(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ សហការជាមួយ លោក ប្រាក់ ប្រាកដ ប្រធានមន្ទីររ៉ែនិងថាមពលខេត្ត លោកស្រី យុឹង សុឃឿន អភិបាលរងស្រុកព្រៃនប់ បានបន្តយុទ្ធនាការដឹកជញ្ជូនទឹក យកទៅចែកជូនប្រជាពលរដ្ឋ ចំនួន១៦៣៦គ្រួសារ នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ដើម្បីបន្តប្រើប្រាស់ និងហូបចុក ខណ:ដែលកំពុងខ្វះខាតនោះ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ដែលដឹកនាំកម្លាំងសម្រាប់យុទ្ធនាការនេះ បានថ្លែងថា «យើងបានដឹកទឹកយកទៅឲ្យពួកគាត់ ចំនួន១.៦៣៦គ្រួសារ ដោយបែងចែកអស់ទឹកសុទ្ធចំនួន៣.៤០៥យួរ ទឹកប្រេីប្រាស់អស់ចំនួន ៣ឡានធំ»។
លោកឧត្តមសេនីយ៍ស្នងការ បានបន្តទៀតថា សម្រាប់ការងារនេះ កម្លាំងនគរបាលរបស់លោក នឹងធ្វើឡើងជាបន្តបន្ទាប់ តាមបទបញ្ជារបស់នាយករដ្ឋមន្រ្តី និងដើម្បីបំពេញសេចក្តីខ្វះខាតទឹករបស់ប្រជាជន នៅតាមមូលដ្ឋាន។