(ភ្នំពេញ)៖ លទ្ធផលការងារត្រីមាសទី១ ឆ្នាំ២០២២ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ បានធ្វើការបណ្តុះបណ្តាលអ្នកជំនាញ និងគ្រូបង្គោលសរុបចំនួន៤៥០រូប (ស្រី ២៧៩រូប) ក្រោមការគាំទ្ររបស់អង្គការ SwissContact និងអង្គការអន្តរជាតិខាងការងារ (ILO) លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ការិយាល័យជួរមុខ គេហកិច្ច និងសហគមន៍ទេសចរណ៍/អេកូ-ទេសចរណ៍ នៅខេត្តព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តសៀមរាប។

ទាំងនេះជារបាយការណ៍ដែលបង្ហាញឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងទិសដៅត្រីមាសទី២ ឆ្នាំ២០២២ របស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា ដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់លោក Christain Volker Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) លោក លោកស្រីសមាជិកគណៈកម្មការ គ.គ.ហ. តំណាងសមាគមឧស្សាហកម្មទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តភូមិភាគឦសាន្ត និងខេត្តជុំវិញបឹងទន្លេសាប សរុបចំនួន៥០រូប។

លោករដ្ឋលេខាធិការបានលើកឡើងថា កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងទិសដៅអនុវត្តបន្តត្រីមាសទី ២ ឆ្នាំ២០២២ របស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នឹងបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលការងារសំខាន់ៗរបស់លេខាធិការដ្ឋាន និងមន្ទីរទេសចរណ៍ខេត្តបានអនុវត្តកន្លងមក នៅតាមខេត្តគោលដៅគម្រោង រួមមានខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី និងមណ្ឌលគិរី ព្រមទាំងបញ្ហាប្រឈមនានាក្នុងការបណ្តុះបណ្តាល ហូកា ព្រមទាំងដាក់ទិសដៅការងារបន្តរបស់មន្ទីរទេសចរណ៍នៃខេត្តគោលដៅគម្រោង សម្រាប់អនុវត្តការងារនៅត្រីមាសទី ២ឆ្នាំ២០២២ ខាងមុខនេះ។

លោក ប៉ាក់ សុខុម បានបន្តថា ក្រៅពីនេះ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នឹងយកវេទិការនេះផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចដល់សមាគមឧស្សាហកម្មទេសចរណ៍ ដែលនៅទីមានក៏មានវត្តមានតំណាងសមាគមសណ្ឋាគារ និងភោជនីយដ្ឋាន ដែលកំពុងពិនិត្យលទ្ធភាពចាប់យកកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ទៅក្នុងផែនការរបស់ខ្លួន ជាពិសេសមន្ទីរទេសចរណ៍ខេត្តតំបន់សៀមរាប និងតំបន់ជុំវិញ ដែលជាគោលដៅថ្មីនៃកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា នឹងចាប់យកនាពេលខាងមុខ។

លោក Christain Volder Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញ បានអបអរសារទរចំពោះលទ្ធផលដែលគណៈកម្មការគ្រប់គ្រងគម្រោង ហូកា និងមន្ទីរទេសចរណ៍ខេត្តគោលដៅគម្រោងដែលបានសហការ និងខិតខំអនុវត្តផែនការសកម្មភាពបានយ៉ាងល្អប្រសើរដែលសម្រេចបានលទ្ធផលគួរឲ្យមោទនៈ។

លោកបានបញ្ជាក់ថាតាមរយៈកិច្ចសហការដ៏ល្អនេះ អង្គការស្វីស ខន់ថាក់ កំពុងពិនិត្យលទ្ធភាពពង្រីកការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ទៅខេត្តបាត់ដំបង ប៉ៃលិក ពោធិ៍សាត់ បន្ទាយមានជ័យ និងឧត្តរមានជ័យ ដែលជាគោលដៅអាទិភាព និងមានសក្តានុពលវិស័យទេសចរណ៍។

លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានរាយការណ៍ពីលទ្ធផលនៃការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ប្រចាំត្រីមាសទី១ ឆ្នាំ២០២២ ដោយក្នុងនោះគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានបណ្តុះបណ្តាលអ្នកជំនាញ និងគ្រូបង្គោលសរុបចំនួន៤៥០រូប (ស្រី ២៧៩រូប) ក្រោមការគាំទ្ររបស់អង្គការ SwissContact និងអង្គការអន្តរជាតិខាងការងារ (ILO) លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ការិយាល័យជួរមុខ គេហកិច្ច និងសហគមន៍ទេសចរណ៍/អេកូទេសចរណ៍ នៅខេត្តព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តសៀមរាប។

កិច្ចប្រជុំបានពិភាក្សា និងដាក់ចុះទិសដៅការងារបន្តដើម្បីជំរុញការបណ្តុះបណ្តាបដិសណ្ឋារកិច្ច ហូកា នៅតាមខេត្តគោលដៅគម្រោង ដោយយកចិត្តទុកដាក់លើការបណ្តុះបណ្តាលវគ្គពេញម៉ោង ការបណ្តុះបណ្តាលបន្តនៅតាមមូលដ្ឋានអាជីវកម្ម ការផ្សព្វផ្សាយជំនាញវិជ្ជាជីវៈទេសចរណ៍ ការកសាងគុណវុឌ្ឍិជាតិវិជ្ជាជីវៈទេសចរណ៍ រៀបចំអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលឆ្លាស់បដិសណ្ឋារកិច្ច ហូកា (HoKa Work Based Learning) ការរៀបចំកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា តាមប្រព័ន្ធអនឡាញ (HoKa E-Learning) និងការពង្រីកវិសាលភាពបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា នៅខេត្តជុំវិញបឹងទន្លេសាប៕