(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ កម្ពុជា-រុស្ស៊ី បានប្រារព្ធពិធីអបអរសាទរខួប ៦០ឆ្នាំ នៃទំនាក់ទំនងប្រទេសទាំងពីរ។ កម្ពុជា-រុស្ស៊ី បានប្តេជ្ញាពូនជ្រុំទំនាក់ទំនង ដ៏យូរលង់មួយនេះឲ្យកាន់តែល្អប្រសើរថែមទៀត ខណៈទំនាក់ទំនង ៦០ឆ្នាំមកប្រទេសទាំងពីរ សម្រេចបាននូវសមិទ្ធផលជាច្រើនដើម្បីជាប្រយោជន៍សម្រាប់ប្រជាជាន និងប្រទេសទាំងពីរ។
ការប្រារព្ធពិធីអបអរសាទរខួប ៦០ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី ត្រូវបានធ្វើឡើងក្រោមអធិបភាពលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា លោក ឌីមីតទ្រី ស្វេតកូវ ហើយក៏មានការចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និង មន្រ្តីស្ថានទូតរុស្ស៊ីជាច្រើននាក់ផ្សេងទៀត។
ទំនាក់ទំនងជាប្រវត្ដិសាស្រ្ដ កម្ពុជា-រុស្ស៊ី បានចាប់ផ្ដើមជាផ្លូវការនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៥៦ ហើយត្រូវបានថែរក្សាដោយសម្ដេចព្រះបរមរតនកោដ្ឋ នរោត្ដម សីហនុ និង លោក Nikita Krushchev។ ទាំងលោក ប្រាក់ សុខុន និង លោក ឌីមីតទ្រី ស្វេតកូវ បានមើលឃើញថា ទំនាក់ទំនងរយៈពេល ៦០ឆ្នាំ កន្លងមកនេះ ប្រជាជនកម្ពុជា និងរុស្ស៊ី ទទួលបាននូវមិត្ដភាព រឹងមាំ និងកិច្ចសហប្រតិបត្ដិការ ប្រកបដោយផ្លែផ្កាលើវិស័យជាច្រើន ចាប់តាំពីនយោបាយ និងសន្ដិសុខ ដល់សេដ្ឋកិច្ច និងអប់រំ រួមទាំងប្រព័ន្ធផ្សព្វផ្សាយរហូតដល់់វប្បធម៌។
លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន បានថ្លែងថា « ក្នុងវិស័យនយោបាយ ខ្ញុំបានសម្លឹងឃើញថា ប្រទេសទាំងពីរ បានយកចិត្ដទុក ដាក់ពូនជ្រុំការយល់គ្នា និងជឿទុកចិត្ដគ្នាទៅវិញទៅមក តាមរយៈយន្ដការទ្វេរភាគី និងពហុភាគី ហើយក្នុងចំណោម នោះមានគណៈកម្មការអន្ដររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្ដីពីពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ដ្រ និងបច្ចេកទេស ដែលថ្មីៗនេះ បានបញ្ចប់សម័យប្រជុំលើកទី៩ ដោយសម្រេចបាននូវលទ្ធផលដ៏ជោគជ័យ»។
លោក ប្រាក់ សុខុន និង លោក ឌីមីតទ្រី ស្វេតកូវ បានមើលឃើញដូចគ្នាថា ដំណើរទស្សនកិច្ចរបស់លោក Dmitry Medvedev នាយករដ្ឋមន្ដ្រី នៃសហព័ន្ធរុស្ស៊ី មកកាន់កម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅនេះ និងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ទៅកាន់ប្រទេសរុស្ស៊ីនៅសប្តាហ៍ក្រោយនេះ នឹងបើកទំព័រសករាជថ្មី នៃទំនាក់ទំនងមិត្ដភាពជាប្រពៃណី ដែលមានស្រាប់ ឆ្ពោះទៅកាន់កម្រិតខ្ពស់ជាងមុន និងកាន់តែជ្រាលជ្រៅក្នុងវិស័យកិច្ចសហប្រតិបត្ដិការអភិវឌ្ឍន៍ រវាងប្រទេសយើងទាំងពីរ។
លោក ប្រាក់ សុខុន បានមើលឃើញផងដែរថា ទំនាក់ទំនងកម្ពុជា-រុស្ស៊ី នឹងពង្រីកសក្តានុពលទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកើនឡើងកាន់តែច្រើនថែមទៀត បើទោះបីជាទំហំពាណិជ្ជកម្មនាពេលបច្ចុប្បន្ននៅមានចំនួនតិចតួចក្តី។
លោក ឌីមីតទ្រី ស្វេតកូវ បានរំលឹកថា តាមរយៈទំនាក់ទំនងនេះរុស្ស៊ី បានចូលរួមកសាងមន្ទីរពេទ្យមិត្តភាពកម្ពុជា-រុស្ស៊ី ហៅពេទ្យ រុស្ស៊ី និងវិទ្យាស្ថានបច្ចេកវិជ្ជាផងដែរ។ វិទ្យាស្ថានបច្ចេកវិទ្យានេះ មានអ្នកជំនាញការរុស្ស៊ីជាច្រើន បានជួយបណ្តុះបណ្តាលដល់និស្សិតកម្ពុជា។
លោក ឌីមីតទ្រី ស្វេតកូវ ក៏បានរំលឹកផងដែរថា ក្រោយពីកម្ពុជា បានផ្តួលរំលំរបបខ្មែរក្រហម រុស្ស៊ី បានបង្កើនកិច្ចសហការឡើងដល់កម្រិតខ្ពស់បំផុតនៅទស្សវត្សទី៨០ ដោយបានផ្តល់ជំនួយ ដល់ប្រជាជនកម្ពុជា ជាមិត្តនៅពេលជួបទុក្ខដ៏ធ្ងន់ធ្ងរក្រោយពីរបបប៉ុលពត។
លោក បន្តថា អ្នកជំនាញការរុស្ស៊ី និងសហសេវិកកម្ពុជា បានខិតខំកសាងសងឡើងវិញ អ្វីៗទាំងអស់ ដែលត្រូវបានបំផ្លាញអស់រលីង ឬមួយក៏បានទ្រុឌទ្រោមខ្ទេចខ្ទីអស់ ដូចជាការស្តារឡើងវិញមន្ទីរពេទ្យ សាលា វិទ្យាស្ថានកសិកម្ម ផ្លូវថ្នល់ ស្ពាន កំពង់ផែកំពង់សោម និងកសាងឡើងវិញនូវបណ្តាញផ្គត់ផ្គង់ថាមពលអគ្គិសនីដល់ភ្នំពេញ កំពង់សោម បាត់ដំបង កសាងស្ថានីយ៍ទូរស័ព្ទ ប្រព័ន្ធធារាស្រ្តជាដើម៕