាក់, អាជ្ញាកណ្ដាលចៅក្រម អន្តរជាតិចំនួន ១៦នាក់, អ្នកដឹកនាំក្រុមចំនួន២២នាក់ និងក្រុមគ្រូពេទ្យចំនួន ២១នាក់។
លោក ថោង ខុន ក៏បានឲ្យដឹងផងដែរថា កម្ពុជាបានត្រៀមចូលរួមប្រកួត ៣៣ប្រភេទកីឡា ដែលរួមមាន៖ កីឡាអត្តពលកម្ម, កីឡាហែលទឹក, កីឡាកាយសម្ព័ន្ធ, កីឡាបាល់ទាត់ U20 (បុរស-នារី), កីឡាបាល់ទះលើក្តារ-ឆ្នេរខ្សាច់, កីឡាបាល់បោះ 5X5, 3X3, កីឡាសីដក់, កីឡាវាយកូនឃ្លីលើតុ, កីឡាវាយសី, កីឡាបាញ់កាំភ្លើង, កីឡាតេក្វាន់ដូ WT, កីឡាប្រណាំងទោចក្រយាន, កីឡាវាយកូនបាល់, កីឡាគុនដាវ, កីឡាយូដូ, កីឡាវាយកូនគោល, កីឡាវូស៊ូ, កីឡាចំបាប់, កីឡាប្រដាល់សកល, កីឡាការ៉ាតេ, កីឡារាំ, កីឡាទ្រីយ៉ាត្លុង, កីឡាជីជីតស៊ូ, កីឡាលើកទម្ងន់, កីឡាកានូ/កាយ៉ាក, កីឡាវ៉ូវីណាម, កីឡាប្រដាល់គុនខ្មែរ, កីឡាប្រដាល់ Kik boxing, កីឡាប៉េតង់, កីឡាកាយវប្បកម្ម, កីឡាប៊ីយ៉ា-ស្នូកឃ័រ, កីឡាអេឡិចត្រូនិច (E-Sport) និងកីឡាអុកចិន។
លោក ថោង ខុន បានអះអាងថា ការចូលរួមប្រកីតកីឡាស៊ីហ្គេម នៅវៀតណាមនាពេលនេះ ជាការចូលរួមដែលកម្ពុជា បានបញ្ជូនប្រតិភូកីឡា ជាទ្រង់ទ្រាយធំជាងពេលមុនៗ ហើយជាការចូលរួមប្រកួតក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រក្នុងកាវាយតម្លៃ វាស់ស្ទង់ និងផ្ទៀងផ្ទាត់សមត្ថភាពគុណផល កីឡារបស់កីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ដើម្បីប្រមូលទិន្នន័យគុណផលកីឡា ធ្វើការវិភាគចំណុចខ្ពស់ទាប ខ្លាំងខ្សោយ មករៀបចំពង្រឹងលទ្ធភាព ពលកម្មកីឡា ឲ្យមុតស្រួច និងគត់មត់ ឆ្ពោះទៅរកឧត្ដមភាពបច្ចេកទេសកីឡាក្នុងការប្រកួត SEA Games ឆ្នាំ២០២៣នៅកម្ពុជា។
គូសបញ្ជាក់ថា ព្រឹត្តិការណ៍ SEA Games លើកទី៣១ នឹងធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែឧសភា ខាងមុខ ដោយមាន៥២៦វិញ្ញាសា លើ៤០ប្រភេទកីឡា។ ព្រឹត្តិការណ៍នេះដំបូងឡើយ គ្រោងនឹងធ្វើឡើងសម្រាប់ឆ្នាំ២០២១ ប៉ុន្តែត្រូវបានពន្យារពេលវិញ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩៕