(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានប្រាប់អង្គភាព Fresh News ថា នៅរសៀល និងល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ គ្រោះធម្មជាតិ ភ្លៀងលាយខ្យល់កន្រ្តាក់ នៅទឹកដីស្រុកបាធាយ និងស្រុកស្ទឹងត្រង់ បានបំផ្លាញ និងប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ចំនួន៥៥៦ខ្នង ហើយបណ្តាលឲ្យរបួសស្រ្តីម្នាក់ រហូតធ្លាយពោះវៀនចេញមកក្រៅ មើលទៅឡើងញាក់សាច់ដោយសារផ្ទះរលំលើ និងរបួសស្រាល៣នាក់។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «នៅស្រុុកបាធាយ មានភ្លៀង និងខ្យល់កន្ត្រាក់បណ្តាលឲ្យប៉ះពាល់ ផ្ទះប្រជាពលរដ្ឋសរុប៤៩២ខ្នង ក្នុងនោះដួលរាដល់ដី៣៤ខ្នង ធ្ងន់ធ្ងរ៩៣ខ្នង និង ស្រាល៣៦៥ ខ្នង»។
ដោយឡែកស្រុកស្ទឹងត្រង់វិញ ក៏មានករណីភ្លៀងខ្យល់កន្រ្តាក់ បានធ្វើឲ្យដួលរលំផ្ទះចំនួន៦៤ខ្នង របួសធ្ងន់១ (ស្រី) របួសស្រាល៣នាក់ ភូមិចំនួន៦ ក្នុងឃុំដងក្តារ។
យ៉ាងណាក៏ដោយសម្រាប់អ្នករបួសនោះ លោកស្នងការប្រាប់ថា ស្រុកបានបញ្ជូនឡានពេទ្យទៅយកអ្នករបួសហើយ។ ជនរងគ្រោះមានឈ្មោះ ឈិន ធារី ៤៨ឆ្នាំ ភេទស្រី រស់នៅឃុំដងក្តារ ហើយ ពេលមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យកំពុងតែជួយសង្គ្រោះបន្ទាន់ តែមិនទាន់ដឹងលទ្ធផលនោះឡើយ។
លោកឧត្តមសេនីយ៍ស្នងការ បានបន្តថា «ស្អែកព្រឹកខ្ញុំនឹងបញ្ជូនកម្លាំងនគរបាលឲ្យអស់លទ្ធភាព ដែលស្នងការដ្ឋាន មានដើម្បីចុះទៅជួយប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយខ្យល់កន្រ្តាក់នេះ»៕